ប្រធានាធិបតី​បេឡារុ​ស​ លោក​ អាឡិចសាន់ឌឺរ លូកាសិនកូ​ បាន​និយាយ​ថា ​ទាហាន​បេឡារុស​អាច​ជួយ​ជន​អន្តោប្រវេសន៍​ឆ្លង​ព្រំដែន​ចូល​សហភាព​អឺរ៉ុប​ ប៉ុន្តែ​បាន​បដិសេធ​ថា ​ប្រទេស​លោក​មិន​បាន​រៀប​ចំ​ឱ្យ​មាន​វិបត្តិ​នេះ​ទេ​។

ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ​លូកាសិនកូ​ថា​ បាន​រៀប​ចំ​វិបត្តិ​នេះ​ ដោយ​ដឹក​ជញ្ជូន​ជន​អន្តោប្រវេសន៍​ពី​បរទេស​ ហើយ​នាំ​ពួកគេ​មក​តំបន់​ព្រំដែន​ ដោយ​សន្យា​ថា​ នឹង​មាន​ការ​ឆ្លង​កាត់​ដ៏​ស្រួល​ចូល​សហភាព​អឺរ៉ុប​។ បេឡារុស​បាន​ច្រានចោលការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​រិះគន់​អឺរ៉ុប​ជុំ​វិញ​ការ​បិទ​ព្រំដែន​ជា​មួយ​ខ្លួន​។

ក្នុង​ការ​សម្ភាស​ជា​មួយ​សារព័ត៌មាន​ BBC អ្នក​សម្ភាសន៍​ បាន​សួរ​លោក​លូកាសិនកូ​ថា​តើ​បេឡារុស​កំពុង​ជួយ​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍​ព្យាយាម​ឆ្លង​ចូល​ប៉ូឡូញ​ឬ​ទេ​ ហើយ​លោក​បាន​ឆ្លើយ​ថា​៖ «ខ្ញុំ​គិត​ថា ​វា​ពិត​ជា​អាច​ទៅ​រួច​»​។

«យើង​ជា​ជនជាតិ​ស្លាវី។ យើង​មាន​បេះដូង។​ ទាហាន​យើង​ដឹង​ថា ​ជន​អន្តោប្រវេសន៍ ​ កំពុង​ទៅ​អាល្លឺម៉ង់ ប្រហែល​ជា​មាន​នរណា​ម្នាក់​បាន​ជួយ​ពួក​គេ​» លោក​លូកាសិនកូ​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ប៉ុន្តែ​ខ្ញុំ​មិន​បាន​អញ្ជើញ​ពួកគេ​មក​ទីនេះ​ទេ​»​។

ក្រុម​ជំនួយ​មនុស្សធម៌​បាន​និយាយ​ថា​ ជនអន្តោប្រវេសន៍​យ៉ាង​ហោច​ណាស់​ ១១ នាក់ ​បាន​ស្លាប់​នៅ​សង​ខាង​ព្រំដែន​ ចាប់​តាំង​ពី​វិបត្តិ​នេះ​ ចាប់​ផ្ដើម​កាល​ពី​ដើម​ឆ្នាំ​នេះ​ ប៉ុន្តែ​គេ​ជឿជាក់​ថា​តួលេខ​ជាក់​ស្ដែង​អាច​នឹង​ខ្ពស់​ជាង​នេះ​។ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា ប្រទេស​ប៉ូឡូញ​បាន​ធ្វើ​ឱ្យ​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ឱ្យ​ត្រឡប់​ទៅ​តំបន់​ស​វិញ​៕