​ប្រធានាធិបតី​បេឡា​រុស ​លោក​ អា​ឡិច​សាន់​ឌ័​រ លូ​កា​សិន​កូ​ បាន​លើកឡើងថា ប្រទេស​របស់លោក​មិន​ចង់​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​ប្រទេស​ប៉ូឡូញ​ទេ ប៉ុន្តែ​ចង់ឱ្យ​មហាអំណាច​អឺរ៉ុប​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​លោក ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ជាមួយ​ប្រទេស​លោក ដោយ​បន្ថែមទៀតថា ប្រសិនបើ​វិបត្តិ​នេះ​កាន់តែ​លំបាក «​ឆ្ងាយ​ពេក សង្គ្រាម​គឺ​ចៀស​មិន​រួច​ទេ​»​។​

​កាលពី​ថ្ងៃ​ចន្ទ ទី ​២២ វិច្ឆិកា ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ BELTA របស់​បេឡា​រុស បាន​ដកស្រង់​សម្តី​លោក​លូ​កា​សិន​កូ​និយាយថា លោក​មិន​ចង់ឱ្យ​ស្ថានការណ៍​កើនឡើង បន្ទាប់ពី​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន ដែលមាន​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ដល់​ចុង​សប្ដាហ៍ នេះ​ជា​កន្លែង​ប្រឈមមុខ ដាក់គ្នា​រវាង​កងកម្លាំង​ឆ្មាំ​ព្រំដែន​ប៉ូឡូញ​ និង​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់ ដែល​ចង់​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​រស់​នៅក្នុង​សហភាព​អឺរ៉ុប​។​

​លោក​ លូ​កា​សិន​កូ ​និយាយថា​៖ «​យើង​ត្រូវ​បង្ហាញ​យ៉ាងច្បាស់​ទៅកាន់​ជនជាតិ​ប៉ូឡូញ ទៅកាន់​ជន​ជាតិ​ប៉ូឡូញ​ទាំងអស់​ថា យើង​មិនមែនជា​មនុស្ស​តិរច្ឆាន​ទេ ថា​យើង​មិន​ចង់បាន​ការប្រឈមមុខ​ដាក់គ្នា​ទេ​។ យើង​មិន​ត្រូវការ​វា​ទេ ព្រោះ​យើង​យល់ថា បើ​យើង​ទៅ​ឆ្ងាយ​ពេក សង្គ្រាម​គឺ​ចៀស​មិន​រួច​»​។

លោក​បន្តទៀតថា​៖ «​ហើយ​វា​នឹង​ក្លាយជា​មហន្តរាយ​មួយ​។ យើង​យល់ច្បាស់​អំពី​រឿងនេះ​។ យើង​មិន​ចង់​បានការ​ផ្ទុះឡើង​ប្រភេទ​ណាមួយ​ទេ​»​។​

​ប្រទេស​ប៉ូឡូញ និង​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​ពួកគេ​បាន​ចោទប្រកាន់​លោក​ លូ​កា​សិន​កូ ​ថា ​បានរៀបចំ​ឱ្យមាន​វិបត្តិ​។ ពួកគេ​និយាយថា រដ្ឋាភិបាល​លូ​កា​សិន​កូ​បាន​ដឹកជញ្ជូន​ជនអន្តោប្រវេសន៍ ដែល​ភាគច្រើន​មកពី​មជ្ឈិមបូព៌ា ចូល​ប្រទេស​បេឡា​រុស ហើយ​បញ្ជូន​ពួកគេ​ទៅកាន់​សហភាព​អឺរ៉ុប​តាមរយៈ​ព្រំដែន​ប្រទេស​ប៉ូឡូញ លី​ទុយ​អា​នី និង​ឡេ​តូ​នី ជាការ​សងសឹក​នឹង​ការដាក់​ទណ្ឌ​​កម្ម​របស់​អឺរ៉ុប​។​

​លោក​ លូ​កា​សិន​កូ បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ ហើយ​និយាយថា រដ្ឋាភិបាល​របស់លោក​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បានទេ លុះត្រាតែ​អឺរ៉ុប​ដក​ទណ្ឌកម្ម​។​

​កាលពី​សប្ដាហ៍​មុន​លោក​ លូ​កា​សិន​កូ បានធ្វើ​សំណើ​ផែនការ​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ដោយ​សហភាព​អឺរ៉ុប​នឹង​ទទួលយក​ជនអន្តោប្រវេសន៍​មួយចំនួន ហើយ​បេឡា​រុស​និង​ធ្វើ​មាតុភូមិនិវត្តន៍​អ្នក​សេសសល់​។ កាលពី​ថ្ងៃ​ចន្ទ លោក ​លូ​កា​សិន​កូ បាន​និយាយថា ប្រទេស​អាល្លឺម៉ង់ ដែលជា​គោលដៅ​ចម្បង​របស់​ជន​អន្តោ​ប្រវេសន៍​ភាគច្រើន យ៉ាងហោច​​ណាស់​ត្រូវ​ទទួល ២ ០០០ នាក់​ ហើយ​បេឡា​រុស​នឹងធ្វើ​មាតុភូមិ​និវត្តន៍​ចំនួន ៥ ០០០ ​នាក់​។​

​ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​ច្រានចោល​ទាំងស្រុង​ដោយ​ក្រុង​ប៊ែ​រ​ឡាំង និង​គណៈកម្មការ​អឺរ៉ុប​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ ​១ ​រូប បាន​និយាយថា​៖ «​គំនិត​នៃ​ការ​មាន​ច្រករបៀង​មនុស្សធម៌​ទៅកាន់​ប្រទេស​អា​​ល្លឺ​ម៉​ង់ ​សម្រាប់​ជន​ចំណាកស្រុក​ចំនួន ២ ០០០ នាក់ គឺ​មិនមែនជា​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​សម្រាប់​អាល្លឺម៉ង់​ឬ​សហភាព​អឺរ៉ុប​នោះទេ​»​។​

​ទីភ្នាក់ងារ​មនុស្សធម៌​ថា មាន​មនុស្ស​យ៉ាងហោចណាស់ ១៣ នាក់​បាន​ស្លាប់ នៅ​តំបន់​ព្រំដែន ដែលជា​ព្រៃ​មាន​អាកាសធាតុ​ត្រជាក់ និង​សើម ហើយ​មាន​កង្វះ​អាហារ និង​ទឹកស្អាត​។ ដោយ​​សារ​ការលំបាក​ក្នុង​ការចូល​សង្កេត​ក្នុង​តំបន់​នេះ គេ​គិតថា តួលេខ​ការស្លាប់​ជាក់ស្ដែង​អាច​ខ្ពស់​ជាងនេះទៅទៀត​។​

​ប្រទេស​ប៉ូឡូញ បាន​ចោទ​ប្រ​កាន់​បេឡា​រុស​ថា នៅ​បន្ត​ដឹកជញ្ជូន​ជនអន្តោប្រវេសន៍ និង​ជន​ភៀស​​ខ្លួន​មកកាន់​ព្រំដែន​សហភាព​អឺរ៉ុប បើទោះបីជា​បេឡា​រុស​បានធ្វើ​ប្រតិ​ប​ត្តិ​ការរុះរើ និង​បោសសម្អាត​ជំរំ​នៅ​ទីនោះ​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​។ បន្ទាប់ពី​ប្រតិបត្តិការ​បោសសម្អាត​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ភាគច្រើន ដែល​បាន​បោះជំរំ​នៅ​ព្រំដែន ត្រូវបាន​ផ្លាស់​ទៅ​ឃ្លាំង​មួយកន្លែង​ក្នុងប្រទេស​បេឡា​រុស ហើយ​ខ្លះទៀត​បានធ្វើ​មាតុភូមិនិវត្តន៍​នៅលើ​ជើងហោះហើរ​ទី​១៕

វីដេអូ៖