កាល​ពី​ថ្ងៃ​ពុធ​ ទី ​១០ វិច្ឆិកា ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​លោក ​អូលីវីយេ វីរ៉ាន់​ បាន​និយាយ​ថា​ ប្រទេស​បារាំង ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ចាប់​ផ្ដើម​នៃ​រលក​ទី​៥ នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩​។

លោក ​វីរ៉ាន់ ​បាន​ប្រាប់​ទូរទស្សន៍​ TF1 ថា​៖ «ប្រទេស​ជិត​ខាង​ជា​ច្រើន ​គឺ​កំពុង​ស្ថិត​ក្នុង​រលក​ទី​៥ នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ហើយ​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​បារាំង​មើល​ទៅ​ហាក់​ដូចជា​ការ​ចាប់​ផ្ដើម​នៃ​រលក​ទី​៥​»។ លោក​បាន​កត់​សម្គាល់​ថា ​ការ​រីក​រាល ​បាន​ចាប់​ផ្ដើម​បង្កើន​សម្ទុះ​។

កាល​ពី​ថ្ងៃ​ពុធ ​ក្រសួង​សុខាភិបាល​បារាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​ ១១ ៨៨៣ ករណី​ ​ជា​ថ្ងៃ​ទី​ ២ ជាប់​គ្នា ​ដែល​មាន​ករណី​ប្រចាំ​ថ្ងៃ​លើស​ពី​ ១០ ០០០ ករណី​ ក្នុង ​១ ​ថ្ងៃ​។ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​តុលា អត្រា​ការ​កើន​ឡើង​ករណី​ឆ្លង​ថ្មី​ បាន​ឈាន​ដល់​ភាគរយ​ ២ ​ខ្ទង់​។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ទ្វីប​អឺរ៉ុប​បាន​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩​ ដែល​ជា​ស្ថានភាព​ដដែល​ដូច​កាល​ពី​ឆ្នាំ​មុន​។ កាល​ពី​ចុង​ខែ​តុលា ​ទ្វីប​អឺរ៉ុប​មាន មាន​ករណី​ជំងឺ​កូវីដ ១៩ ​ជាង​ ១,៨​ លាន​ករណី​ ស្មើ​នឹង ​៥៩ ភាគរយ​ នៃ​ករណី​សរុប​របស់​ពិភពលោក​ ហើយ​មាន​ការ​ស្លាប់​ប្រមាណ​ ២៤ ០០០​ ដែល​ជិត​ពាក់​កណ្ដាល​នៃ​ចំនួន​សរុប​របស់​ពិភពលោក​៕

វីដេអូ៖