បន្ទាប់ពីជម្លោះរយៈពេល ១ ឆ្នាំ ដែលសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំមនុស្សជាង ២ លាននាក់ ឱ្យផ្លាស់លំនៅនិងរុញច្រានផ្នែកខ្លះនៃប្រទេសចូលទៅក្នុងគ្រោះអត់ឃ្លាន ជំនោរនៃសង្រ្គាមស៊ីវិលនៅអេត្យូពីផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះកងកម្លាំងឧទ្ទាម។
ក្រុមអ្នកប្រយុទ្ធមកពីតំបន់ទីហ្រេ្គយ៍ (Tigray) ភាគខាងជើងនៃប្រទេស និងសម្ព័ន្ធមិត្តប្រកាសថា ខ្លួនកំពុងវាយលុកភាគខាងត្បូងឆ្ពោះទៅកាន់រដ្ឋធានីអាឌីសអាបេបា (Addis Ababa)បន្ទាប់ពីរុញច្រានកងទ័ពរដ្ឋាភិបាលពីតំបន់ទីហ្រេ្គយ៍កាលពីខែមិថុនា។
ក្រុមនេះសង្ឃឹមថា នឹងដណ្តើមយកផ្លូវដែលតភ្ជាប់ទៅកាន់កំពង់ផែក្នុងប្រទេសជិតខាងជីប៊ូទីដែលនឹងផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយ។ ក្រុមដែលដឹកនាំដោយរណសិរ្សរំដោះប្រជាជនទីហ្គេយ៍ (TPLF) នេះ ដណ្តើមយកទីក្រុងសំខាន់ៗចំនួន ២ នៅលើផ្លូវហាយវេទៅក្រុងអាឌីសអាបេបាកាលពីចុងខែតុលា។
ចំណែកឯរដ្ឋាភិបាលអេត្យូពីវិញ លោកនាយករដ្ឋមន្ត្រី Abiy Ahmed អំពាវនាវដល់ប្រជាពលរដ្ឋឱ្យលើកអាវុធ ដើម្បីទប់ស្កាត់ការរាលដាលរបស់ពួកឧទ្ទាមដែលលោកនិយាយថាជាអ្នកជំរុញប្រទេសឱ្យដួលរលំដើម្បីជាការឆ្លើយតប ទោះបីមានការសុំឱ្យបញ្ចប់ជម្លោះពីសហគមន៍អន្តរជាតិក្ដី។ក្នុងការអំពាវនាវចុងក្រោយបង្អស់ដែលចែកចាយលើបណ្ដាញសង្គមកាលពីថ្ងៃចន្ទ ជយលាភីណូបែលសន្តិភាពឆ្នាំ ២០១៩ រូបនេះ និយាយថា លោកនឹងទៅដឹកនាំទ័ពជួរមុខដើម្បីប្រឈមនឹងក្រុមឧទ្ទាម ដែលគេរាយការណ៍ថា កំពុងខិតកាន់តែជិតរដ្ឋធានី។
កាលពីដើមខែវិច្ឆិកា រដ្ឋាភិបាលអេត្យូពីប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដោយសារការកើនឡើងយ៉ាងឆាប់រហ័សនៃសង្រ្គាមដែលកំពុងតែហែកហួរប្រទេស និងធ្វើឱ្យអស្ថិរភាពបន្ថែមទៀតក្នុងតំបន់ស្នែងនៃទ្វីបអាហ្រ្វិក។ ចំណែកសប្ដាហ៍នេះ ប្រទេសនានាអំពាវនាវឱ្យប្រជាជនរបស់ខ្លួនជម្លៀសចេញពីអេត្យូពី ខណៈដែលអង្គការសហប្រជាជាតិបញ្ជាឱ្យជម្លៀសសមាជិកគ្រួសារនៃបុគ្គលិកអន្តរជាតិរបស់ខ្លួនជាបន្ទាន់។
តើមូលហេតុអ្វីបានជាធ្វើឱ្យអេត្យូពីស្ថិតក្នុងស្ថានការណ៍បែបនេះ?
ក្នុងខែកញ្ញាឆ្នាំមុនកងកម្លាំងTPLFដែលបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ៧០ ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបផ្តាច់ការយោធាម៉ាក្សនិយមរបស់ប្រទេសអេត្យូពីរៀបចំការបោះឆ្នោតសភាថ្នាក់តំបន់ដែលរដ្ឋាភិបាលសហព័ន្ធរបស់លោកAbiyចាត់ទុកថាខុសច្បាប់ ក្រោយមេដឹកនាំរូបនេះពន្យារពេលការបោះឆ្នោតសកលឆ្នាំ២០២០ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ហើយប៉ុន្មានសប្តាហ៍ក្រោយមក សមាជិកសភាអេត្យូពីក៏កាត់បន្ថយការផ្តល់មូលនិធិដល់តំបន់ទីហ្គ្រេយ៍។
ជម្លោះផ្ទុះឡើងនៅពេលដែលលោក Abiy ឡើងកាន់អំណាចក្នុងឆ្នាំ ២០១៨ បញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទីហ្គ្រេយ៍ ដើម្បីផ្តួលរំលំកងកម្លាំងTPLFដែលអង្គការវិបត្តិអន្តរជាតិបាន់ស្មានថា មានកងកម្លាំងប្រហែល ២៥០ ០០០ នាក់ក្នុងឆ្នាំ២០២០។
ការបញ្ជូនទ័ពរបស់លោកAbiy ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងTPLFធ្វើការវាយប្រហារមូលដ្ឋានយោធាសហព័ន្ធនៅទីហ្គ្រេយ៍ហើយព្យាយាមប្រមូលអាវុធ។ រដ្ឋាភិបាលអេត្យូពីបិទការទំនាក់ទំនងតាមអ៊ីនធឺណិត និងទូរស័ព្ទ ហើយប្រកាសដាក់តំបន់ទីហ្គេយ៍ក្នុងភាពអាសន្នរយៈពេល៥ខែ។ ប៉ុន្តែយោធាអេត្យូពីដែលគ្រប់គ្រងដោយមន្ត្រីភាគច្រើនមកពីតំបន់ទីហ្គេ្រយ៍ បានបែងចែកគ្នាហើយការប្រយុទ្ធក៏ផ្ទុះឡើងរវាងអង្គភាពគូប្រជែងនៅក្នុងតំបន់។
លោក Abiy ពង្រឹងកងកម្លាំងរបស់លោកនៅភាគខាងត្បូងនៃតំបន់ទីហ្គេ្រយ៍ចំពេលមានការចោទប្រកាន់ពីការវាយប្រហារលើជនស៊ីវិល។ ក្រោយមក កងកម្លាំងប្រទេសអេរីត្រេដែលជាអតីតសត្រូវរបស់អេត្យូពីវាយលុកតំបន់ទីហ្គ្រេយ៍ ពីភាគខាងជើងដើម្បីជាជំនួយដល់កងកម្លាំងរបស់លោកAbiy។
កងកម្លាំងសហព័ន្ធ និងសម្ព័ន្ធមិត្តដណ្ដើមកាន់កាប់រដ្ឋធានី Mekelle របស់តំបន់ទីហ្រ្គេយ៍និងទីក្រុងផ្សេងៗទៀតយ៉ាងឆាប់រហ័ស។ ប៉ុន្តែកងកម្លាំងTPLF និងអ្នកគាំទ្រប្រដាប់អាវុធរបស់ខ្លួន ភៀសខ្លួនទៅកាន់តំបន់ជនបទ និងតំបន់ភ្នំហើយជម្លោះចេះតែរ៉ាំរ៉ៃទៅៗ។
នៅចុងខែមិថុនាក្រុមឧទ្ទាមដណ្តើមយកមកវិញនូវទីក្រុងនៃតំបន់ទីហ្គេយ៍ភាគច្រើនរួមទាំងរដ្ឋធានីMekelleហើយចាប់ខ្លួនទាហានរបស់លោក Abiyរាប់រយនាក់ធ្វើជាឈ្លើយសឹក។ ចាប់តាំងពីពេលនោះមកកងកម្លាំងTPLF ក៏រុញចូលខ្លួនទៅក្នុងតំបន់ជិតខាង Afar និងAmhara។
ភាពចលាចលចុងក្រោយកើតឡើងនៅពេលដែលកម្លាំងTPLFចូលដៃគ្នាជាមួយកងទ័ពរំដោះជនជាតិOromoដែលជាក្រុមជនជាតិធំមួយរបស់អេត្យូពី ហើយធ្វើការប្រយុទ្ធឆ្ពោះទៅកាន់តែជិតនៃរដ្ឋធានីអាឌីសអាបេបា រហូតធ្វើឱ្យរដ្ឋាភិបាលអេត្យូពីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងការអំពាវនាវចុងក្រោយរបស់លោកនាយករដ្ឋមន្រ្តីAbiy៕
ហួន ឌីណា