កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​​ អាជ្ញាធរ​រៀប​ចំ​ការ​បោះឆ្នោត​បាន​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​​ប្រទេស​វេណេស៊ុយ​អេឡា​​ ​នៃ​ការ​បោះឆ្នោត​ថ្នាក់​តំបន់​ និង​ថ្នាក់​មូលដ្ឋាន​ ដោយ​មិន​ផ្ដល់​តម្រុយ​ថា​លទ្ធផល​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ណានោះ​​ទេ​។

ប្រជាពលរដ្ឋ​វេណេស៊ុយ​អេឡា​ចំនួន​​ជាង​​ ២១ លាន​នាក់​ បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​អភិបាល​រដ្ឋ​ អភិបាល​ក្រុង​ និង​ក្រុម​ប្រឹក្សា​ក្រុង​នៅ​ទូទាំង​ប្រទេស​ជាង​ ៣ ០០០ អាសនៈ​។ ការ​បោះឆ្នោត​នេះ​គឺ​ជា​លើក​ដំបូង​ដែល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​បាន​ចូល​រួម បន្ទាប់​ពី​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា នៅ​ឆ្នាំ​ ២០១៨ និង​ ២០២០​។

ក្រុមប្រឹក្សា​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (CNE) របស់​ប្រទេស​នេះ​ បាន​និយាយ​នៅ​តាមរយៈ​ការ​បង្ហោះ​​សារ​មួយ​នៅ​លើ បណ្ដាញ​សង្គម​ Twitter ថា​៖ «ដូច​ដែល​បាន​ចែង​ក្នុង​ច្បាប់​ តារាង​បោះឆ្នោត​បាន​ចាប់​ផ្ដើម​ដំណើរការ​បិទ​។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វេណេស៊ុយ​អេឡា​លោក​ឧត្ដមសេនីយ៍​វ៉្លាឌីមៀរ ប៉ាដ្រីនូ ​បាន​និយាយ​ថា​ ស្ថានីយ​បោះឆ្នោត​កំពុង​ត្រូវ​បាន​បិទ «លើក លែង​តែ​កន្លែង​ដែល​នៅ​មាន​អ្នក​បោះឆ្នោត»​។

ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​វេណេស៊ុយ​អេឡា ​បាន​និយាយ​ថា ​ពួកគេ​បាន​ជួប​ប្រទះ​នឹង​ «ស្ថានភាព​មិន​ប្រក្រតី»​ នៅ​ក្នុង​រដ្ឋ Zulia ភាគ​ឦសាន​ប្រទេស ដែល​បុរស​ម្នាក់​ស្លាប់​ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។ បើ​តាម​របាយការណ៍​យោធា ឧប្បត្តិហេតុ​​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ បាន​កើត​ឡើង​ បន្ទាប់​ពី​ពាក់​កណ្ដាល​អធ្រាត្រ​នៅ​ជិត​ស្ថានីយ​បោះឆ្នោត​មួយ​៕