ផលវិបាក​នៃ​ការឡើង​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ទៅលើ​អឺរ៉ុប​អាច​នឹង​កាន់តែ​លំបាក​ជាង​មុន បន្ទាប់​អាជ្ញាធរ​អាល្លឺម៉ង់​បាន​សម្រេច​ចិត្ត​កាលពី​ថ្ងៃ​អង្គារ ទី​ ១៦ វិច្ឆិកា​ថា​នឹង​ផ្អាក​ការអនុញ្ញាត​ឱ្យ​មាន​ការបង្ហូរ​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី តាមរយៈ​បំពង់​ដ៏ចម្រូងចម្រាស Nord Stream 2​។

ការសាងសង់ Nord Stream 2 ត្រូវបាន​បញ្ចប់​កាលពីដើម​ឆ្នាំនេះ ប៉ុន្តែ​នៅ​មិនទាន់​ដំណើរការ​នៅឡើយ​។ បំពង់ ដែល​សាងសង់​ក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន​រុស្ស៊ី​ Gazprom និង​ក្រុមហ៊ុន​អឺរ៉ុប​ធំៗ​មួយចំនួន​នឹង​បញ្ជូន​ឧស្ម័ន​ពី​រុស្ស៊ី ទៅ​អឺរ៉ុប​ដោយផ្ទាល់​តាមរយៈ​បាតសមុទ្រ​បាល់ទិក ហើយ​នឹងមិន​ឆ្លងកាត់​ប្រទេស​ដទៃទៀត​ដូចជា​អ៊ុយក្រែន​ទេ​។

Nord Stream 2 បាន​ទាក់ទាញ​ការប្រឆាំង​ពី​សហរដ្ឋអាមេរិក និង​អ៊ុយក្រែន ហើយ​ប្រទេស​នៅ​សហភាព​អឺរ៉ុប​មួយចំនួន​បានបង្ហាញ​ការព្រួយបារម្ភ​ថា​បំពង់​នេះ​នឹង​ធ្វើឱ្យ​អឺរ៉ុប​កាន់តែ​រំពឹង​លើ​ឧស្ម័ន​របស់​រុស្ស៊ី​។ ប្រទេស​អ៊ុយក្រែន​ក៏​ប្រឈម​នឹង​ការបាត់បង់​ថ្លៃ​សេវា​ឆ្លងកាត់​រាប់ពាន់​លាន​ដុល្លារ នៅពេល​ដែល​បំពង់​នេះ​ដំណើរការ​។

អាជ្ញាធរ​អាល្លឺម៉ង់​បាន​និយាយថា​ការផ្អាក​នេះ​គឺ​ដោយសារ​ក្រុមហ៊ុន​ដែល​តំណាងឱ្យ​ក្រុម​វិនិយោគិន​នៃ​គម្រោង Nord Stream គឺ​ត្រូវបាន​ចុះបញ្ជី​នៅ​ប្រទេស​ស្វ៊ីស ហើយ​ការអនុញ្ញាត​ឱ្យ​ដំណើរការ​អាច​ធ្វើ​បាន លុះត្រាតែ​ពួកគេ​ធ្វើ​ចុះបញ្ជី​សាជាថ្មី​ក្រោម​ច្បាប់​របស់​ប្រទេស​អាល្លឺម៉ង់​។

ភាពតានតឹង​ភូមិសាស្ត្រ​នយោបាយ​ជុំវិញ Nord Stream 2 កើតឡើង​ខណៈពេល​ដែល​តម្លៃ​ឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប​បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​តម្រូវ​ការកើនឡើង​នៅ​រដូវរងា ភាពមិន​ច្បាស់លាស់​ថា នៅពេលណា​ដែល​រុស្ស៊ី​នឹង​ផ្គត់ផ្គង់​បន្ថែមទៀត និង​កង្វះ​ថាមពល​នៅ​ជុំវិញ​ពិភពលោក​៕