កាល​ពី​សប្ដាហ៍​មុន​ការ​ប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ព្រំដែន​ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់​ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ ៨ នាក់​បាត់បង់​ជីវិត និង​ជា​ច្រើន​ទៀត​របួស​ ឬ​បាត់​ខ្លួន​ មុន​ប្រទេស​ទាំង​ ២ យល់​ព្រម​លើ​បទ​ឈប់​បាញ់​។

ក្រសួង​ការពារ​ជាតិ​របស់​អាមេនី​បាន​ចោទ​ប្រកាន់​កង​កម្លាំង​អាស៊ែបៃហ្សង់​ថា ​បាន​បើក​ការ​បាញ់​ប្រហារ​មុន​ រីឯ​អាស៊ែបៃហ្សង់ ​បាន​ចោទប្រកាន់​កង​កម្លាំង​អាមេនី​ថា​ជា​អ្នក​បង្ក​ការ​ប៉ះទង្គិច​។ ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​កើត​ឡើង​១​សប្ដាហ៍​ បន្ទាប់​ពី​ខួប​១​ឆ្នាំ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​សម្របសម្រួល​ដោយ​រុស្ស៊ី​​ដើម្បី​បញ្ចប់​សង្គ្រាម​៤៤ថ្ងៃ​ក្នុង​តំបន់​នេះ​។

មន្ត្រី​អាមេនី​បាន​រាយការណ៍​ថា​ ទាហាន​របស់​ខ្លួន​ម្នាក់ ​បាន​ស្លាប់​ហើយ​បាត់​ខ្លួន​ទាហាន​២ ​នាក់​ ប៉ុន្តែ​សមាជិក​សភា​អាមេនី​១​រូប ​បាន​និយាយ​ថា ​ទាហាន​យ៉ាង​ហោច​ណាស់​ ១៥នាក់​បាន​ស្លាប់​។ ភាគី​អាស៊ែបៃហ្សង់​ បាន​បាត់បង់​ ៧​នាក់​ ប៉ុន្តែ​បាន​ចាប់​ខ្លួន​ទាហាន​អាមេនី​ចំនួន​១៣ នាក់​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ ​លោក​សឺហ្គេ ស៊ូហ្គូ​ បាន​និយាយ​ជា ​មួយ​ភាគី​ទាំង​សង​ខាង​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​ត្រូវ​ការ​ការ​អន្តរាគមន៍​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ​ ពូទីន​ ជា​ម្ដង​ទៀត​ដើម្បី​ទទួល​បាន​បទ​ឈប់​បាញ់​។

ក្រុង​ម៉ូ​ស្គូ​ បាន​ជួយ​សម្របសម្រួល​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាល​ពី​ឆ្នាំ​មុន​ ដែល​អនុញ្ញាត​ឱ្យ​អាស៊ែ បៃហ្សង់​ការ​គ្រប់​គ្រង​ឡើង​វិញ​នូវ​តំបន់​ណាហ្គ័រណូ-ការ៉ាបាក​ (Nagorno-Karabakh) ដែល​ខ្លួន​បាន​បាត់បង់​ក្នុង​សង្គ្រាម​ជា​មួយ​អាមេនី​កាល​ពី​ការ​បែកបាក់​សហភាព​សូវៀត​នៅ​ដើម​ទសវត្ស​រ៍១៩៩០​។ ដែនដី​នេះ​ដើម​ឡើយ ​គឺ​គ្រប់គ្រង​ដោយ​អាស៊ែបៃហ្សង់​ ប៉ុន្តែ​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ជនជាតិ​អាមេនី​។

បញ្ហា​ដែល​កំពុង​កើត​មាន​បន្ទាប់​ពី​ជម្លោះ​ឆ្នាំ​២០២០ គឺ​ជុំវិញ​ការ​ឃុំឃាំង​ឈ្លើយសឹក​ជនជាតិ​អាមេនី​ដោយ​រដ្ឋាភិបាល​អាស៊ែបៃហ្សង់​ បើ​ទោះ​បី​មាន​កិច្ចព្រមព្រៀង​ដោះលែង​ទាំង​សង​ខាង​ក៏​ដោយ​។ កាល​ពី​ខែ​កញ្ញា​រដ្ឋាភិបាល​អាមេនី​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​៕