ក្នុងជំនួប​ពី​ចម្ងាយ​លើកដំបូង ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនភីង ​បាន​ជំរុញ​សម​ភាគី​អាមេរិក​លោក​ ចូ បៃដិន ​ឱ្យទទួល​ខុសត្រូវ និង​ជួយ​បង្វែរ​គោលនយោបាយ​ចិន​របស់​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យ​ត្រឡប់​ទៅរក «​ផ្លូវ​សម​ហេតុផល និង​ជាក់ស្ដែង​»​។

ខណៈពេល​ដែល​លោក​ បៃដិន និង​លោក​ ស៊ី ​បាន​និយាយ​អំពី​តម្រូវការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​បាន​យល់ព្រម​ចៀសវាង​ជម្លោះ និង​រក្សា​ទំនាក់ទំនង​បើកចំហ​ភាគី​ទាំង​ ២ បាន​ព្យាយាម​បន្ទាប​ការរំពឹងទុក​សម្រាប់​ការវិវត្ត​ធំដុំ​ណាមួយ បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​។

សេតវិមាន​បាន​និយាយថា​មេដឹកនាំ​មានការ​ពិភាក្សា «​ដោយ​គោរព និង​ស្មោះត្រង់​» ​លើ​បញ្ហា​តានតឹង ដូចជា​កោះ​តៃវ៉ាន់ ហុងកុង ស៊ីនជាំង និង​ទីបេ ខណៈពេល​ដែល​ក្រសួងការបរទេស​ចិន​បាន​ពិពណ៌នា​ថា​កិច្ចប្រជុំ​នេះ​គឺ «​ត្រង់ ស្ថាបនា ពោរពេញ​ខ្លឹមសារ និង​ទទួលបាន​ផ្លែផ្កា​»​។

កិច្ចប្រជុំ​ដំបូង​ចាប់តាំងពី​លោក​ បៃដិន ចូលកាន់​អំណាច​គឺមាន​លក្ខណៈ​វិជ្ជមាន ប៉ុន្តែ​កង្វះ​កិច្ចព្រមព្រៀង​បង្ហាញថា​ភាគី​ទាំង​ ២ នៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្លាស់ប្ដូរ ឬ​ធ្វើការ​លះបង់​សំខាន់ៗ​នៅឡើយ​ទេ​។

នៅលើ​បញ្ហា​ចម្រូងចម្រាស​បំផុត​នៃ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកថា​ជា​ដែនដី​របស់ខ្លួន លោក​ ស៊ី ​បាន​ស្ដីបន្ទោស «​មនុស្ស​មួយចំនួន​នៅ​សហរដ្ឋអាមេរិក​» ចំពោះ​ការធ្វើឱ្យ​មាន​ភាពតានតឹង និង​ព្យាយាម «​ប្រើប្រាស់​តៃវ៉ាន់​ដើម្បី​គ្រប់គ្រង​ប្រទេស​ចិន​»​។ ទីក្រុង​ប៉េកាំង​បាន​ខឹងសម្បា​នឹង​ការបញ្ចេញមតិ​របស់លោក​ បៃដិន ​កាលពី​ខែ​មុន​ថា សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​នេះ​ពី​ការវាយប្រហារ​ណាមួយ​ពី​ប្រទេស​ចិន​។

លោក​ ស៊ី និយាយថា​៖ «​យើង​មាន​ការអត់ធ្មត់ និង​មាន​ឆន្ទៈ​ក្នុង​ការខិតខំ​ ដើម្បី​អនាគត​នៃ​ការបង្រួបបង្រួម​ដោយ​សន្តិវិធី​ដោយ​ភាពស្មោះត្រង់​បំផុត និង​ការខិតខំ​ប្រឹងប្រែង​ល្អ​បំផុត​។ ប៉ុន្តែ​ចិន​នឹងត្រូវ​បង្ខំ​ឱ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់ ប្រសិនបើ​កងកម្លាំង​ផ្ដាច់ខ្លួន​ ដើម្បី​ឯករាជ្យ​តៃវ៉ាន់​បង្ក​ឱ្យ​យើង​ និង​បង្ខំ​ដៃ​យើង ឬ​សូម្បីតែ​ឆ្លងកាត់​បន្ទាត់​ក្រហម​នោះ​»​។

លោក​ បៃដិន ​បាន​ឆ្លើយតប​បាន​ប្ដេជ្ញាចិត្ត​ចំពោះ​គោលនយោបាយ​ចិន​តែមួយ ប៉ុន្តែ​លោក​បាន​រិះគន់​ការដាក់​សម្ពាធ​យោធា​ទៅលើ​កោះ​តៃវ៉ាន់​។ លោក​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ «​កិច្ចខិតខំ​ប្រឹងប្រែង​ឯកតោភាគី​ ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ឬ​ធ្វើឱ្យ​ខូច​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​»​។

ក្នុង​អំឡុងពេល​នៃ​កិច្ចពិភាក្សា លោក ស៊ី បាន​និយាយថា វា​ចៀស​មិន​រួច​ទេ​ដែល​ប្រទេស​ទាំង​ ២ នឹងមាន​ការខ្វែង​គំនិត​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ចាត់វិធានការ​ ដើម្បី​ជួយ​គ្រប់គ្រង និង​កាត់បន្ថយ​ការខ្វែងគំនិត​នេះ​។

លោក​និយាយថា​៖ «​ក្នុង​រយៈពេល ៥០ ឆ្នាំ​ខាងមុខ អ្វីដែល​សំខាន់បំផុត​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​គឺថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ត្រូវតែ​ស្វែងរក​វិធី​ត្រឹមត្រូវ​ ដើម្បី​ចុះសម្រុង​គ្នា​។ អ្វី​ក៏ដោយ​ដែល​ធ្វើឡើង​ដោយ​អ្នកនយោបាយ មិន​ថា​គុណសម្បត្តិ ឬ​គុណវិបត្តិ​នឹង​ត្រូវបាន​កត់ត្រា​ដោយ​ប្រវត្តិសាស្ត្រ​»៕