នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃចន្ទនិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងដែលកិច្ចប្រជុំកំពូលអាកាសធាតុ COP26 រយៈពេល ១២ ថ្ងៃ ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Glasgow ចាប់ពីចុងសប្តាហ៍នេះ អាចនឹងដំណើរការទៅមិនសូវស្រួល។
ប៉ុន្តែមេដឹកនាំចក្រភពអង់គ្លេសរូបនេះ ប្រាប់សន្និសីទកាសែតពិសេសថា លោកនៅតែសង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចត្រូវបានធ្វើដើម្បីកាត់បន្ថយការបំភាយកាបូន និងកំណត់ការកើនឡើងសីតុណ្ហភាពនាពេលអនាគត។
លោកនិយាយថា៖ «ខ្ញុំបារម្ភខ្លាំងណាស់ ព្រោះវាអាចនឹងមិនស្រួល ហើយយើងប្រហែលជាមិនទទួលបានកិច្ចព្រមព្រៀងដែលយើងត្រូវការ។ វានៅឆ្ងាយណាស់ពីវឌ្ឍនភាពដែលយើងត្រូវការ»។ លោកបន្តថា៖ «វាពិបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំគិតថា វាអាចធ្វើបាន»។
កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាសន្និសីទអាកាសធាតុដ៏ធំបំផុតចាប់តាំងពីកិច្ចប្រជុំកំពូលប៉ារីសឆ្នាំ ២០១៥ ហើយត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការកំណត់គោលដៅនៃការបំភាយឧស្ម័នជុំវិញពិភពលោក ដើម្បីបន្ថយការឡើងកំដៅផែនដី ក៏ដូចជាការពង្រឹងការប្តេជ្ញាចិត្តសំខាន់ៗផ្សេងទៀតដែរ។
ការថ្លែងថ្មីៗរបស់លោក Johnson ធ្វើឡើងបន្ទាប់ពីមានការលើកឡើងស្រដៀងគ្នាកាលពីចុងសប្តាហ៍មុនដោយលោក Alok Sharma រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចចរចាដែលព្រមានថា ភាពជោគជ័យនៅ COP26 នឹងពិតជាពិបាកសម្រេចបានជាងនៅទីក្រុងប៉ារីស។
លោក Johnson បន្ថែមថា៖ «ពួកគេ[មេដឹកនាំពិភពលោក]ម្នាក់ៗត្រូវយល់ព្រមធ្វើអ្វីមួយដែលពិបាកសម្រាប់ពួកគេថា តើគួរឈប់ប្រើប្រាស់ស្ថានីយថាមពលដើរដោយធ្យូងថ្ម ឬផ្តល់ប្រាក់ខ្លះ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ឬចាប់ផ្តើមប្រើប្រាស់យានយន្តអគ្គិសនី»៕
ហួន ឌីណា