ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី​រួមគ្នា​បើក​ក្រុម​នាវា​ឆ្លងកាត់​ប្រជុំ​កោះ​ជប៉ុន យោធា​ចិន និង​រុស្ស៊ី បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចូល​ដែនអាកាស​របស់​ជប៉ុន និង​កូរ៉េខាងត្បូង ធ្វើឱ្យ​ទីក្រុង​សេ​អ៊ូ​ល​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅធ្វើ​ការឆ្លើយតប​។

នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​អង្គារ ទី​ ២៣ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​លោក​ គី​ស៊ី ណូ​ប៊ូ​អូ បាន​សម្តែង «​ការព្រួយបារម្ភ​យ៉ាងខ្លាំង​» ចំពោះ​សមយុទ្ធ​យោធា​ទាំង​ ២​ នេះ ដែល​បាន​កើតឡើង​កាលពី​សប្ដាហ៍​មុន ដោយ​និយាយថា សកម្មភាព​របស់​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ូស្គូ​បង្ហាញ​យ៉ាងច្បាស់​ថា «​ស្ថានភាព​សន្តិសុខ​ជុំវិញ​ប្រ​ទេស​ជប៉ុន​ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​»​។​

​ខណៈពេលដែល​លោក​ណូ​ប៊ូ​អូ​និយាយ​បែបនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី និង​ចិន គឺ​លោក ​សឺ​ហ្គេ ស៊ូ​ហ្គូ និង​លោក ​វៃ ហ្វឹ​ង​ហឺ​ គឺ​កំពុង​ធ្វើ​ជំនួប​ពិភាក្សា​ពី​ចម្ងាយ ដោយ​ក្នុងនោះ​ពួកគេ​បាន​សរសើរ​សមយុទ្ធ​ដែនអាកាស និង​ទឹក​របស់​ពួកគេ​ថា​ជា «​ព្រឹត្តិការណ៍​សំខាន់​» ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​ថ្មី​មួយ ដើម្បី​បង្កើន​ទំនាក់ទំនង​ការពារជាតិ​ឱ្យ​កាន់​​តែ​ស៊ីជម្រៅ​។​

​ផែនទី​បង្ហាញផ្លូវ ដែល​បាន​ព្រមព្រៀង​ដោយ​ភាគី​ទាំង​ ២ បាន​កើន​ឡើង​នៅ​ចំណុចកំពូល​នៃ​ការរីក​ចម្រើន​កិច្ចសហប្រតិបត្តិការ​យោធា​មិន​ធ្លាប់​ពីមុនមក​នៅ​ឆ្នាំនេះ ដែល​រួមទាំង​ការចូលរួម​របស់​រុស្ស៊ី ជា​លើកដំបូង​ក្នុងការ​សមយុទ្ធ​នី​ង​ស៊ា​របស់​ចិន​កាល​ខែសីហា ក៏ដូចជា​ប្រកាស​ធ្វើការ​អភិវឌ្ឍ​រួមគ្នា​លើ​ឧទ្ធម្ភាគចក្រ​យោធា ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល និង​ស្ថានីយ​ស្រាវជ្រាវ​លើ​ព្រះ​ចន្ទ​។

​អ្នកវិភាគ​មួយចំនួន​បាន​និយាយថា ​ទំនាក់ទំនង​ចិន​រុស្សី​នៅពេល​បច្ចុប្បន្ន​គឺ​ទំនាក់ទំនង​ដ៏​រឹងមាំ​បំផុត ជិតស្និទ្ធ​បំផុត និង​ល្អ​បំផុត​ដែល​មិន​ធ្លាប់មាន ដោយ​គេ​កត់​សម្គាល់ថា ទំនាក់​ទំនងជា​ប្រវត្តិ​​សាស្ត្រ គឺ​ពោរពេញ​ទៅដោយ​ការ​មិន​ទុកចិត្ត​ទៅវិញទៅមក​រួមទាំង​ជម្លោះព្រំដែន​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ដែល​កាលនោះ ជិត​ឈានដល់​សង្គ្រាម​នុយក្លេអ៊ែរ​។​

​ប៉ុន្តែ​វា​មិន​ត្រឹមតែ​លើ​ការការពារ​ទេ​ដែល​អ្នក​ទាំង​ ២ បាន​ខិត​ទៅជិត​គ្នា​។

​ជុំវិញ​គោលនយោបាយ​ការ​បរ​ទេស ទីក្រុង​ប៉េកាំង និង​ម៉ូស្គូ​បាន​ចែករំលែក​ទស្សនៈ​ស្រដៀង​គ្នា​ទៅ​ជុំវិញ​បញ្ហា​ប្រទេស​អ៊ី​រ៉ង់ ស៊ី​រី និង​វេ​ណេ​ស៊ុយ​អេ​ឡា ហើយ​ថ្មីៗ​នេះ បាន​ស្តារឡើងវិញ​នូវ​ការជំរុញ​មួយ​ដើម្បី​ដក​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង​។​

​លោក​ប្រធានាធិបតី​ ស៊ី ជីន​ភីង និង ​វ្ល៉ា​ឌី​មៀរ ពូ​ទីន ​គឺមាន​ទំនាក់​ទំ​នង​ផ្ទាល់ខ្លួន ហើយ​បានធ្វើ​ជំនួប​ពិភាក្សា​ផ្លូវការ​ជាង ៣០ ​ដង ចាប់​តាំងពី​ឆ្នាំ​ ២០១៣​ មក​។ មេដឹកនាំ​ចិន​ថែមទាំង​ហៅ​មេដឹកនាំ​រុស្ស៊ី​ថា «​មិត្ត​ល្អ​» របស់លោក​។​

​សម្រាប់​ប្រទេស​ចិន រុស្ស៊ី គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​បំផុត​របស់ខ្លួន និង​ជា​ប្រភព​ផ្គត់ផ្គង់​ប្រេង​ធំជាងគេ​ទី​២​។ ហើយ​សម្រាប់​ប្រ​​ទេស​រុស្ស៊ី ប្រទេស​ចិន ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់ខ្លួន និង​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការវិនិយោគ​នៅក្នុង​គម្រោង​ថាមពល​របស់ខ្លួន​ដូចជា​រោងចក្រ​ចម្រាញ់​ឧស្ម័ន​ធម្មជាតិ​នៅ​តំបន់​អាក់ទិច និង​គម្រោង​បំពង់​បង្ហូរ​នៅ​តំបន់​ស៊ី​បេ​រី ដែលជា​គម្រោង​ធំជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​រុស្ស៊ី​មានតម្លៃ ៥៥ ពាន់​លាន​ដុល្លារ​។​

​ការធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ បានធ្វើឱ្យ​លោកខាងលិច​ព្រួយបារម្ភ ដោយ​ការវាយតម្លៃ​ចារកម្ម​របស់​អាមេរិក បាន​និយាយថា ការត្រួត​ស៊ី​រវាង​ចិន និង​រុស្ស៊ី គឺជា​ការគំរាមកំហែង​សន្តិសុខ​ដ៏​ធំ​បំផុត​ចំពោះ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​។ លោកខាងលិច​ឥឡូវនេះ​កាន់តែ​ចាត់វិធានការ​ដើម្បី​ប្រឆាំងនឹង​ប្រទេស​ទាំង ​២​។​

​ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​និយាយថា​ដើមឡើយ​ការរីកចម្រើន​ទំនាក់​ទំនង​ប្រទេស​ទាំង​ ២ គឺ​មិនមែន​ដើម្បី​ប្រឆាំង​លោកខាងលិច​ទេ​។ ទំនាក់ទំនង​រវាង​ចិន​នឹង​រុស្ស៊ី បាន​រីកចម្រើន​ដោយសារ​នៅពេល​បច្ចុប្បន្ន​ប្រទេស​ទាំង ​២​ កាន់​តែមាន​ផលប្រយោជន៍​រួមគ្នា​។ ពួកគេ​ក៏មាន​តម្រូវ​ជួយ​បំពេញបន្ថែម​ចន្លោះ​បច្ចេកវិទ្យា​ទៅវិញទៅមក ខណៈពេលដែល​លោកខាងលិច​មិនមាន​ឆន្ទៈ​ចែករំលែក​។ ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក៏​នឹង​ជួយ​ពង្រឹង​ភាពស្របច្បាប់ និង​ស្ថិរភាព​នៃ​របប​កាន់អំណាច​រៀងៗ​ខ្លួន​។​

​បន្ថែម​ពីលើ​កត្តា​ទាំងនេះ​សម្ពាធ​ពី​លោកខាងលិច ជា​ពិ​​សេស​អាមេរិក បាន​ជួយ​ព​ន្លឿ​ន​ការរីកចម្រើន​ទំនាក់ទំនង​ចិន​-​រុស្សី​។ សកម្មភាព​អាមេរិក​ក្នុង​បរិបទ​នេះ​រួមមាន​ចាត់ទុក​ប្រទេស​ទាំង​ ២​ ថា ​ជាការ​គំរាមកំហែង​សន្តិសុខ​ជាតិ​ដ៏​ធំ​បំផុត​របស់ខ្លួន ការដាក់ទណ្ឌកម្ម​លើ​ការ​​រំលោភសិទ្ធិ​មនុស្ស​ក៏ដូចជា​ការ​​កសាង​ដែល​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ម៉ូស្គូ ចាត់ទុកជា​សម្ព័ន្ធ​មិត្ត​ប្រឆាំង​រុស្ស៊ី​-​ចិន​៕

វីដេអូ៖