កាលពី​ថ្ងៃ​ចន្ទ ទី​ ១៥ វិច្ឆិកា​ អគ្គលេខាធិការ​អង្គការ​ណាតូ​លោក​លោក​ ជេន ស្តូលធេនប៊ឺក បាន​និយាយថា​ក្នុង​រយៈ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ការប្រមូលផ្ដុំ​ទាហាន​រុស្ស៊ី​ «​ដ៏ធំ និង​មិនធម្មតា​» ត្រូវបាន​គេ​ប្រទះឃើញ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន ហើយ​លោក​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​បង្កើន​តម្លាភាព​ជុំវិញ​ការដាក់​ពង្រាយ​នេះ និង​កុំ​ឱ្យធ្វើ «​សកម្មភាព​អរិភាព​» ប្រឆាំង​អ៊ុយក្រែន​។

ថ្លែង​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​នៅ​ទីក្រុង​ប្រ៊ុចសែល លោក ស្តូលធេនប៊ឺក​និយាយថា​អ្វីដែល​សំខាន់​គឺ​បញ្ឈប់​ភាពតានតឹង​មិនឱ្យ​រំកិល​ចេញពី​ការគ្រប់គ្រង​។ ​លោក​និយាយថា​៖ «​យើង​ឃើញ​ការប្រមូលផ្ដុំ​កងទ័ព​មិនធម្មតា ហើយ​យើង​ដឹងថា​រុស្ស៊ី​មាន​ឆន្ទៈ​ក្នុង​ការប្រើប្រាស់​សមត្ថភាព​យោធា​ប្រភេទ​នេះ​កាលពី​ពេលមុន ដើម្បី​ធ្វើ​សកម្មភាព​អរិភាព​ប្រឆាំងនឹង​អ៊ុយក្រែន​»​។

បន្ទាប់​រូបភាព​ផ្កាយរណប​បានបង្ហាញ​ពី​ការប្រមូលផ្ដុំ​នេះ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងចំណោម​មេដឹកនាំ​លោកខាងលិច​ថា​រុស្ស៊ី​គឺ​កំពុង​ត្រៀម​ធ្វើការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ​ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​បាន​រិះគន់​ការកើនឡើង​សកម្មភាព​របស់​អង្គការ​ណា​តូ​ក្នុង​តំបន់​នេះ​៕