​ក្នុង​រយៈពេល​ជាង ២០ ​ខែ​ចុង​ក្រោយនេះ​ ភ្នាក់ងារ​ចារកម្ម​អ៊ី​ស្រា​អែល​បាន​ធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់អ៊ី​រ៉ង់ ហើយ​បាន​បង្ក​ការផ្ទុះ​ធំៗ​នៅឯ​រោងចក្រ​នុយ​​ក្លេ​អ៊ែរ និង​មី​ស៊ី​ល​របស់អ៊ី​រ៉ង់​ចំនួន ៤ ក្នុង​គោលបំណង​បំផ្លាញ​សមត្ថ​ភាព​របស់អ៊ីរ៉ង់​ក្នុង​ការផលិត​វត្ថុ​​ធាតុ​ដើម​នុយក្លេអ៊ែរ និង​ពន្យារ​ពេលដែល​រដ្ឋាភិបាល​ថ្មី​អាចបង្កើត​អាវុធ​។​

​ប៉ុន្តែ​មន្ត្រី​ចារកម្ម​អាមេរិក និង​និយតករ​អន្តរជាតិ បាន​និយាយថា អ៊ីរ៉ង់​បាន​សាងសង់​រោងចក្រ​ទាំង​​នេះ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ ដោយ​ជារឿយៗ​បាន​ដំឡើង​ម៉ាស៊ីន​ថ្មីៗ ដែលមាន​សមត្ថភាព​បន្សុទ្ធ​សារ​​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​លឿន​ជាង​មុន​ទៅទៀត​។ នៅពេលដែល​រោងចក្រ​ដំឡើង​ម៉ាស៊ីន​បន្សុទ្ធ​បានទទួល​​រង​នូវ​អ្វីដែល​មើលទៅ​ដូចជា​ការ​​ផ្ទុះ​ដ៏​អាក្រក់​ដែល​បំផ្លាញ​ស្តុក​គ្រឿងបន្លាស់ ក៏ដូចជា​កាមេរ៉ា​របស់​អង្គការ​ឃ្លាំមើល​អន្តរជាតិ ផលិត​​កម្ម​បានចាប់ផ្ដើម​ឡើង​វិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។​

​សារពត៌មាន​ញូវយ៉ក​ថា​ម​ស៍ រាយការណ៍​ថា​ការពិភាក្សា​ពីក្រោយ​ឆាក​មន្ត្រី​អាមេរិក​បាន​ព្រមាន​ភាគី​អ៊ី​ស្រា​អែល​ថា ការ​វាយ​ប្រ​ហារ​បែបនេះ​ម្ដង​ហើយ​ម្ដងទៀត​លើ​គោលដៅ​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់ អាចបំពេញ​អារម្មណ៍​របស់​ពួកគេ​នៅពេលនេះ ប៉ុន្តែ​ចុងក្រោយ​ គឺ​មិនមាន​ផលប្រយោជន៍​អ្វី​ទេ ហើយនឹង​ធ្វើឱ្យ​បញ្ហា​កាន់តែ​លំបាក​។ ប៉ុន្តែ​មន្ត្រីអ៊ី​ស្រា​អែល​បាន​និយាយថា ពួកគេ​នឹងមិន​បោះបង់ចោល​ការវាយប្រហា​រទាំង​នេះ​ទេ ដោយ​ច្រាន​ចោលការ​​ព្រមាន​ថា ការវាយប្រហារ​ទាំងនេះ​បាន​ជួយ​ព​ន្លឿ​ន​កម្មវិធី​នុយក្លេអ៊ែរ​របស់អ៊ី​រ៉ង់​។ បញ្ហា​នេះ​គឺជា​ចំណុច​មួយ​នៃ​ការខ្វែងគំនិត​គ្នា​រវាង​សហ​​រដ្ឋ​អាមេរិក និង​អ៊ី​ស្រា​អែល ​ជុំវិញ​ការប្រើប្រាស់​មធ្យោបាយ​ការទូត ជាជាង​ការប្រើ​កម្លាំងបាយ​។​

​យ៉ាងណាមិញ ការវាយប្រហារ និង​ការសាងសង់​ឡើងវិញ​ទាំងនេះ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការកើនឡើង​ភាព​តានតឹង​រវាងអ៊ី​រ៉ង់ និង​លោកខាងលិច ដែលជា​ថ្មី​ម្ដងទៀត​នឹងមាន​ការប្រឈមមុខ​ដា​ក់​គ្នា​នៅ​ទីក្រុង​វី​យែ​ន​ ប្រទេស​អូទ្រីស​។ ជា​លើកដំបូង​ចាប់តាំងពី​ប្រ​ធានា​ធិបតី​អភិរក្សនិយម​លោក​ អ៊ីប្រា​ហ៊ីម រ៉ៃ​ស៊ី​ចូលកាន់​អំណាច អ្នកចរចាអ៊ី​រ៉ង់​គ្រោង​នឹង​ជួប​ជាមួយ​សម​ភាគី​អឺរ៉ុប ចិន និង​រុស្ស៊ី​នៅ​ចុងខែ​នេះ ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​កិច្ច​​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥ ដែល​កំណត់​សកម្មភាព​របស់អ៊ី​រ៉ង់​យ៉ាងខ្លាំង​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌ​កម្ម​។​

​អ្នកចរចា​អាមេរិក​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុង​វី​យែ​ន​ដោយ​ប្រយោល ដោយសារ​អ៊ី​រ៉ង់​បដិសេធ​មិន​ចង់​ជួប​ជាមួយ​ភាគី​អាមេរិក ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​អា​​មេ​រិ​ក លោក ​ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ ​២០១៨ ហើយ​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​ទៅលើ​អ៊ី​រ៉ង់​។​

​ខណៈ​កាលពី ​៥ ​ខែ​មុន​មន្ត្រី​មាន​សុទិដ្ឋិនិយម​ថា ការចរចា​នឹង​ជួយ​ស្ដារ​កិច្ចព្រមព្រៀង​ឆ្នាំ​ ២០១៥ ​ឡើងវិញ ដោយ​លាយលក្ខណ៍​​អក្សរ​ភាគច្រើន​ត្រូវបាន​យល់​​ស្រប​ដោយ​ភាគី​ទាំងអស់ ឥឡូវនេះ ពួកគេ​បាន​ត្រឡប់​ទៅ​ក្រុង​វី​យែ​ន​ពោរពេញ​ទៅដោយ​ទុ​ទ្ទិដ្ឋិ​​និយម​បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​ពួកគេ​បាន​ចាកចេញ​ កាល​​ពី​ខែមិថុនា​។ ឥឡូវនេះ​ការចរចា​ហាក់បីដូចជា​បាន​ជាប់គាំង​រួចទៅហើយ ហើយ​គោលដៅ​របស់​ប្រ​ធា​នា​ធិបតី​អាមេរិក​ ចូ បៃ​ដិ​ន ​នៃ​ការ​​ស្ដារ​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​កាន់អំណាច​ទី​១ ​របស់លោក​ហាក់​​ដូចជា​រសាត់​រសាយ​អស់​។​

​នៅក្នុង​សញ្ញា​នៃ​ការផ្លាស់ប្ដូរ​អារម្មណ៍​អ្នកចរចា​ថ្មី​របស់​អ៊ី​រ៉ង់​លោក​ អា​លី បា​ហ្គា​រី កា​នី បាន​ឈប់​ហៅ​ការចរចា​នេះ​ថា ​ជា ​«​ការចរចា​នុយក្លេអ៊ែរ​» ផ្ទុយទៅវិញ​លោក​បាន​ហៅ​ការចរចា​នេះ​ថា​ ជា «​ការ​ចរចា​ដក​ទណ្ឌកម្ម​ខុសច្បាប់ និង​អមនុស្សធម៌​»​។ អ៊ីរ៉ង់​និយាយថា ខ្លួន​នឹង​ទទូច​លើ​ការដក​ទណ្ឌកម្ម​ទាំង​នុយក្លេអ៊ែរ និង​មិនមែន​នុយក្លេអ៊ែរ ហើយ​ទាមទារ​លក្ខ​​ខណ្ឌ​ហាមឃាត់​ការបោះបង់​កិច្ចព្រមព្រៀង​ជា​ឯកតោភាគី ដូចដែល​លោក​ត្រាំ​បានធ្វើ​។ រដ្ឋបាល​លោក​ បៃ​ដិ​ន បាន​និយាយថា ពួកគេ​មិន​ធ្វើការ​ប្ដេជ្ញា​តាម​ការ​​ទាមទារ​ទាំងនេះ​ទេ​។​

​រដ្ឋាភិបាល​អាមេរិក​ជា​សា​ធា​រណៈ​មិនទាន់​បានបង្ហាញ​សញ្ញា​ថា​ ប្រសិនបើ​អ៊ី​រ៉ង់​ពន្យារ​ការចរចា ពួកគេ​នឹងដាក់​បន្ថែមទៀត​។ ប៉ុន្តែ​នៅក្នុង​សេត​វិមាន​មានការ​ប្រញាប់​ប្រញាល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដើម្បី​ពិចារណា​អំពី​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយចំនួន​ដែល​អាច​បង្កក​ការផលិត​អ៊ុយ​រ៉ានី​ញ៉ូ​ម​កម្រិត​សុទ្ធ​ខ្ពស់​របស់អ៊ី​រ៉ង់ និង​ការ​បំប្លែង​រ៉ែ​ទាំងនេះ​ទៅជា​ទម្រង់​លោហធាតុ ដែលជា​ជំហាន​ចាំ​​បាច់​ក្នុង​ការផលិត​ក្បាល​គ្រាប់​។ ជាការ​តបស្នង​វិញ សហរដ្ឋអាមេរិក​អាច​នឹង​បន្ធូរបន្ថយ​ទណ្ឌកម្ម​មួយចំនួន​។ វិធានការ​នឹងមិន​ដោះស្រាយ​បញ្ហា​នោះទេ ប៉ុន្តែ​វា​អាច​ផ្ដល់​ពេលវេលា​បន្ថែម​សម្រាប់​ការ​​ចរចា ខណៈពេលដែល​ពួកគេ​អាច​រារាំង​ការគំរាមកំហែង​របស់អ៊ី​ស្រា​អែល​ក្នុងការ​វាយប្រហារ​រោងចក្រ​របស់​អ៊ី​រ៉ង់​៕

វីដេអូ៖