រលក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ទី​ ៤ ដ៏កាចសាហាវ បានបង្ហាញ​ខ្លួន​ជា​បញ្ហា​ដ៏ធំ​សម្រាប់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ភ្ញាក់ផ្អើល​ចំពោះ​ការកើនឡើង​នៃ​ចំនួន​ករណី​ឆ្លង ហើយ​ត្រូវបាន​បង្ខំ​ឱ្យ​រៀបចំ​វិធានការ​ឆ្លើយតប​មុន​ពេល​ដែល​ពួកគេ​ត្រូវ​ចូលកាន់​អំណាច​។

កាលពី​ថ្ងៃ​អង្គារ ទី​ ១៦ វិច្ឆិកា​អត្រា​ឆ្លង​ប្រចាំ​សប្ដាហ៍​របស់​អាល្លឺម៉ង់​បាន​កើន​ដល់​កម្រិត​ខ្ពស់បំផុត បន្ទាប់ពី​ឈានដល់ ៣០០ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០ ​នាក់ ដែល​បង្កដោយ​អត្រា​ចាក់​វ៉ាក់សាំង​ដ៏យឺតយ៉ាវ​។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​អាល្លឺម៉ង់​បាន​ឆ្លងកាត់​កម្រិត​នេះ​។

រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​គណបក្ស​ប្រជាធិបតេយ្យ​គ្រិស្ត និង​អភិបាល​នៃ​រដ្ឋ​ទាំង​ ១៦ ​របស់​អាល្លឺម៉ង់​បានគ្រោង​ធ្វើ​កិច្ចប្រជុំ​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ ដើម្បី​ជួយ​សម្របសម្រួល​ដល់​ការឆ្លើយតប​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ភាពខ្វះ​ចន្លោះ ដែល​បង្កើតឡើង​ក្នុង​រយៈពេល​អន្តរកាល​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​បានធ្វើ​ឱ្យមាន​ភាពច្របូកច្របល់​យ៉ាងខ្លាំង​។

គណបក្ស​ប្រជាធិបតេយ្យ​សង្គម គណបក្ស​ប្រជាធិបតេយ្យ​សេរី និង​គណបក្ស​បៃតង ដែល​បានឈ្នះ​ការបោះឆ្នោត​ហើយ​កំពុង​រៀបចំ​សម្ព័ន្ធភាព​កាន់អំណាច គឺ​នៅ​មិនទាន់​អនុម័ត​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​របស់​ពួកគេ​នៅឡើយ ប៉ុន្តែ​ពួកគេ​បាន​ប្រកាស​ថា​ពួកគេ​នឹង​តម្រូវឱ្យ​ប្រជាជន​ទទួល​ការចាក់​វ៉ាក់សាំង ឬ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ដើម្បី​ប្រើប្រាស់​សេវា​ធ្វើដំណើរ​សាធារណៈ ហើយ​គ្រោង​ដាក់​វិធានការ​ធ្វើការ​ពី​គេហដ្ឋាន​ឡើងវិញ​។ គណបក្ស​ទាំង​ ៣ ​គ្រោង​បង្ហាញ​ផែនការ​ប្រឆាំង​កូវីដ​ ១៩ ​របស់​ពួកគេ​ទៅកាន់​សភា​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ​៕