ជំនួប​ពី​ចម្ងាយ​ជាង ​៣ ​ម៉ោង​កន្លះ ​កាលពី​ថ្ងៃ​អង្គារ ទី ​១៦ វិច្ឆិកា រវាង​ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីន​ភីង និង​ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃ​ដិ​ន ត្រូវបាន​បញ្ចប់​ដោយ​ភាគី​ទាំងសងខាង​យល់ស្រប​ថា ពួកគេ​ត្រូវ​បោះជំហាន​ដោយ​ប្រុងប្រយ័ត្ន ខណៈ​ប្រទេស​ទាំង ​២ គឺ​កំពុង​ស្ថិតក្នុង​ការប្រកួត​ប្រជែង​ដែល​កំពុង​តឹងតែង​ទៅៗ​។​

​ដោយ​ប្រឈមមុខ​នឹង​សម្ពាធ ក្នុងស្រុក​រៀងៗ​ខ្លួន ទាំង​លោក ​បៃ​ដិ​ន និង​លោក ​ស៊ី ​ហាក់ដូចជា​បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​បន្ថយ​សី​តុ​​ណ្ហ​ភាព​នៅក្នុង​ទំនាក់ទំនង​អន្តរ​ជាតិ​សំខាន់បំផុត​ក្នុង​ឆាក​ពិភព​លោក ដែលជា​ញឹកញាប់​ប្រឈម​នឹង​ភាពច្របូកច្របល់​។​

​សេចក្ដីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​ភាគី​ទាំង​ ២ ​បន្ទាប់ពី​កិច្ច​ប្រជុំបាន​ពិពណ៌នា​ជំនួប​នេះ​ថា ជាការ​សន្ទនា​ស្មោះត្រង់ហើយ​ក្រុង​ប៉េកាំង​ បាន​បាន​និ​យាយ​ថា វា​មាន​ប្រសិទ្ធភាព​ក្នុងការ​កែលម្អ​ការយល់ដឹង​គ្នា​ទៅវិញទៅមក​។​

​លោក​ បៃ​ដិ​ន បាន​ប្រា​ប់លោក ស៊ី នៅ​ដើម​កិច្ចប្រជុំ​ថា​៖ «​ដូចដែល​ខ្ញុំ​បាន​និយាយ​ពីមុន ខ្ញុំ​មើលឃើញថា ការទទួលខុសត្រូវរ​បស់​យើង​ក្នុងឋានៈ​ជា​មេដឹកនាំ​នៃ​ប្រ​ទេស​ចិន និង​សហរដ្ឋអាមេរិក​ គឺ​ដើម្បី​ធានាថា ការប្រកួតប្រជែង​រវាង​ប្រទេស​របស់​យើង​មិន​ឈានទៅរក​ជម្លោះ បើទោះបីជា​ចេតនា ឬ​អ​ចេតនា​ក៏ដោយ​»​។ លោក​បន្តទៀតថា​៖«​ការប្រកួតប្រជែង សាមញ្ញៗ​»​។​

​រីឯ​លោក ​ស៊ី ​វិញ​បាន​និយាយថា​ ការខ្វែងគំនិត​គ្នា​រវាង​សហ​​រដ្ឋ​អាមេរិក និង​ចិន​ គឺ​មិនអាច​ចៀស​បានទេ ប៉ុន្តែ​ប្រទេស​ទាំង​ ២​ គួរតែ​ចាត់វិធានការ​ដើម្បី​គ្រប់គ្រង និង​ចៀសវាង​បង្កើន​ភាព​ខ្វែង​គំនិត​។ ដើម្បី​សម្រេច​គោលដៅ​នេះ​លោក​និយាយថា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុងការ​ចូលរួម​ក្នុង​កិច្ចពិភាក្សា និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ជាមួយ​សហរដ្ឋអាមេរិក​លើ​បញ្ហា​ជាច្រើន​ដែល​គ្របដណ្ដប់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ថាមពល យោធា ការអប់រំ បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណិ​ត និង​ការការពារ​បរិស្ថាន​។​

«​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​ខាងមុខ អ្វីដែល​សំខាន់បំផុត​នៅក្នុង​ទំនាក់​ទំនង​អន្តរជាតិ​គឺថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ត្រូវតែ​ស្វែង​រក​វិធី​ត្រឹមត្រូវ​ដើម្បី​ចុះសម្រុង​គ្នា​» លោក​ ស៊ី​ និយាយ​បែបនេះហើយ​បន្តទៀតថា​៖ «​អ្វីដែល​អ្នក​ន​យោ​បាយ​បានធ្វើមិន​ថា ​ជា​គុណសម្បត្តិ ឬ​គុណវិបត្តិ នឹងត្រូវ​កត់ត្រា​ដោយ​ប្រវត្តិសាស្ត្រ​»​។​

​ទំនាក់ទំនង​ចិន​អាមេរិក​មិនមាន​ការ​អន់ថយ​នៃ​ភាព​តានតឹង​នោះទេ​។ ចាប់តាំងពី​លោក​ បៃ​ដិ​ន ​ចូលកាន់​អំណាច​នៅ​សេត​វិមាន​ កាលពី​ខែមករា​ដើមឆ្នាំ​នេះ​មក លោក​បាន​រិះគន់​ទីក្រុង​ប៉េកាំង​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ជាច្រើន ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស​លើ​ជនជាតិ​អ៊ុយ​ហ្គ័​រ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ការបង្ក្រាប​ការ​តវ៉ា​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង និង​ការគំរាមកំហែង​កោះ​តៃវ៉ាន់​។ រីឯ​ប្រទេស​ចិន​វិញ​ បាន​រិះគន់​អាមេរិក​យ៉ាងខ្លាំង​ថា កំពុង​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់ខ្លួន​។​

​លោក​ ស៊ី បាន​ព្រមាន​ក្រុង​វ៉ា​ស៊ីន​តោន មិនឱ្យ​កសាង​ទំនាក់​ទំ​នង​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​កោះ​តៃវ៉ាន់​។ លោក​បាន​និយាយថា​៖ «​ប្រសិនបើ​កងកម្លាំង​ផ្ដាច់ខ្លួន​ឯករាជ្យ​របស់​តៃវ៉ាន់​បង្កហេតុ ឬ​សូម្បីតែ​បំបែក​ខ្សែបន្ទាត់​ក្រហម​នោះ​យើង​នឹង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ចាត់វិធានការ​ធ្ងន់ធ្ងរ​នោះទេ​»​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​សេត​​វិមាន​លើកឡើងថា​៖ «​នៅលើ​បញ្ហា​កោះ​តៃវ៉ាន់ លោក​ប្រ​ធានា​​ធិបតី បៃ​ដិ​ន បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​នៅតែ​ប្ដេជ្ញាចិត្ត​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​ដែល​ដឹកនាំ​ដោយ​ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​សេច​​ក្ដី​ថ្លែងការណ៍​រួមទាំង​ ៣ និង​ការ​​ធានា​ចំនួន​ ៦ ហើយ​ថែម​​ទាំង​រៀបរាប់ថា​ សហរដ្ឋអាមេរិក​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ឯកតោភាគី​ក្នុងការ​​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន ឬ​ការ​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​»​។

​ខណៈពេលដែល​ភាព​តាន​តឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​កើនឡើង មេដឹកនាំ​ទាំង​​២ ​ក៏​ស្ថិតនៅក្រោម​ទម្ងន់​នៃ​ការរង​បន្ទុក​នៃ​បញ្ហា​ជាច្រើន​ក្នុងប្រទេស​របស់​ពួកគេ​ដែល​ត្រូវ​ដោះស្រាយ​។​

​លោក ​បៃ​ដិ​ន ដែល​មើលឃើញ​ការគាំទ្រ​ធ្លាក់ចុះ​ក្នុង​ការស្ទង់មតិ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ​ដ៏​រ៉ាំរ៉ៃ ការកើនឡើង​អតិផរណា និង​បញ្ហា​ខ្សែចង្វាក់​​ផ្គត់ផ្គង់ គឺ​កំពុង​សម្លឹង​រក​ចំណុច​លំនឹង​ក្នុង​បញ្ហា​គោលនយោបាយ​ការបរទេស ដែលមាន​ផលវិបាក​បំផុត​សម្រាប់​លោក​។​

​ទន្ទឹមនឹង​នេះដែរ លោក​ ស៊ី គឺ​កំពុង​ប្រឈមមុខ​នឹង​ការ​ងើប​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ ​១៩ វិបត្តិ​កង្វះ​ថាមពល​ដ៏​ខ្លាំង និង​វិបត្តិ​អចលនទ្រព្យ ដែល​កំពុង​លេច​ចេញ​ឡើង​ និង​អាច​បង្ក​រញ្ជួយ​ក្នុង​ទីផ្សារ​ពិភពលោក​៕

វីដេអូ៖