ដូច​ប្រទេស​អាស៊ី​ដទៃទៀត​ដែរ កុមារ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ប្រឈម​នឹង​ភាពឯកោ និង​ការរំខាន​ដល់​ការសិក្សា ចំពេល​មាន​ការបិទ​សាលារៀន​ក្នុងនោះដែរ​ប្រជាជន​ក្រីក្រ​ត្រូវ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។ នេះ​បើតាម​ការឱ្យ​ដឹង​ពីសារ​ព័ត៌មាន​សិង្ហបុរី ឆែនណែលញូវស៍អេស៊ា​។

មុនពេល​ជំងឺ​រាតត្បាត​មាន​ប្រជាជន ២,៩១ លាន​គ្រួសារ​ស្ថិត​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ជាង​ ៤០ ភាគរយ ពោល​គឺមាន​ប្រាក់ចំណូល​ប្រចាំខែ​ជាង ៥ ពាន់​រីងហ្គីត​ (​ជាង ១ ពាន់​ដុល្លារ​) ​ឬ​តិចជាង​នេះ​។ កាលពី​ខែកញ្ញា នាយករដ្ឋមន្ត្រី Ismail Sabri Yaakob ​បាន​និយាយថា ជំងឺ​រាតត្បាត​បានធ្វើឱ្យ​គ្រួសារ​ប្រហែល ៥៨ ម៉ឺន​គ្រួសារ ធ្លាក់ចុះ​ពី​ប្រភេទ​គ្រួសារ​មាន​ចំណូល​មធ្យម​ទៅជា​ប្រភេទ​គ្រួសារ​មាន​ប្រាក់ចំណូល​ទាប​។

ដូចគ្នា​នេះ​ផងដែរ ភាពក្រីក្រ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​កើនឡើង​ពី ៥,៦ ភាគរយ​ទៅ ៨,៤ ភាគរយ កាលពី​ឆ្នាំមុន​។

ស្ថានភាព​កុមារ​នៅ​ជនបទ​កាន់តែ​ប្រឈម​នឹង​ភាពលំបាក​បន្ថែមទៀត ដោយ​ពួកគេ​ប្រហែល​ជា​មិនមាន​ឧបករណ៍​អេឡិចត្រូនិក និង​ការតភ្ជាប់​អ៊ីនធឺណិត​សម្រាប់​ការរៀន​តាម​អនឡាញ ដែលនាំឱ្យ​ពួកគេ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការរៀន​មិនទាន់​មិត្តភក្ដិ​របស់​ពួកគេ ប្រឈម​នឹង​ការបោះបង់​ការសិក្សា​។

កុមារ​រាប់ពាន់នាក់​ក៏បាន​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​ដោយសារ​កូវីដ​ ១៩​។ គិត​ត្រឹម​ចុងខែ​កញ្ញា កុមារ​ជិត​ ៤ ៧០០ នាក់​បាន​បាត់បង់​ឪពុកម្តាយ ឬ​អាណាព្យាបាល​យ៉ាងហោចណាស់​ម្នាក់ ដោយសារ​វីរុស​នេះ​។

យុវជន VanjniieswaraThamilselvan ​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ ខណៈដែល​ជំងឺ​រាតត្បាត បាន​ចាប់ផ្តើម​រំខាន​ដល់​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​ក្នុងប្រទេស​ម៉ាឡេស៊ី​។ ​គាត់​បាន​បន្ត​ការសិក្សា​នៅ​សាលា ពហុបច្ចេកទេស​របស់​រដ្ឋាភិបាល ប៉ុន្តែ​សាលា​នេះ​គឺ​នៅ​តំបន់​ Ipoh ​ចម្ងាយ​ជាង​ ២០០ គីឡូម៉ែត្រ​ពី​កន្លែង ដែល​គាត់​រស់នៅ​។ ​យុវជន​អាយុ​ ១៨ ឆ្នាំ បាន​គិតថា​ការចំណាយ​របស់គាត់​នឹង​បន្ថែម​រហូតដល់ ២៤០ ដុល្លារ​ទៀត​ក្នុង​ ១ ​ខែ​។

យុវជន​រូបនេះ គ្មាន​លទ្ធភាព​ចំណាយ​ដល់​ថ្នាក់​នេះ​ទេ ជាពិសេស​ក្នុងពេល​ដែល​ឪពុក​ខ្លួន ជា​អ្នក​បើកឡាន​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ​នេះ​។ ​នៅពេល ដែល​ក្រុមហ៊ុន​ជាច្រើន​បាន​បិទ​តម្រូវការ​អ្នកបើកបរ​ដឹកទំនិញ​ធ្លាក់ចុះ​។ គ្រួសារ​របស់​យុវជន​រូបនេះ ត្រូវ​ពឹងពាក់​លើ​ប្រាក់ចំណូល​ពី​ម្តាយ​របស់គាត់ ដែល​ធ្វើការ​នៅ​ឱសថស្ថាន​។

ទោះយ៉ាងណា យុវជន​រូបនេះ​មិន​បោះបង់​ឡើយ​។ យុវជន​រូបនេះ​បាន​សរសេរ​ទៅកាន់​ពហុបច្ចេកទេស​ផ្សេងទៀត​ទីបំផុត​ជាប់​នៅ​មហាវិទ្យាល័យ Veritas University នៅ​ Petaling Jaya ដែល​នៅ​ជិត​ផ្ទះ​ជាង ហើយ​ទទួលបាន​អាហារូបករណ៍​សម្រាប់​វគ្គសិក្សា​សញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ​រយៈពេល​ ៣ ឆ្នាំ​ថែម​ទៀតផង​។ នេះ​បានន័យថា​យុវជន​រូបនេះ បង់ថ្លៃ​ត្រឹមតែ ២៤០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ប៉ុណ្ណោះ​។

នៅពេលដែល​សាលារៀន និង​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី​បើក​ដំណើរការ​ឡើងវិញ​ បន្ទាប់ពី​ការជំរុញ​ការចាក់​វ៉ាក់សាំង​ដោយ​ជោគជ័យ និង​ការធ្លាក់ចុះ​នៃ​ករណី​កូវីដ​ចាប់តាំងពី​ខែកញ្ញា រឿងរ៉ាវ​របស់​យុវជន​ដូចជា​ Vanjniieswara នេះ អាច​នឹង​ផ្តល់​ក្តីសង្ឃឹម​ដល់​កុមារ​ដែល​ទទួលរង​នូវ​ការលំបាក និង​ត្រូវ​ប្រឈម​នឹង​វិបត្តិ ដែល​បន្សល់ ដោយ​កូវីដ​អស់​រយៈពេល ២០ ខែ​ចុង​ក្រោយ​នេះ​។

ដូច​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ដែរ​ម៉ាឡេស៊ី​ចាប់ផ្ដើម​ត្រឡប់មក​ធម្មតា​ខ្លះៗ​ហើយ ប៉ុន្តែ​អ្នកជំនាញ​និយាយថា នៅ​មានរឿង​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ​។

តួយ៉ាង​សាលារៀន​ក៏​បាន​ចាប់ផ្តើម​បើក​ឡើងវិញ​ចាប់ពី​ថ្ងៃទី ៣ ខែតុលា ដោយ​ផ្អែកលើ​ស្ថានភាព​កូវីដ​នៅក្នុង​រដ្ឋ​របស់​ពួកគេ​។ ទន្ទឹមនឹងនោះ អង្គការ​មិនមែន​រដ្ឋាភិបាល (NGOs) កំពុង​ចាត់​វិធាន​ជួយ​ដល់​ក្រុម​ដូចជា​យុវជន​ដែលមាន​ហានិភ័យ និង​សហគមន៍​ជនជាតិដើម​ភាគតិច​។

ជនជាតិ​ភាគតិច Orang Asli ​ដែលជា​ជនជាតិដើម​ភាគតិច​នៃ​ Peninsular Malaysia មុនពេល​មាន​កូវីដ​ការចូល​រៀន​នៅ​សាលា​គឺជា​បញ្ហា​រួចទៅហើយ​។ ​ប៉ុន្តែ​នៅពេល ដែល​រដ្ឋាភិបាល​អនុវត្ត​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ កុមារ Orang Asli ​ជាច្រើន​នាក់​ដែល​ត្រូវបាន​បញ្ជូន​ទៅ​សាលារៀន​បាន​ត្រឡប់​ទៅ​ភូមិ ដែល​ការតភ្ជាប់​អ៊ីនធឺណិត​មាន​កម្រិត ឬ​ប្រហែលជា​មិនមាន​។ មាតាបិតា ក៏​ប្រហែល​ជា​មិន​បាន​បំពាក់​ឧបករណ៍​ជំនួយ​ក្នុង​ការសិក្សា​តាម​អ៊ីនធឺណិត​ដែរ​។

យោងតាម​របាយការណ៍​ខែវិច្ឆិកា ឆ្នាំ ២០២០ របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ Unicef Malaysia ស្តីពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​លើ​កុមារ និង​គ្រួសារ​ដែល​ងាយ​រងគ្រោះ​។ ​កង្វះ​ការប្រើប្រាស់​ទូរស័ព្ទ និង​អ៊ីនធឺណិត​ក៏បាន​ប៉ះពាល់​ដល់​ការទទួល​បាន​ព័ត៌មាន​របស់​សហគមន៍​ជនបទ​អំពី​ជំងឺ​កូវីដ-១៩ ដែល​នាំឱ្យ​ខ្វះ​ចំណេះដឹង​ក្នុង​ការគ្រប់គ្រង​ការឆ្លង និង​ការភ័យខ្លាច​ពី​អ្នក​ខាងក្រៅ​។

លោក Samuel Isaiah គ្រូបង្រៀន​ដែល​ទទួលបាន​ពានរង្វាន់​សម្រាប់​ការងារ​របស់គាត់​ជាមួយ​សិស្ស ជនជាតិ Orang Asli ​បាន​និយាយថា​៖ «​យើង​មើលឃើញ​ពី​អត្រា​បោះបង់​ការសិក្សា​កើនឡើង​ខ្ពស់​ជា​បណ្ដើរៗ​ហើយ​ទោះបី​ជា​អត្រា​នេះ​ខ្ពស់​រួចទៅហើយ​ក្ដី​។

ទោះជា​យ៉ាងណាក្ដី​ដោយសារ​បញ្ហា​ប្រឈម​របស់​ពួកគេ​គឺ​ច្រើន​មុខ និង​ទាក់ទង​គ្នា គ្រូបង្រៀន​ត្រូវតែ​ដឹកនាំ និង​ជា​អ្នក​ច្នៃប្រឌិត​សង្គម​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​នៅក្នុង​សហគមន៍​ឱ្យ​ទទួលបាន​លទ្ធផល​ និង​សមិទ្ធផល​ខ្ពស់​ផងដែរ​៕