ព្រឹត្តិការណ៍អគ្គិភ័យក្នុងពន្ធនាគារ Tangerang នៅជាយក្រុងហ្សាការតាដោយបានសម្លាប់មនុស្ស ៤១ នាក់ និងរបួស ៨០ នាក់ បញ្ជាក់ពីបញ្ហាក្តៅគគុកមួយ ដែលកើតមានឡើងនៅក្នុងពន្ធនាគារ រួមមានភាពតូចចង្អៀតនៅក្នុងពន្ធនាគារ ការរត់គេចខ្លួនចេញពីពន្ធនាគារដ៏ច្រើន កុបកម្មតវ៉ាភាពជ្រុលនិយម និងអំពើពុករលួយជាដើម។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល កន្លែងស្នាក់នៅក្នុងពន្ធនាគារផ្ទុកអ្នកទោសជាង ២ ០០០ នាក់ លើសចំនួនផ្លូវការកំណត់ដែលតម្រូវឱ្យមានត្រឹម ៦០០ នាក់ប៉ុណ្ណោះ។ ប្លុក C ដែលជាកន្លែងអគ្គិភ័យឆាបឆេះ បានដាក់អ្នកទោសលើសចំនួនដល់ទៅ ១២២ នាក់ ខណៈចំនួនកំណត់អតិបរមាកំណត់ឱ្យនៅត្រឹម ៤០ នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញការផ្ទុកអ្នកទោសច្រើនហួសកំណត់នេះ មិនមែនជារឿងប្លែកទេ សម្រាប់ពន្ធនាគារ Tangerang នៅប្រទេសឥណ្ឌូនេស៊ី និងនៅអាស៊ីអាគ្នេយ៍ភាគច្រើនទៀត។ លោក Usman Hamid នាយកប្រតិបត្តិនៃអង្គការលើកលែងទោសអន្តរជាតិឥណ្ឌូនេស៊ី បានប្រាប់សារព័ត៌មាន DW ថា៖ «កំណើននៃចំនួនអ្នកទោសនៅក្នុងពន្ធនាគារនេះ កើនឡើងដោយសារការប្រព្រឹត្តករណីឧក្រិដ្ឋកម្មហួសហេតុ។ អត្រានៃការជាប់ឃុំខ្ពស់នេះមិនមែនកើនឡើង ដោយសារកន្លែងឃុំឃាំងមិនមានកំណែលម្អឱ្យបានគ្រប់គ្រាន់ទេ»។
លោក Hamid បានពិពណ៌នាថា៖ «ភាពចង្អៀតណែនបានបណ្តាលឱ្យអ្នកទោសនៅទូទាំងប្រទេសឥណ្ឌូនេស៊ីជួបការលំបាក និងធ្វើឱ្យសុខុមាលភាពរបស់ពួកគេស្ថិតក្នុងហានិភ័យ និងគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ ដោយមនុស្សជាច្រើនត្រូវទទួលរងនូវ «ការប្រព្រឹត្ត ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាប»។
លោកបានបន្តទៀតថា៖ «ពួកគេអាចនឹងខ្វះអាហារូបត្ថម្ភ និងការថែទាំវេជ្ជសាស្ត្រគ្រប់គ្រាន់ហើយកន្លែងរស់នៅក៏មិនមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់ដែរ។ ពួកគេដាក់វេនគ្នាទម្រេតដោយសារ កន្លែងនៅតូចចង្អៀតពេកហើយបើនិយាយពីស្ថានភាពអនាម័យរបស់ពួកគេវិញមានសភាពយ៉ាប់សម្បើមណាស់ អាចនឹងធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាព ឬក៏ស្លាប់ក្នុងពន្ធនាគារផ្ទាល់»។
លោកស្រី Elizabeth Ghozali សាស្ត្រាចារ្យផ្នែកច្បាប់ព្រហ្មទណ្ឌឥណ្ឌូនេស៊ីនៅសាកលវិទ្យាល័យ Santo Thomas Catholic នៅរដ្ឋ Medan បានប្រាប់សារព័ត៌មាន Al Jazeera ថា៖ «បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀតនោះ គឺថាអគារពន្ធនាគាររបស់ឥណ្ឌូនេស៊ីភាគច្រើនចាស់។ នោះមានន័យថា វាគួរតែមានការត្រួតពិនិត្យជាប្រចាំ ប៉ុន្តែក្នុងករណីនេះ គេអាចនិយាយបានថា មន្ត្រីទាំងនោះមានការធ្វេសប្រហែស ពីព្រោះពួកគេមិនបានពិនិត្យលក្ខខណ្ឌនៅក្នុងពន្ធនាគារឱ្យបានច្បាស់លាស់»។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឆ្មាំគុកម្នាក់បាននិយាយថា ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារឥណ្ឌូនេស៊ីបង្កការលំបាកដល់បុគ្គលិកក្នុងការគ្រប់គ្រងទាំងអ្នកទោស និងបរិស្ថានជុំវិញពួកគេ។
ប្រភពដដែលបានបន្តថា៖ «នេះគ្រាន់តែបញ្ហាមួយចំនួនដែលយើងប្រឈមមុខប៉ុណ្ណោះ ក្រៅពីនេះមានបញ្ហាផ្សេងៗ ដូចជាកុបកម្មពន្ធនាគារ កង្វះអនាម័យនៅក្នុងគុក និងការលំបាកក្នុងការជម្លៀសចេញពីពន្ធនាគារក្នុងករណីមានគ្រោះធម្មជាតិ ឬអគ្គិភ័យជាដើម»។
កាលពីឆ្នាំ ២០១៨ មន្ត្រីប៉ូលិសចំនួន ៦ នាក់ ត្រូវបានសម្លាប់បន្ទាប់ពីការប្រឈមមុខដាក់គ្នានៅទីស្នាក់ការកណ្តាលប៉ូលិសចល័តកងពលតូច (Mako Brimob) ក្នុងទីក្រុង Depok ជាយក្រុងហ្សាការតា (Jakarta) ក្រោយពីអ្នកទោសបានចាប់ធ្វើជាចំណាប់ខ្មាំង។ នៅក្នុងឆ្នាំដដែលនេះ អ្នកទោសជាង ១០០ នាក់ បានរត់ចេញពីពន្ធនាគារក្នុងខេត្ត Aceh បន្ទាប់ពីបានយកឈ្នះលើឆ្មាំយាមគុក។
លោកស្រី Claudia Stoicescu អ្នកស្រាវជ្រាវផ្នែកសុខភាពសាធារណៈ និងអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កបានឱ្យដឹងថា សោកនាដកម្មនៅពន្ធនាគារ Tangerang ក៏សឱ្យឃើញនូវបញ្ហាគោលនយោបាយគ្រឿងញៀនរបស់ប្រទេសឥណ្ឌូនេស៊ី និងបញ្ហាឧក្រិដ្ឋកម្មហួសហេតុផងដែរ។
លោកស្រីបាននិយាយថា៖ «ច្បាប់គ្រឿងញៀនឆ្នាំ ២០០៩ របស់ប្រទេសឥណ្ឌូនេស៊ី ចែងអំពីបទល្មើសគ្រឿងញៀនបានដាក់ទណ្ឌកម្មព្រហ្មទណ្ឌសម្រាប់ការលក់ចែកចាយ ការនាំចេញ ការនាំចូល ការចែកចាយ ការដាំដុះ និងការផលិតដែលរួមមានការផាកពិន័យ ការព្យាបាលគ្រឿងញៀនជាកាតព្វកិច្ច ការជាប់ឃុំឃាំង និងក្នុងករណីជួញដូរគ្រឿងញៀនទោសប្រហារជីវិត»។
លោកស្រីបានបន្តថា៖ «ច្បាប់នេះក៏ផ្តល់នូវយន្តការសម្រាប់បង្វែរអ្នកដែលប្រើប្រាស់គ្រឿងញៀនចេញពីពន្ធនាគារ និងឆ្ពោះទៅរកការព្យាបាលដោយពឹងផ្អែកលើគ្រឿងញៀន ប៉ុន្តែការអនុវត្តរបស់វាគឺមិនស៊ីចង្វាក់គ្នា និងញាំញីដោយអំពើពុករលួយ»។
ជាលទ្ធផលជនអហិង្សាកម្រិតទាបជាច្រើនដែលប្រើប្រាស់គ្រឿងញៀន ឬពឹងផ្អែកលើគ្រឿងញៀន ត្រូវបានបញ្ជូនទៅពន្ធនាគារជាជាងការទទួលបានសេវាគាំទ្រសុខភាព និងសង្គមនៅក្នុងសហគមន៍ ហើយនេះគឺជាអ្វី ដែលពន្ធនាគារនៅឥណ្ឌូនេស៊ីខ្វះចន្លោះ និងបង្កឱ្យចំនួនអ្នកទោសនៅក្នុងពន្ធនាគារកើនឡើងណែនតាន់តាប់។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកទោសជាងពាក់កណ្ដាលក្នុងប្រទេសឥណ្ឌូនេស៊ី សរុបគឺសុទ្ធតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោកស្រីបានបន្ថែមថា៖ ការកាត់ទោសលើអ្នកប្រើប្រាស់ និងការកាន់កាប់គ្រឿងញៀនដូចដែលបានណែនាំ ដោយប្រព័ន្ធអង្គការសហប្រជាជាតិ នឹងមានផលប៉ះពាល់ខ្លាំងបំផុតលើការកាត់បន្ថយការជាប់ឃុំឃាំងនៃជនល្មើសគ្រឿងញៀនកម្រិតទាប ដែលនឹងកាត់បន្ថយភាពចង្អៀតណែនដោយចៀសមិនរួច»៕