២ ​ខែ ​បន្ទាប់​ពី​អាមេរិក​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ការ​វិល​មក​កាន់​អំណាច​វិញ​របស់​ក្រុម​តាលីបង់​ ប្រទេស​រុស្ស៊ី​ ​បាន​ចាប់​ផ្ដើម​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​កណ្ដាល​។

ប៉ុន្តែ​ការ​ពង្រឹង​របស់​ក្រុង​ម៉ូ​ស្គូ​នៅ​ក្នុង​តំបន់​នេះ​ ក៏​បាន​ប៉ះពាល់​ដល់​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​ផង​ដែរ ​ជា​មហា​អំណាច ​២ ​ផ្សេង​ទៀត​ដែល​មាន​មហិច្ឆតា​រៀង​ៗ​ខ្លួន ដើម្បី​ពង្រីក​ឥទ្ធិពល​កាន់​ខ្លាំង​នៅ​តំបន់​អាស៊ី​កណ្ដាល​។

ខណៈ​ពេល​ដែល​រុស្ស៊ី​ ​ព្យាយាម​រារាំង​កិច្ច​ខិតខំ​របស់​រដ្ឋបាល​លោក​ ចូ បៃដិន​ ដើម្បី​បង្កើត​វត្តមាន​យោធា​អាមេរិក​នៅ​តំបន់​នេះ ពួកគេ​បាន​ទទួល​យក​ចិន​ជា​ដៃគូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។

កាល​ពី​ថ្ងៃ​ទី ១៨ តុលា​ អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព​ (CSTO) ដែល​ជា​សម្ព័ន្ធ​ភាព​សន្តិសុខ​ដឹក​នាំ​ដោយ​រុស្ស៊ីរវាង​ប្រទេស​ជា​អតីត​រដ្ឋ​របស់​សហភាព​សូវៀត​មួយ​ចំនួន​ បាន​ធ្វើ​សមយុទ្ធ​នៅ​ជិត​តំបន់​ព្រំដែន​តាហ្ស៊ីគីស្ថាន​ និង​អាហ្វហ្គានីស្ថាន​។ សមយុទ្ធ​រយៈ​ពេល​ ៦ ថ្ងៃ​នេះ​ មាន​ការ​ចូល​រួម​ពី​ទាហាន​ជាង​ ៤ ០០០ នាក់​ និង​កាំភ្លើង​ធំ​ជាង​ ១០០ គ្រឿង​ ដែល​ជា​សមយុទ្ធ​ធំ​បំផុត​របស់​សម្ព័ន្ធ​ភាព​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អគ្គបញ្ជាការដ្ឋាន​ភូមិភាគ​កណ្ដាល​របស់​រុស្ស៊ី​បាន​និយាយ​ថា​ សមយុទ្ធ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ហ្វឹកហាត់​ត្រៀម​សម្រាប់​សេណារីយោមួយ​ដែល​សមាជិក​នៃ «ក្រុម​ភេរវកម្ម​អន្តរជាតិ​» ដែល​មិន​បញ្ចេញ​ឈ្មោះ ប៉ុនប៉ង​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​តាហ្ស៊ីគីស្ថាន​ និង​អាហ្វហ្គានីស្ថាន​។

សូម្បី​តែ​៣ទសវត្សរ៍​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត ទីក្រុង​ម៉ូ​ស្គូ​ គឺ​នៅ​តែ​ជា​អ្នក​ផ្ដល់​សេវា​សន្តិសុខ​ចម្បង​សម្រាប់​អាស៊ី​កណ្ដាល​។ ទាហាន​រុស្សី​រាប់​ពាន់​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​អតីត​សាធារណរដ្ឋ​សូវៀត​អាស៊ី​កណ្ដាល​ចំនួន​ ៣ ក្នុង​ចំណោម​ ៥ គឺ​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តាជីគីស្ថាន​។ ប្រទេស​ទាំង​ ៣ នេះ​ ជា​សមាជិក​នៃ​ CSTO​។ ស្រប​ពេល​ជា​មួយ​គ្នា​ រុស្ស៊ី ​គឺ​ជា​អ្នក​នាំ​ចេញ​អាវុធ​ធំ​ជាង​គេ​ទៅ​តំបន់​អាស៊ី​កណ្ដាល​ ដោយ​ស្មើ​ នឹង​ជាង​ពាក់​កណ្តាល​នៃ​ការ​ផ្ទេរ​សព្វាវុធ​ក្នុង​តំបន់​នេះ​រវាង​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៩​។

ការ​វិល​ត្រឡប់​របស់​ពួក​តាលីបង់​បង្ក​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​តួនាទី​របស់​រុស្ស៊ី​ក្នុង​តំបន់។ ក្នុង​អំឡុង​ពេល​កាន់​អំណាច​ជា​លើក​ដំបូង​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០១ តាលីបង់​ បាន​ផ្ដល់​ជម្រក​ និង​ការ​បណ្ដុះ​បណ្ដាល​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​នៅ​អាស៊ី​កណ្ដាល ដែល​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​តំបន់​នេះ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ក្រុម​តាលីបង់​បាន​ព្យាយាម​ធ្វើ​ការ​ធានា​ទៅ​កាន់​ប្រទេស​ជិត​ខាង​ និង​រុស្ស៊ី​ ដោយ​ប្ដេជ្ញា​ថា​នៅ​ពេល​ចូល​កាន់​អំណាច​វិញ​ ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ប្រើប្រាស់​ទឹកដី​អាហ្វហ្គានីស្ថាន​ ដើម្បី​រៀប​ចំ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ទៀត​ឡើយ​។

អ្នក​វិភាគ​មួយ​ចំនួន​ បាន​និយាយ​ថា​ការ​សន្យា​ដោយ​ពាក្យ​សម្តី គឺ​ស្រួល​ជាង​ការ​អនុវត្ត​ជាក់​ស្ដែង​។ ថ្វី​បើ​តាលីបង់​ខ្លួន​ឯង​មិន​ទំនង​ជា​បើក​ការ​លុក​លុយ​ឆ្លង​កាត់​ព្រំដែន​ភាគ​ខាង​ជើង​ក៏​ដោយ​ ក៏​ក្រុម​ឧទ្ទាម​អាស៊ី​កណ្ដាល​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​ខ្លួន​ មាន​បំណង​ចង់​ប្រយុទ្ធ​ច្រើន​ជាង ហើយ​គ្មាន​ការ​ធានា​ថា​តាលីបង់​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​រារាំង​ក្រុម​ទាំង​នេះ​ឡើយ។

បន្ថែម​ពី​លើ​នេះ ​រុស្ស៊ី​​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា ​ក្រុម​ភេរវកម្ម​ ISIS-K នឹង​ព្យាយាម​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ដោយ​បន្លំ​ខ្លួន​ជា​ជន​ភៀស​ខ្លួន​ ដើម្បី​ជ្រៀត​ជ្រែក​ចូល​អាស៊ី​កណ្ដាល​ ក្នុង​បំណង​ចាប់​ផ្ដើម​សង្គ្រាម​សាសនា​។

ជា​ហេតុ​ការ​ពង្រឹង​សន្តិសុខ​នៅ​អាស៊ី​កណ្ដាល​បាន​ក្លាយ​អាទិភាព​ចម្បង​មួយ​របស់​រុស្ស៊ី​។ CSTO បាន​យល់​ព្រម​បង្កើត​កញ្ចប់​ថវិកា​រួម​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ទាក់ទង​នឹង​វិស័យ​យោធា​ ហើយ​បង្កើត​អង្គភាព​រួម​ដូចជា​កងកម្លាំង​នគរបាល​យោធា ក្រុម​ស៊ើប​អង្កេត​យោធា និង​ការិយាល័យ​រដ្ឋ​អាជ្ញា និង​តុលាការ​យោធា​។

យ៉ាង​ណា​មិញ​មុន​ការ​ចាក​ចេញ​របស់​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​ លោក ​បៃដិន​ បាន​ព្យាយាម​បង្កើត​វត្តមាន​របស់​យោធា​អាមេរិក​ នៅ​តំបន់​អាស៊ី​កណ្ដាល​ ដើម្បី​បន្ត​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។ ប៉ុន្តែ​ប្រទេស​រុស្ស៊ី​ បាន​ប្រឆាំង​ដាច​ខាត​នឹង​ផែន​ការនេះ​។

បើ​និយាយ​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​លើ​អាហ្វហ្គានីស្ថាន​វិញ​ រុស្ស៊ី​មាន​ភាព​ទទួល​យក​ច្រើន​ជាង​ឆ្ងាយ​។ នៅ​ដើម​ខែ​សីហា ខណៈ​ពេល​ដែល​ក្រុម​តាលីបង់ ​បាន​ឡោមព័ទ្ធ​ទីក្រុង​កាប៊ុល​យ៉ាង​ឆាប់​រហ័ស ទាហាន​រុស្ស៊ី និង​ចិន​ជាង​ ១០ ០០០ នាក់ ​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​តំបន់​ស្វយ័ត​នីងសៀ ហ៊ឺ​របស់​ចិន​។ កាល​ពី​ខែ​មុន​ប្រទេស​ទាំង ២ ​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ម្ដង​ទៀត​នៅ​តំបន់​ព្រំដែន​រុស្ស៊ី​ និង​កាហ្សាក់ស្ថាន​។

ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ប៉េកាំង​ក៏​បាន​ស្វះស្វែង​សម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​ការ​ទូត​របស់​ពួកគេ​លើ​អាហ្វហ្គានីស្ថាន​ផង​ដែរ​។ នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា CSTO និង​អង្គការ​សហប្រតិបត្តិការស៊ាងហៃ​ដឹកនាំ​ដោយ​ចិន បាន​រៀប​ចំ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ឌូសានបេ​ ប្រទេស​តាហ្ស៊ីគីស្ថាន​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​ បើ​ទោះ​បី​ជា​រុស្ស៊ី​ និង​ចិន ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រជែង​ខាង​សេដ្ឋកិច្ច​នៅ​អាស៊ី​កណ្ដាល​ក៏​ដោយ ក៏​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន​ បាន​បង្ខំ​ឱ្យ​ប្រទេស​ទាំង​២ ដាក់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​មួយ​ឡែក ហើយ​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​រួម។ ពួកគេ​និយាយ​ថា​មាន​តែ​នៅ​តំបន់​អាស៊ី​កណ្ដាល​ទេ​ដែល​រុស្ស៊ី​ និង​ចិន​មាន​លក្ខណៈ​ស្រប​គ្នា​ទាំង​ស្រុង​ក្នុង​ការ​ប្រឆាំង​អាមេរិក​៕