នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​អា​មេ​​រិ​ក លោក​ អាន​តូ​នី ​ប្ល៊ី​ន​កែន ធ្វើដំណើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​រដ្ឋធានី អា​-​ប៊ូ​ចា ប្រទេស​នី​ហ្សេ​រី​យ៉ា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បានធ្វើ​ដំណើរ​កាត់​អគារ​សភា​ពាណិជ្ជ​កម្ម​ចិន​នៅ​នី​ហ្សេ​រី​យ៉ា ដែលជា​អគារ​មួយ​មាន​លក្ខណៈ​ជា​វិមាន​ដ៏​ស្កឹមស្កៃ​។​

​ស្រដៀង​គ្នា​នេះដែរ ដែល​កាលពី ​១ ​ថ្ងៃមុន​លោក​ ប្ល៊ី​នកែន​ បានធ្វើ​ដំណើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា លោក​បានធ្វើ​ដំណើរ​អម​ការដ្ឋាន​ផ្លូវ​ល្បឿន​ដ៏​ធំ ដោយ​គេ​អាច​មើលឃើញ​អក្សរ​ចិន​នៅលើ​ត្រាក់ទ័រ និង​ម៉ាស៊ីន​ធុន​ធ្ងន់​ដទៃទៀត​នៅ​ទីនោះ​។ ផ្លូវ​នេះ ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ដែល​ផ្ដល់​មូលនិធិ​ដ៏​ធំ​ទៅឱ្យ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ទ្វីបអាស៊ី និងអាហ្វ្រិ​ក​។​

​ការពិត​នៃ​ការប្រកួតប្រជែង​ជា​សកល​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែលជា​គោលការណ៍​ចម្បង​នៃ​គោលនយោបាយ​ការបរទេស​របស់លោក ​ចូ បៃ​ដិ​ន បាន​ជះ​ស្រមោល​ទៅលើ​ទស្សនកិច្ច​ដំបូង​របស់លោក ​ប្ល៊ី​ន​កែន ​នៅ​ទ្វីបអាហ្វ្រិ​ក​។ ៣ ​ថ្ងៃ ​ដំបូង​នៃ​ការធ្វើដំណើរ​របស់លោក​ ប្ល៊ី​ន​កែន គឺ​ពោរ​​ពេញ​ទៅដោយ​ការ​រំឭក​អំពី​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង ​នៅលើ​ទ្វីប​នេះ រួម​ជាមួយនឹង​សូចនាករ​មួយចំនួន​នៃ​ការចុះ​ខ្សោយ​នៃ​ឥទ្ធិពល​របស់​អាមេរិក​។​

​នៅក្នុង​សុន្ទរកថា​នៅ​ទីក្រុង​អា​ប៊ូ​ចា​កាលពី​ថ្ងៃ​សុក្រ ​លោក ​ប្លី​កែន បាន​គូសបញ្ជាក់​អំពី​ចក្ខុវិស័យ​របស់​រដ្ឋបាល​លោក ​បៃ​ដិ​ន ​សម្រាប់​ទ្វីប​អ្រា​ហ្វិ​ក​ដែល​លោក​បាន​និយាយថា​ នឹង​រួមបញ្ចូល​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ ទប់ស្កាត់​ជំងឺ​រាតត្បាត និង​បន្ថយល្បឿន​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​។

​នៅក្នុង​សារ​មួយ ដែល​ទទួលស្គាល់​ការប្រកួតប្រជែង​ជាមួយ​ចិន​នៅ​អាហ្វ្រិ​ក ប៉ុន្តែ​ព្យាយាម​បន្ទាប​បញ្ហា​នេះ លោក​ ប្ល៊ី​ន​កែន ​បាន​លើកឡើងថា​ សហរដ្ឋ​អាមេរិក​នឹង​បញ្ឈប់​ការចាត់ទុក​ទ្វីបអាហ្រ្វិ​ក​គ្រាន់តែ​ជា​កូនអុក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​មហា​​អំណាច​ផ្សេងទៀត​ទេ​។​

​លោក​និយាយថា​៖ «​ជាច្រើន​ដង​ពេក​ហើយ ដែល​បណ្ដា​ប្រទេស​នៃ​ទ្វីបអាហ្វ្រិ​ក​ត្រូវបាន​ចាត់ទុកជា​ដៃគូ​ក្រោមបង្គាប់ ឬ​អាក្រក់​ជាង​នេះ ជាជាង​ដៃគូ​ស្មើគ្នា​»​។ លោក​បន្តទៀតថា​ សហរ​ដ្ឋ​អាមេរិក «​ជឿជាក់​យ៉ាង​មុតមាំ​ថា វា​ដល់​ពេលដែល​ត្រូវ​បញ្ឈប់​ការចាត់ទុក​ទ្វីបអាហ្វ្រិក​ជា​ប្រធានបទ​នៃ​ភូមិ​​សាស្ត្រ​នយោបាយ ហើយ​ចាប់ផ្តើម​ចាត់ទុកជា​អ្នកចូលរួម​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​ដែល​ពួកគេ​បានប្រែក្លាយ​»​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នី​ហ្សេ​រី​យ៉ា ​លោក ​ជេ​ហ្វហ្វ្រី អូ​នី​យ៉ាម៉ា លោក ​ប្ល៊ី​ន​កែន បាន​និយាយ​នៅក្នុង​ការ​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំងថា ​ការចូលរួម​របស់​សហ​រដ្ឋ​អា​​មេ​រិ​ក​គឺ «​មិនមែន​អំពី​ប្រទេស​ចិន ឬ​ភាគី​ទី​៣ ​ផ្សេងទៀត​នោះទេ​។ វា​គឺ​អំពី​ទ្វីបអាហ្វ្រិ​ក​»​។​

​ប៉ុន្តែ​លោក ​អូ​នី​យ៉ាម៉ា ​ហាក់ដូចជា​មិន​ប្រកាន់​ទៅនឹង​ការប្រកួតប្រជែង​នោះទេ​។​

​លោក​និយាយថា​៖ «​ទាក់ទង​នឹង​ការ​ប្រ​កួត​ប្រជែង​រវាង​សហរដ្ឋអាមេរិក និង​ចិន​នៅក្នុង​ទ្វីបអាហ្វ្រិ​ក ខ្ញុំ​មិន​ចង់​និយាយ​តែ​ពី​រឿង​អាក្រក់​ទេ​។ ប៉ុន្តែ​ពេលខ្លះ វា​គឺជា​រឿង​ល្អ​សម្រាប់​អ្នក ប្រសិនបើ​អ្នកជា​កូនក្រមុំ​ដ៏​ស្រស់ស្អាត ហើយ​អ្នក​រាល់គ្នា​ផ្ដល់​បណ្ដា​ការ​ដ៏​អស្ចារ្យ​ដល់​អ្នក​។ ដូច្នេះ​អ្នកយក​អ្វីដែល​អ្នក​អាច​យកបាន​ពី​ពួកគេ​ម្នាក់ៗ​»​។​

​ទីក្រុង​ប៉េកាំង ​បានធ្វើ​វិនិយោគ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ធំៗ នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​រួមទាំង​ការវិនិយោគ​ទឹកប្រាក់​ចំនួន ៧,៥ ពាន់​លាន​ដុល្លារ ​ចាប់តាំងពី​ឆ្នាំ​ ២០១៨ មក​។ កាលពី​ខែ​មុន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​និយាយថា ទីក្រុង​ប៉េកាំង ​គ្រោង​នឹង​ចាប់ផ្តើម​បើក​ធនាគារ​នៅក្នុង​ប្រទេស​នេះ​នាពេល​ឆាប់ៗ​ខាងមុខ​។ អ្នកវិភាគ​បាន​និយាយថា ការខិតខំ​ប្រឹងប្រែង​នេះ គឺ​ដើម្បី​ធ្វើ​សមាហរណកម្ម​ប្រទេស​នេះ​បន្ថែមទៀត​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​។​

​លោក ប្ល៊ី​ន​កែន ហាក់ដូចជា​បានទទួល​ស្គាល់​មួយផ្នែក​នូវ​ការលើកឡើង​របស់លោក​ អូ​នី​យ៉ាម៉ា អំពី​ការប្រកួតប្រជែង​ដ៏​មាន​អត្ថ​​ប្រយោជន៍ ដោយ​និយាយថា ការវិនិយោគ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​របស់​ស​ហ​រដ្ឋ​អាមេរិក​នៅក្នុង​ទ្វីបអាហ្វ្រិ​ក​អាចបង្កើត​ឱ្យមាន​ «​ការ​ប្រ​ណាំង​ទៅកាន់​កំពូល​»៕

វីដេអូ៖