មន្ត្រីសេដ្ឋកិច្ចកំពូលមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសម្របសម្រួលគោលនយោបាយក្នុងអំឡុងពេលកិច្ចពិភាក្សា ខណៈអ្នកសង្កេតការណ៍រតនាគារអាមេរិក និងក្រុមអចលនទ្រព្យចិន និយាយថា វិបត្តិបំណុលអចលនទ្រព្យរបស់ក្រុមហ៊ុន Evergrande អាចនឹងរាប់បញ្ជូលក្នុងរបៀបវារៈ។
ជាសំណើរបស់ភាគីសហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He បានបើកសន្និសីទតាមប្រព័ន្ធអនឡាញជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារ កន្លងទៅ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការអំពាវនាវនេះ កំពុងត្រួសត្រាយផ្លូវសម្រាប់ការចូលរួមបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មដែលកំពុងបន្ត ខណៈដែលកាលបរិច្ឆេទកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ របស់ប្រទេសទាំង ២ ផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ។
សេចក្តីថ្លែងការណ៍របស់ភាគីទាំង ២ ទំនងជាបង្ហាញពីព័ត៌មានលម្អិតជាក់លាក់នៃបញ្ហាដែលបានពិភាក្សា ប៉ុន្តែអ្នកសង្កេតការណ៍ បាននិយាយថា បញ្ហាបំណុលអចលនទ្រព្យ ក៏អាចមាននៅក្នុងបញ្ហា ក្នុងរបៀបវារៈនេះដែរ។
លោក Chen Fengyingអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិចិនសហសម័យ បាននិយាយថា៖«បញ្ហាបំណុលរបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់ដល់ទីផ្សារពិភពលោក ហើយក្រុមហ៊ុនChina Evergrandeក៏ធ្វើឱ្យមានផលប៉ះពាល់ដល់ទីផ្សារភាគហ៊ុនអាមេរិកផងដែរ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនសាងសង់លំនៅឋានដ៏ធំបំផុតរបស់ប្រទេសចិន ដែលកំពុងជំពាក់បំណុលសរុបចំនួន ៣០៥ ពាន់លានដុល្លារ បន្ទាប់ពីការពង្រីកអាជីវកម្មជាច្រើនឆ្នាំ លើសពីអាជីវកម្មអចលនទ្រព្យស្នូលរបស់ខ្លួន។ ការព្រួយបារម្ភអំពីលទ្ធភាពនៃការសងបំណុលដ៏ច្រើនរបស់ខ្លួន កំពុងបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
នៅក្នុងបទសម្ភាសជាមួយ Bloomberg ក្នុងខែនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យប្រទេសចិនធ្វើសកម្មភាព«ប្រកបដោយការទទួលខុសត្រូវ» ក្នុងការដោះស្រាយវិបត្តិ ដើម្បីចៀសវាងភាពចលាចលដែលអាចហួសពីសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ចិន។
លោក Chen បាននិយាយថា ការទិញមូលបត្ររតនាគារអាមេរិក អាចផ្ដល់ផលចំណេញចិន ដោយសារការទិញបែបនេះ «មិនមែនជួយតែអាមេរិកទេ ប៉ុន្តែជួយចិន»។
ទីប្រឹក្សារដ្ឋាភិបាលចិនដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ការទិញមូលបត្របំណុល គឺអាចចរចារបាន ហើយចិនអាចនឹងទិញវាប្រសិនបើភាគីអាមេរិក«អនុវត្តបានល្អ» នៅក្នុងទំនាក់ទំនងរបស់ប្រទេសខ្លួន។
សេចក្តីថ្លែងការណ៍ខ្លីមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយថា ភាគីទាំង ២ បានរៀបចំ «ការផ្លាស់ប្តូរជាក់ស្តែង ស្មោះត្រង់ និងស្ថាបនាលើម៉ាក្រូសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទ្វេភាគី និងពហុភាគី។ សម្ទុះសេដ្ឋកិច្ចឡើងវិញ របស់ភាគីទាំង ២ ស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ហើយវាមានសារៈសំខាន់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលនៃគោលនយោបាយម៉ាក្រូ»។
ភាគីចិនបានសម្តែងការព្រួយបារម្ភអំពីពន្ធគយរបស់សហរដ្ឋអាមេរិក និងការអនុវត្ត ដោយយុត្តិធម៌នៃការវិនិយោគរបស់ចិន ហើយភាគីទាំង២ បានយល់ព្រមរក្សាទំនាក់ទំនង។
សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា៖«ប្រទេសទាំង២ បានពិភាក្សាអំពីការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន ដោយទទួលស្គាល់ថា ការអភិវឌ្ឍនៅ ក្នុងសេដ្ឋកិច្ចទាំង២របស់យើង ផ្ដល់សារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក»។
គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានវិលត្រឡប់មកពិភាក្សាឡើងវិញក្រោយមានកិច្ចពិភាក្សាក្នុងខែនេះរវាងលោកស្រី Liu និងតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai ។
គិតត្រឹមដំណាច់ខែសីហាកន្លងមក ទំនិញនាំចូលពីអាមេរិកមកកាន់ប្រទេសចិន នៅតែធ្លាក់ចុះជាង ៣០ភាគរយទាបជាងការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ ដោយវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ។
ចំណូលពីការជួញដូរជាមួយសហរដ្ឋអាមេរិកកើនឡើងដល់ ៤២ ពាន់លានដុល្លារ ក្នុងខែកញ្ញា កើនពី ៣៧,៧ ពាន់លានដុល្លារក្នុងខែសីហាឆ្នាំនេះ។ ការនាំចូលពីសហរដ្ឋអាមេរិកបានកើនឡើង ចំនួន ១៧ ភាគរយ ពោលគឺកើនបានចំនួន ១៥,៤ ពាន់លានដុល្លារក្នុងខែកញ្ញា ខណៈការនាំចេញ បានកើនឡើង ៣១ ភាគរយ គិតជាទឹកប្រាក់កើនដល់ចំនួន ៥៧,៤ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យ គយរបស់ចិន៕