សហរដ្ឋអាមេរិក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​លទ្ធិ​ប្រជាធិបតេយ្យ​ «​ដើរ​ថយ​ក្រោយ​» របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ «វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ និង​ជំនួយ​ការ​បោះឆ្នោត​» (IDEA) ដោយ​សំដៅ​​ទៅលើ​«ការ​ពុក​ផុយ​ដែល​អាច​មើល​ឃើញ» ចាប់​ផ្ដើម​ពី​ឆ្នាំ ២០១៩​ កន្លង​មក​។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ស្តុកហូម​ ប្រទេស​ស៊ុយអែត​ បាន​ធ្វើ​ការ​វាយ​តម្លៃ​របស់​ពួកគេ​តាម​រយៈ​សូចនាករ​ប្រជាធិបតេយ្យ​ពី​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ពួកគេ​បាន​បែង​ចែក​ចំនួន​ប្រទេស​ជាង​ ១៦០ នៅ​ជុំវិញ​ពិភពលោក​ជា​៣​ប្រភេទ​គឺ​៖ លទ្ធិ​ប្រជាធិបតេយ្យ «​ដើរ​ថយក្រោយ» រដ្ឋាភិបាល​ «កូន​កាត់» និង​របប​ផ្ដាច់​ការ​។

របាយការណ៍​របស់​ IDEA ដែល​មាន​ចំណង​ជើង​ថា​ «ស្ថានភាព​សកល​នៃ​ប្រជាធិបតេយ្យ​ឆ្នាំ ២០២១» បាន​សរសេរ​ថា​៖ «ឆ្នាំ​នេះ​យើង​បាន​សរសេរ​កូដ​ថា​សហរដ្ឋអាមេរិក​ កំពុង​ដើរ​ថយ​ក្រោយ​ជា​លើក​ដំបូង ​ប៉ុន្តែ​ទិន្នន័យ​របស់​យើង​បាន​បង្ហាញ​ថា​ការ​ថយ​ក្រោយ​បាន​ចាប់​ផ្តើម​យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ ២០១៩​»។

របាយការណ៍​នេះ​បន្ត​ទៀត​ថា​៖ «របត់​ប្រវត្តិសាស្ត្រ​មួយ​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០២០-២១ នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​ចោទ​សួរ​ពី​ភាព​ស្រប​ច្បាប់​នៃ​លទ្ធផល​ការ​បោះឆ្នោត​ឆ្នាំ ២០២០ នៅ​សហរដ្ឋអាមេរិក​»​។ ពួកគេ​ក៏​បាន​កត់​សម្គាល់​ថា​ការ​ប្រកាន់​បក្ស​ពួក​គឺ​កំពុង​កើន​ឡើង​ ក៏​ដូចជា​ការ​កើន​ឡើង​នៃ​ច្បាប់​បោះឆ្នោត​នៅ​តាម​រដ្ឋ​នីមួយ​ៗ ដែល​ «ប៉ះពាល់​ដល់​ជនជាតិ​ភាគ​តិច​ក្នុង​លក្ខណៈ​អវិជ្ជមាន​ដោយ​មិន​សមាមាត្រ​»​។

របាយការណ៍​បាន​និយាយ​ថា​ចំនួន​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​ថយ​ក្រោយ​នៅ​លើ​ពិភព​លោក​បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​ទសវត្សរ៍​កន្លង​មក​។ បន្ថែម​ពី​លើ​សហរដ្ឋអាមេរិក បញ្ជី​នេះ​ក៏​រួម​មាន​សមាជិក​សហភាព​អឺរ៉ុប​ហុងគ្រី ប៉ូឡូញ និង​ស្លូវេនី​ផង​ដែរ​។ ប្រទេស​ចំនួន​ ២ ដែល​មាន​នៅ​ក្នុង​បញ្ជី​កាល​ពី​ឆ្នាំ​មុន គឺ​អ៊ុយក្រែន និង​ម៉ាសេដូនី​ខាងជើង ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ស្ថានភាព​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​៕