ក្រុម​ស្ត្រី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ចលនា​តវ៉ា​កើតឡើង​ បន្ទាប់ពី​មេទ័ព Min Aung Hlaing ដឹកនាំ​ការកាន់អំណាច​ថ្មី​។ ក្រុម​ស្ដ្រី​មីយ៉ាន់ម៉ា ដែល​ចូលរួម​ក្នុង​ការតស៊ូ​ប្រដាប់អាវុធ ដើម្បី​តតាំង​នឹង​ការគ្រប់គ្រង​ ដោយ​យោធា​មីយ៉ាន់ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​ កន្លងមកនេះ​។

អ្នក​ប្រយុទ្ធ​ស្ត្រី​ចំនួន ៤ ​នាក់​បាន​ប្រាប់​សារព័ត៌មាន​អាល់ហ្សាចារ៉ា​ថា​ក្រុម​ស្ដ្រី​ចង់​បំផ្លាញ​របប​ផ្តាច់ការ​យោធា និង​ផ្តួលរំលំ​បទដ្ឋាន​យេនឌ័រ​ប្រពៃណី​មិន​ស្មើភាព​ពីមុនមក ដោយ​ចង់ឱ្យ​ស្ដ្រី​ដើរតួនាទី​ស្មើគ្នា​ក្នុង​ការកសាង​ប្រទេសជាតិ​ជាថ្មី​។

គួរឱ្យ​កត់សម្គាល់​ផងដែរ​ថា សារព័ត៌មាន​អាល់ហ្សាចារ៉ា​បាន​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ សម្រាប់​ប្រភព ដែល​ជា​ស្ត្រី​ចូលរួម​ក្នុង​ការតស៊ូ​នេះ និង​អ្នក​ផ្សេងទៀត​ដែល​មាន​នៅក្នុង​អត្ថបទ​នេះ ដោយសារ​ចៀសវាង​ការសងសឹង​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា​។

កម្មករ​រោងចក្រ​កាត់ដេរ បាន​ចាប់ផ្ដើម​ក្បួន​បាតុកម្ម ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មុនគេ បន្ទាប់មក​ក្រុម​ស្ត្រី​បន្ត​ដើរ​ក្បួន​នៅ​ជួរមុខ​។ ក្រុម​ទាំងនេះ​ផងដែរ ក៏បាន​ចូលរួម​ក្នុង​ចលនា​ «​មិន​ស្តាប់បង្គាប់​ដោយ​ជនស៊ីវិល​» ក្នុង​ការអំពាវនាវ​ឈានមុខ សម្រាប់​សិទ្ធិ​ជនជាតិ​ភាគតិច​។

គួររម្លឹក​ផងដែរ​ថា ជារឿយៗ​ស្ត្រី​បាន​ប្រើប្រាស់​ភាព​ជា​ស្ត្រី​របស់​ពួកគេ ជា​ឧបករណ៍​នៃ​ការតស៊ូ​ប្រជែង​នឹង​គោល​គំនិត​គៀបសង្កត់​ពី​បុរស​។ ជា​និមិត្តសញ្ញា​នេះ​ការតស៊ូ​ប្រជែង ក្រុម​ស្ត្រី​បាន​ប្រើ​សម្លៀកបំពាក់​ក្នុង​គ្រវី​ទង់ជាតិ​ធ្វើ​ពី​សារុង​រូប​មេដឹកនាំ​រដ្ឋប្រហារ មីន អ៊ុងឡាំង ទៅនឹង​ក្រដាសអនាម័យ និង​ខ្សែក្រវាត់ សារុង កន្ត្រៃ និង​បាន​បោះ​សំឡី​អនាម័យ​ពាសពេញ​ផ្លូវ ដើម្បី​ចំអក និង​បង្អាប់​កងកម្លាំង​សន្តិសុខ ហើយ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​។

តាមរយៈ​ការប្រើ​ឧបករណ៍ ដើម្បី​បង្ហាញ​នូវ​ «​ពាក្យ​ប្រមាថ​» ​ទាំងនេះ ក្រុម​ស្ត្រី​បាន​និយាយថា ពួកគេ​កំពុង​ទាមទារ​ឋានៈ​របស់​ពួកគេ​ឡើងវិញ និង​ប្រឆាំង​នឹង​អាកប្បកិរិយា​អយ្យកោ​ដូចគ្នា ដែល​យល់​ថា ពួកគេ​ទាប​ជាង​នៅក្នុង​សង្គម​។

កញ្ញា Kabya May ដូច​ស្ត្រី​ជាច្រើន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ​ដោយ​គ្រូបង្រៀន​អាយុ​ ២៣ ​ឆ្នាំនេះ មកពី​តំបន់​ Sagaing ​ទម្លាប់​ស្លៀក​សារុង​ប្រវែង​កជើង​ហៅថា​ htamein​។ ឥឡូវនេះ នាង​គឺជា​សមាជិក​នៃ​ក្រុម​ Myaung Women Warriors ដែលជា​ក្រុម​អ្នក​ប្រយុទ្ធ​ស្ត្រី​ទាំងអស់​ដែល​បានប្រកាស​ជា​សាធារណៈ​លើកដំបូង​របស់​ប្រទេស​មីយ៉ាន់ម៉ា​។

កញ្ញា Kabya May លើកឡើង​ថា​៖ «​ខ្ញុំ​បាន​ចូលរួម​ការតស៊ូ​នេះ ដោយសារ​តែ​ខ្ញុំ​ចង់​កម្ចាត់​សត្វ​ឆ្កែ (​ជា​ពាក្យ សម្រាប់​ជេ​ប្រមាថ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​)​។ ហេតុផល​ដែល​ខ្ញុំ​ចូលរួម​ជាមួយ​ក្រុម​តស៊ូ​របស់​ស្ត្រី​គឺ​ដើម្បី​បង្ហាញថា​ស្ត្រី​អាចធ្វើ​អ្វីដែល​បុរស​កំពុង​ធ្វើ​ដូចគ្នា​»​។

សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ (​ភូមា​) ប្រាប់​សារពត៌មាន​អាល់ហ្សាចារ៉ា​ថា​៖ «​ក្នុងចំណោម​មនុស្ស​ ១២៦០ នាក់​ដែល​ត្រូវបាន​សម្លាប់ ដោយ​កងកម្លាំង​សន្តិសុខ ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​នោះ​យ៉ាង​ហោចណាស់​មាន ៨៧ នាក់​ជា​ស្ត្រី ខណៈ​ជន​ជាប់ទោស និង​ជាប់ចោទ​ជាង​ ១,៣០០ នាក់​ក្នុងចំណោម​មនុស្ស ១២០០០ នាក់​សរុប​គឺជា​ស្ត្រី​»​។

កញ្ញា Amara អ្នកនាំពាក្យ​របស់​ក្រុម​ចលនា​ Myaung Women Warriors ប្រាប់​សារព័ត៌មាន​អាល់ហ្សាចារ៉ា​ថា​ក្រុម​នេះ​ស្វែងរក​ការប្រឈមមុខ​នឹង​ការដាក់​កម្រិត​យេនឌ័រ​។ នាង​លើកឡើងថា​៖ «​សង្គម​កំណត់​កិច្ចការ​មួយចំនួន​សម្រាប់​បុរស​ និង​ស្ត្រី​។ យើង​ដើរ​ក្បួន​ ដើម្បី​បំបែក​គំរូ​ទាំងនេះ ហើយ​ដើម្បី​បង្ហាញថា​ដៃ​ដែល​យោលអង្រឹង​អាចជា​ផ្នែក​នៃ​បដិវត្តន៍​ប្រដាប់អាវុធ​ផងដែរ​»​។

មុន​រដ្ឋប្រហារ Amara មិនដែល​នឹកស្មានថា នាង​នឹង​ក្លាយជា​អ្នកតស៊ូ​បដិវត្តន៍​ឡើយ ប៉ុន្តែ​ការឃើញ​ពី​ការសម្លាប់​ និង​អំពើហិង្សា​នៅ​ជុំវិញ​នាង​បាន​បង្ខំ​នាង​ឱ្យ​ចាត់ទុក​នូវ​អ្វីដែល​នាង​បានឃើញ​ជា​ជំហាន​ចាំបាច់​។

អ្នកតស៊ូ​ប្រយុទ្ធ​រូបនេះ​បន្ថែមថា​៖ «​ខ្ញុំ​បាន​កាន់​អាវុធ​តែ​ពេលដែល​ខ្ញុំ​គ្មាន​ជម្រើស​ផ្សេងទៀត​។ ​ខ្ញុំ​មាន​ការថប់​បារម្ភ​អំពី​គ្រោះថ្នាក់​ប្រភេទ​ណា​នឹង​កើតឡើង​ចំពោះ​ខ្ញុំ​…​ម្យ៉ាងវិញទៀត យើង​ប្តេជ្ញា​ថា យើង​ត្រូវ​យក​ឈ្នះ​វា​។ យើង​កំពុង​រៀបចំ​ចិត្តគំនិត​របស់​យើង​ដោយ​ខ្លួនឯង​»៕