​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកល​វិទ្យា​​ល័យ​ឥណ្ឌូនេស៊ី​នៅ​ទីក្រុង ​Depok បាន​រកឃើញ​វិធី​កែច្នៃ​កាហ្វេ​ទៅជា​កាបូន​ធ្យូងថ្ម​ម្យ៉ាង ដែល​អាច​បញ្ចូល​ទៅក្នុង​សារ​​ធាតុ​សកម្ម​បង្កើត​ចរន្ត​អាណូត​នៅក្នុង​អាគុយ​រថយន្ត​អគ្គិសនី (EV) ខណៈ​ប្រ​ទេស​នេះ​កំពុងមាន​មហិច្ឆតា​ចង់​ក្លាយជា​អ្នកលេង​នៅក្នុង​ឧស្សាហកម្ម​ថាមពល​ EV នេះ​។ នេះ​បើតាម​ការឱ្យ​ដឹង​ពីសារ​​ព័ត៌មាន CNA​។

​ការស្រាវជ្រាវ​របស់​ពួកគេ​ត្រូវ​បានប្រកាស ដោយ​សាកលវិទ្យាល័យ​នៅ​ដើម​​ខែ​នេះ​។ ក្រុម​ដដែល​នេះ ក៏បាន​រកឃើញ​វិធី​មួយ​ ដើម្បី​បំប្លែង​កាកសំណល់​សម្បក​ដូង​ទៅជា​កាបូន​ដែល​អាច​បញ្ចូល​ទៅក្នុង​សារធាតុ​សកម្ម​បង្កើត​ចរន្ត​អាណូត​ផងដែរ​។​

​ចរន្ត​អាណូត នៅក្នុង​អាគុយ​លី​ចូ​ម​ធ្វើឱ្យ​ចរន្តអគ្គិសនី​ហូរ​តាមរយៈ​សៀគ្វី​ខាងក្រៅ ស្រប​ពេលដែល​ចរន្ត​នេះ​ស្រូបយក​អ៊ី​យ៉ុង​លី​ចូ​ម ដែល​បញ្ចេញ​ចេញពី​កាតូដ​។

​ប្រធាន​ក្រុម​ស្រាវជ្រាវ​សាស្ត្រាចារ្យ Anne ZulfiaSyahrial ​បាន​ប្រាប់ CNA ថា​៖ «​ថ្ម​លី​ចូ​មអ៊ី​យ៉ុង​របស់​ពួកគេ ត្រូវបាន​ផលិត​ចេញពី​លី​ចូ​ម​ទី​តាន​អុកស៊ីត​ (LTO) ដែល​ផលិត​ចរន្តអគ្គិសនី​ដែលមាន​ស្ថេរភាព​ជាង បើ​ប្រៀបធៀប​ទៅនឹង​ថ្ម​ក្រា​ហ្វី​ត​លី​ចូ​ម ដែល​ប្រើ​ក្នុង​រថយន្ត EV​ ដែល​គេ​ឃើញ​ភាគច្រើន​»​។​

​ប្រភព​ដដែលបាន​និយាយថា លី​ចូ​ម​ទី​​តាន​អុកស៊ីត (LTO) មិន​ងាយ​នឹង​សៀគ្វី​ខ្លី​ក្នុងអំឡុងពេល​ដំណើរការ​សាក​ថ្ម​ទេ​។ ទោះជា​យ៉ាងណាក៏ដោយ សមត្ថភាព​របស់ LTO បញ្ចេញ​ថាមពល ១៧៥ មី​លី​អំពែ​ម៉ោង​ក្នុង ១​ ក្រាម ​ដែល​តិចជាង​ធ្យូងថ្ម​រាល់ដង​បញ្ចេញ​ថាមពល​ ៣៧២​ មី​លី​អំពែ​ម៉ោង​ ក្នុង ​១ ​ក្រាម​។​

​សាស្ត្រាចារ្យ Syahrial ​បាន​និយាយ​ថា​៖ «​ហើយ​នេះ​ជា​មូល​ហេតុដែល​យើង​ព្យាយាម​លាយ​សំណប៉ាហាំង ឬ​ស៊ី​លី​កុន និង​កាបូន​ដែល​បានធ្វើឱ្យ​សកម្ម​ពី​កាកសំណល់​សម្បក​ដូង​ទៅជា​សមាសធាតុ ដើម្បី​បន្ថែម​ថាមពល​។ យើង​ក៏​កែច្នៃ​កាក​កាហ្វេ និង​សូម្បីតែ​កាកសំណល់​ប្លា​ស្ទិ​ក​ទៅជា​ធ្យូងថ្ម​ដើម្បី​លាយ​ជាមួយនឹង​លី​ចូ​ម​ទី​តាន​អុកស៊ីត​ (LTO)»​។​

​លោក Bambang Priyono ​សហ​សេ​វិករ​បស់​សាស្ត្រាចារ្យ​ដដែល​បាន​និយាយថា​៖ «​លទ្ធផល​នេះ​ធ្វើឱ្យ​ទម្ងន់​ថ្ម​ស្រាល​ជាង​មុន និង​ពេលវេលា​សាក​ថ្ម​លឿន​ជាង​បើ​ប្រៀបធៀប​ទៅនឹង​ថ្ម​​ក្រា​ហ្វិ​ចលី​ចូ​ម​»​។​

​ទម្ងន់​របស់​លី​ចូ​ម​ទី​តាន​អុកស៊ីត​ (LTO) អាចមាន​ទម្ងន់​ស្រាល​ជាង​អាគុយ​ ២០០ ​គីឡូក្រាម ដែលជា​ធម្មតា​ត្រូវបាន​ប្រើ​​ប្រាស់​ក្នុង​រថយន្ត EV សព្វថ្ងៃនេះ​។ ទម្ងន់​របស់​វា​ដដែល​នេះ អាច​នឹងមាន​ទម្ងន់​សរុប​ប្រហែល​ ៥០០ ​គីឡូក្រាម​។ ​នៅពេលដែល​ថ្ម​កាន់តែ​ស្រាល ចម្ងាយចរ​របស់​រថ​យន្ត​ក៏​កាន់តែ​កើន​លឿន​។

​ប្រភព​ដដែល​បានឱ្យដឹងថា​៖ «​យើងបាន​រកឃើញថា​នៅក្នុង​កាកសំណល់​កាហ្វេ ភាគល្អិត អាច​បង្កើតជា​ភាគល្អិត​ណា​ណូ​ជាមួយនឹង​លក្ខខណ្ឌ​ផ្ទៃ​ល្អ​។ ពេល​ស្ថានភាព​នៃ​ផ្ទៃ​កាន់តែ​ល្អ អ៊ីយ៉ុង​ក៏មាន​កាន់តែច្រើន​ដែល​អាច​ផលិត​ថាមពល​កាន់តែ​ប្រសើរ​»​។​

​ទោះយ៉ាងណា​អាគុយ​ដែល​ប្រើប្រាស់​កាក​កាហ្វេ​នេះ ត្រូវការ​ពេល​ប្រហែល​ ៣០ ​នាទី ​ដើម្បី​សាក​ពេញ ខណៈ​អាគុយ EV ភាគច្រើន​ត្រូវការ​រហូតដល់ ២ ​ម៉ោង​ឯណោះ​។ ឥឡូវនេះ​អ្នកស្រាវជ្រាវ​កំពុង​ព្យាយាម​កាត់បន្ថយ​ពេលវេលា​សាក​ថ្ម​មក​ត្រឹម ​១៥ ​នាទី​ប៉ុណ្ណោះ​។​

​ការបង្កើត​ថ្មី​នេះ​កើតឡើង​ស្របពេល ដែល​ឥណ្ឌូនេស៊ី គឺជា​អ្នក​ផលិត​រ៉ែ​នី​កែ​ល (​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្ម​លី​​ចូ​ម​) ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​

​ក្នុង​ឆ្នាំ ​២០១៩ ​តែឯង ប្រទេស​នេះ​ផលិត​សារធាតុ​រ៉ែ​នី​កែ​ល​បាន​ដល់​ទៅ​ ៨០ ​ម៉ឺន​តោន ឬ​ប្រហែល ២៩,៦ ​ភាគរយ​នៃ​ចំនួន​សារធាតុ​រ៉ែ​នី​កែ​ល​សរុប​ក្នុង​ពិភពលោក​។ នេះ​បើ​យោងតាម​ក្រសួង​វិនិយោគ​របស់​ឥណ្ឌូនេស៊ី​។​

​អាគុយ គឺជា​សមាសធាតុ​សំខាន់​នៅក្នុង​រថយន្ត EV ហើយ​ត្រូវបាន​គេ​ជឿថា នឹង​រួមចំណែក​ប្រហែល ២៥ ​ភាគរយ​ទៅ ​៤០ ​ភាគរយ​នៃ​ការចំណាយ​របស់​រថយន្ត​។​

​កាលពី​ខែកញ្ញា ប្រធានាធិបតី Joko Widodo បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​អាគុយ​ EV ដំបូង​គេ​របស់​ប្រ​ទេស​នេះ​នៅ​ទីក្រុង Karawang ​ភាគ​ខាងលិច Java ដែលមាន​តម្លៃ​វិនិយោគ​ចំនួន ១,១​ ពាន់​លាន​ដុល្លារ​អាមេរិក​។ វា​ក៏​ជា​រោងចក្រ​ផលិត​ថ្ម EV ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ ​២០២៤​។​

​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា លោក Widodo បាន​និយាយថា​៖ «​រដ្ឋាភិបាល​កំពុង​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹង​​ប្រែង​ផ្សេងៗ ​ដើម្បី​បង្កើន​ការផលិត​រថយន្ត​អគ្គិសនី និង​រថយន្ត​កូនកាត់ ក្នុង​គោលបំណង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ EV ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​បំ​ភាយ​ឧស្ម័ន​ទាប​ផងដែរ​។​

​លោក​ប្រធានាធិបតី​ Widodo ​បន្ថែមថា​៖ «​យើង​ក៏​កំពុង​ជំរុញ​ការផលិត​រថយន្ត​​អគ្គិសនី ការផលិត​រថយន្ត​កូនកាត់​ប៉ុន្តែ​ជាថ្មី​ម្តងទៀត ពួកវា​ទាំងអស់​ត្រូវតែ​មិន​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​»​។

​អ្នក​បរិស្ថាន​បានចង្អុលបង្ហាញ​ថា មហិច្ឆតា​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​បំប្លែង​នី​កែ​ល​ទៅជា​អាគុយ នឹង​តម្រូវឱ្យ​វា​ប្រើ​ប្រាស់​ថាមពល​ច្រើន​។ ប្រជុំ​កោះ​នេះ​ពឹង​​ផ្អែក​យ៉ាងខ្លាំង​លើ​ធ្យូងថ្ម​សម្រាប់​ល្បាយ​ថាមពល​របស់​វា និង​ជា​ប្រទេសមួយ​ក្នុងចំណោម​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កំពូល​របស់​ពិភពលោក​។​ ដូច្នេះ​ផែនការ​នេះ​ប្រហែលជា​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​ការគិត​ពីដំបូង​ឡើយ​៕​