មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង គឺជាតំបន់ក្តៅបំផុត និងស្ងួតបំផុតនៅលើភពផែនដី ប៉ុន្តែការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យតំបន់មួយចំនួននៅក្នុងតំបន់ទាំង ២ ខាងលើពិបាកក្នុងការរស់នៅបានក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ខណៈសីតុណ្ហភាពអាចឡើងដល់ ៦០ អង្សាសេ ឬខ្ពស់ជាងនេះ។
ផលប៉ះពាល់នៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង (MENA) នឹងបង្កឱ្យមានវិបត្តិដូចជាការខ្វះខាតទឹករ៉ាំរ៉ៃ អសមត្ថភាពក្នុងការដាំដុះស្បៀងអាហារ ដោយសារតែអាកាសធាតុក្ដៅខ្លាំង និងគ្រោះរាំងស្ងួត អាចបង្កឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាជន និងបញ្ហាសុខភាពជាដើម។
នៅឆ្នាំ ២១០០ ខាងមុខ ប្រជាជនប្រហែល ៦០០ លាននាក់ ឬ ៥០ ភាគរយនៃចំនួនប្រជាជនក្នុងតំបន់នេះ អាចប្រឈមនឹងព្រឹត្តិការណ៍អាកាសធាតុ «ខ្លាំងបំផុត»។ នេះបើយោងតាមការព្យាករកម្រិតឧស្ម័នផ្ទះកញ្ចក់នាពេលបច្ចុប្បន្ននេះ។ ការសិក្សាថ្មីមួយនៅក្នុងទស្សនាវដ្តី Nature បានរាយការណ៍យ៉ាងដូច្នេះ។
ប្រភពដដែលបាននិយាយថា៖ «យើងរំពឹងថា សីតុណ្ហភាពអតិបរមាអំឡុងពេល រលកកម្ដៅនៅកណ្តាលទីក្រុង និងទីក្រុងមួយចំនួននៅក្នុងតំបន់ទាំង២ខាងលើ អាចឡើងដល់ ឬលើសពី ៦០ អង្សារសេ ដែលអាចនឹងរំខានយ៉ាងខ្លាំងដល់ប្រជាជន»។
លោក George Zittis អ្នកដឹកនាំការស្រាវជ្រាវស្ដីអំពីការប្រែប្រួលអាកាសធាតុ បានប្រាប់សារព៍ត៌មាន Al Jazeera ថាសំណើមខ្ពស់ ដែលកើតមកពីការកើនឡើងនៃរំហួតសមុទ្រជុំវិញនឹងបង្កើនគ្រោះថ្នាក់នេះកាន់តែខ្លាំង។
លោក Zittis បាននិយាយថា៖ «ភាពតានតឹងក្នុងរដូវក្តៅនឹងឈានដល់ ឬលើសពីកម្រិតនៃការរស់រាន មានជីវិតរបស់មនុស្សយ៉ាងហោចណាស់នៅក្នុងផ្នែកខ្លះនៃតំបន់និងសម្រាប់ខែក្តៅបំផុត»។
មជ្ឈមណ្ឌលទីក្រុងសំខាន់ៗនៅជុំវិញឈូងសមុទ្រអារ៉ាប់និងសមុទ្រក្រហម ដូចជាឌូបៃ អាប៊ូដាប៊ី ដូហា ដាហារ៉ាន និង បានដា អាប់បាស់ ទាំងអស់ ត្រូវទទួលរងនូវសីតុណ្ហភាពក្ដៅធ្ងន់ធ្ងរនៅលើមូលដ្ឋានញឹកញាប់ជាងគេ។
យោងតាមធនាគារពិភពលោក៖ «ទីក្រុងទាំងនេះ នឹងមើលឃើញការកើនឡើងនៃឥទ្ធិពលកម្តៅ ហើយទីក្រុងភាគច្រើននៅមជ្ឈិមបូព៌ាអាចប្រឈមមុខនឹងថ្ងៃក្តៅខ្លាំងបំផុតក្នុងរយៈពេល ៤ ខែជារៀងរាល់ឆ្នាំ»។
ប្រហែល ៧០ ភាគរយនៃបណ្តាប្រទេសដែលមានសម្ពាធទឹកច្រើនជាងគេនៅលើពិភពលោក គឺនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនេះ។ នៅពេលដែលអាកាសធាតុកាន់តែក្តៅខ្លាំង វិបត្តិសង្គម និងសេដ្ឋកិច្ច នឹងកាន់តែកើនឡើងខ្លាំង។
មនុស្សជាង ១២ លាននាក់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់កំពុងបាត់បង់លទ្ធភាពប្រើប្រាស់ទឹក អាហារ និងអគ្គិសនី ដោយសារតែការកើនឡើងនៃសីតុណ្ហភាព កម្រិតទឹកភ្លៀងទាប និងគ្រោះរាំងស្ងួត ដែលកំពុងធ្វើឱ្យប្រជាជននៅទូទាំងតំបន់គ្មានទឹកផឹក និងទឹកសម្រាប់ប្រើប្រាស់ក្នុងកសិកម្ម។
បច្ចុប្បន្ន ប្រទេសស៊ីរីកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៧០ ឆ្នាំ។ ក្រុមជំនួយ បានពណ៌នាស្ថានភាពថា ជា «មហន្តរាយដែលមិនធ្លាប់មានពីមុនមក»។
លោក Paola Mercogliano នាយកមូលនិធិ CMCC បាននិយាយថា៖ «ការកើនឡើងសក្តានុពលនៃរលកកម្តៅនៅក្នុងបរិយាកាសតំបន់ទាំង ២ បានកើនឡើងយ៉ាងក្ដៅគគុក និងស្ងួតហួតហែង ហើយក៏ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ទៅលើសុខភាពមនុស្ស កសិកម្ម ទំនាក់ទំនងទឹក និងថាមពល និងវិស័យសេដ្ឋកិច្ចសង្គមជាច្រើនទៀត»។
លោកបានបន្តថា៖ «ផលប៉ះពាល់ផ្នែកធារាសាស្ត្រក៏កើតមានឡើងដែរ។ បញ្ហាកង្វះទឹកនេះ ត្រូវបានគេចោទថា កើតមកពីការបញ្ឆេះជម្លោះក្នុងតំបន់ ហើយអ្នកស្រាវជ្រាវមួយចំនួនភ័យខ្លាចថា ការប្រយុទ្ធគ្នាលើធនធាន ដែលខ្វះខាតស្រាប់ នឹងកាន់តែធ្វើឱ្យវិបត្តិនេះអាក្រក់ឡើងនៅទូទាំងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅពេលដែលពិភពលោកកាន់តែក្តៅ»។
លោក Mercogliano បានប្រាប់សារពត៌មានអាល់ហ្សាចារ៉ាថា៖ «ផលប៉ះពាល់សង្គមអាចមានទំហំធំជាងនេះទៅទៀត ដោយចំនួនប្រជាជននៃតំបន់ទាំង ២ ខាងលើ នឹងត្រូវទទួលរងផលប៉ះពាល់ខ្ពស់បំផុតនៅឆ្នាំ ២០៦៥។ ដូច្នេះហើយ ការគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ដែលមានសីតុណ្ហភាពកើនឡើង គឺធ្ងន់ធ្ងរខ្លាំងណាស់»។
ទាក់ទិននឹង បញ្ហាកង្វះទឹកក៏នឹងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុមួយដែរ ដោយគេបានប៉ាន់ប្រមាណថា តំបន់ទាំង ២ នឹងរងផលប៉ះពាល់ច្រើនជាងគេ ដោយរដ្ឋាភិបាលអាចខាតបង់ពី ៧ ទៅ ១៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេនៅឆ្នាំ ២០៥០៕