​ប្រទេស​ចិន ​បាន​សម្ដែង​ការ​គាំ​ទ្រ​ចំពោះ​តំបន់​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​នៅ​អាស៊ីអាគ្នេយ៍ ខណៈពេលដែល​ខ្លួន​ស្វែងរក​ការពង្រឹង​សម្ព័ន្ធភាព​ក្នុង​តំបន់ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិសុខ AUKUS រវាង​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។​

​ខណៈពេលដែល​ទីក្រុង​ប៉េកាំង ​មិនទាន់បាន​ចុះហត្ថលេខា​លើស​ន្ធិ​សញ្ញា​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដើម្បី​ទប់ស្កាត់​វត្តមាន​អាវុធ​នុយក្លេអ៊ែរ​នេះ​តំបន់ បើទោះបីជា​មានការ​​បង្ហាញ​ឆន្ទៈ​ក្នុង​ការធ្វើ​ដូច្នេះ​អស់​រយៈពេល​ជាង ​២​ ទសវត្សរ៍​មកហើយ​ក៏​ដោយ​អ្នកវិភាគ​មួយចំនួន​បាន​និយាយថា ​សម្ពាធ​ពី​សម្ព័ន្ធ​ AUKUS អាចជួយ​ជំរុញ​ឱ្យ​ដំណើរការ​នេះ​ទៅមុខ​។​

​ចុះហត្ថលេខា​ដោយ​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​ ១៩៩៥ សន្ធិសញ្ញា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ីអាគ្នេយ៍ (SEAN WFZ) គឺជា​ការប្ដេជ្ញា​ហាមឃាត់​វត្តមាន​អាវុធ​នុយក្លេអ៊ែរ និង​អាវុធ​ប្រ​ល័យ​លោក​ដទៃទៀត​មិន​ឱ្យចូល​តំបន់​នេះ​។ ក្រោម​សន្ធិសញ្ញា​នេះ សមាជិក​អាស៊ាន បាន​ប្ដេជ្ញា​មិន ធ្វើការ​អភិវឌ្ឍ ផលិត ឬ​ស្តុក​អាវុធ​នុយក្លេអ៊ែរ ហើយ​ក៏បាន​ប្ដេជ្ញា​មិន​ទទួល​ជំនួយ​ពី​ខាងក្រៅ​ក្នុង​ការធ្វើសកម្មភាព​ទាំង​​នេះ​។ មហាអំណាច​នុយក្លេអ៊ែរ​ទាំង​៥​រួមមាន​ចិន សហរដ្ឋ​អា​មេ​រិ​ក រុស្សី ចក្រភព​អង់គ្លេស និង​បារាំង មិនទាន់​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​នៅឡើយ​ទេ​។​

​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​-ចិន​ កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីន​ភីង ពោលថា​ប្រទេស​ចិន ​គាំទ្រ​កិច្ចខិតខំ​ប្រឹង​ប្រែង​ដើម្បី​កសាង​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​មាន​ឆន្ទៈ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា «​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។ លោក​ក៏បាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​អាស៊ាន ដោយ​ផ្ដោតទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​សន្តិសុខ និង​ការផ្គត់ផ្គង់​ថវិកា​អភិវឌ្ឍន៍​។​

​អ្នកវិភាគ​មួយចំនួន​គិតថា​ ភាព​តានតឹង​កាន់តែ​កើនឡើង​ក្នុង​តំបន់​កំពុង​កើនឡើង ជាពិសេស​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ា​ស៊ីន​​តោន​លើ​កិច្ចការ​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​តៃវ៉ាន់​សមា​ជិ​ក​អាស៊ាន​កាន់តែ​ចង់ឱ្យ​មហា​អំណាច​នុយក្លេអ៊ែរ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​។​

AUKUS បានអនុញ្ញាត​ឱ្យ​ប្រទេស​អូស្ត្រាលី​សាងសង់​នាវា​​មុជទឹក​ដើរ​ដោយ​ថាមពល​នុយ​​ក្លេ​អ៊ែរ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​សម្ងាត់​ចែករំលែក​ដោយ​អាមេរិក និង​អង់គ្លេស​។ ខណៈពេលដែល​អូស្ត្រាលី​បាន​ថា ខ្លួន​គ្មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ អ្នកជំនាញ​មួយចំនួន​ក៏​លើកឡើងថា បច្ចេកវិទ្យា​ទាំងនេះ​អាច​វិ​វ​ឌ្ឍ​យ៉ាង​លឿន​ទៅជា​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ​។​

​សមាជិក​អាស៊ាន ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បានបង្ហាញ​ការ​​ប្រឆាំង​ចំពោះ​ការបង្កើត​ AUKUS ដោយ​និយាយថា​ កិច្ចព្រមព្រៀង​នេះ​នឹង​បង្កឱ្យមាន​ភាព​តានតឹង​ក្នុង​តំបន់ ហើយនឹង​ធ្វើឱ្យ​មានការ​ប្រកួតប្រណាំង​សព្វាវុធ​។​

​កាលពី​ខែកញ្ញា រដ្ឋមន្ត្រី​ការ​បរ​​ទេស​ចិន លោក ​វ៉ាង យី បាន​និយាយ​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ថា AUKUS និង​ផែនការ​នាវាមុជទឹក អាច​បំផ្លាញ​ផែនការ​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​និយាយថា​៖ «​សហរដ្ឋ​អាមេរិក និង​អង់គ្លេស បាន​ជ្រើស​​រើស​មិន​ចូលរួម​ក្នុង​សន្ធិសញ្ញា SEANWFZ ។ ផ្ទុយទៅវិញ ពួកគេ​បាន​ផ្ទេរ​បច្ចេកវិទ្យា​នុយ​ក្លេ​អ៊ែរ​យោធា​ទៅកាន់​តំបន់​ក្រោមលេស​ផ្សេងៗ ហើយ​ថែមទាំង​ផ្គត់ផ្គង់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​កម្រិត​សុទ្ធ​ខ្ពស់​ទៅកាន់​តំបន់​នេះ​ទៀត ដែល​ផ្ទុយទៅនឹង​កិច្ច​-​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​ប្រ​​ទេស​អាស៊ាន​ក្នុង​ការកសាង​តំបន់​គ្មាន​នុយក្លេអ៊ែរ​»​។​

​យ៉ាងណាមិញ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​រួម​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​កាលពី​ខែសីហា​ សមាជិក​អាស៊ាន​បន្ត​ទំនាក់​​ទំនង​ជាមួយ​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ ជុំវិញ​សន្ធិសញ្ញា​នេះ ហើយ​កំពុង​ស្វែងរក​ការដោះស្រាយ​បញ្ហា​ដែល​នៅមាន​៕

វីដេអូ៖