នាយករដ្ឋមន្ត្រី Lee Hsien Loong បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសសិង្ហបុរី ស្វាគមន៍ការធានា របស់សហរដ្ឋអាមេរិក ទាក់ទិននឹងកិច្ចព្រមព្រៀងការពារត្រីភាគីនាពេលថ្មីៗនេះជាមួយអូស្ត្រាលី និងអង់គ្លេស នឹងគាំទ្រដល់ភាពជាកណ្តាលរបស់អាស៊ាន និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកក៏បានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកនូវទឹកប្រាក់ចំនួន ១០២ លានដុល្លារអាមេរិក សម្រាប់គំនិតផ្តួចផ្តើមថ្មី ដើម្បីពង្រីកភាពជាដៃគូជាមួយអាស៊ាន ដោយមូលនិធិនេះ នឹងចូលទៅក្នុងកម្មវិធីសុខភាព អាកាសធាតុ សេដ្ឋកិច្ច និងការអប់រំ។
សេចក្ដីសម្រេចនេះកើតឡើងនៅពេលដែលរដ្ឋបាលលោក Joe Biden បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសសមាជិកអាស៊ាន ដោយអនុប្រធានាធិបតី Kamala Harris ដែលទើបនឹងទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី និងវៀតណាមកាលពីខែសីហា៕