កាល​ពី​ថ្ងៃ​ពុធ ទី​ ២៤ វិច្ឆិកា​ ប្រទេស​រុស្ស៊ី​ ​បាន​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ ដែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​ ដោយ​និយាយ​ថា ​ពួកគេ​ត្រូវ​ការ​សំលៀង​សមត្ថភាព​ប្រយុទ្ធ​របស់​កងកម្លាំង​ធម្មតា ​និង​នុយក្លេអ៊ែរ​របស់​ខ្លួន​ ដោយ​សារ​ការ​កើន​ឡើង​សកម្មភាព​របស់​អង្គការ​ណាតូ​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​។

ប្រទេស​អ៊ុយក្រែន ដែល​ចោទ​ប្រកាន់​រុស្ស៊ី​ថា ​កំពុង​ត្រៀម​វាយ​ប្រហារ​ឈ្លាន​ពាន​ ក៏​បាន​ធ្វើ​សមយុទ្ធ​ «ប្រតិបត្តិការ​ពិសេស​» ដែល​រួម​មាន​ប្រតិបត្តិការ​ឆត្រយោង​ និងយន្តហោះ​គ្មាន​មនុស្ស​បើក​ នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​បេឡារុស​ ដោយ​មាន​ចូល​រួម​ពី​ទាហាន​ជាង​ ៨ ៥០០ នាក់​។

ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​រុស្ស៊ី​មួយ​បាន​បង្ហោះ​រូបភាព​ និង​វីដេអូ​ដែល​ពួកគេ​និយាយ​ថា បង្ហាញ​ពី​ចលនា​រថក្រោះ និង​រថយន្ត​យោធា​ផ្សេង​ទៀត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី​​នៅ​ជិត​ព្រំដែន​ជា​មួយ​អ៊ុយក្រែន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។

ការ​កើន​ឡើង​នៃ​សកម្មភាព​យោធា​ទាំង​សង​ខាង បាន​កើត​ឡើង​បន្ទាប់​ពី​ភាព​តានតឹង​កើន​ឡើង​ជា​ច្រើន​សប្ដាហ៍ ដែល​បាន​បង្កើន​ហានិភ័យ​នៃ​សង្គ្រាម​រវាង​អតីត​រដ្ឋ​របស់​សហភាព​សូវៀត​ទាំង​ ២ ​នេះ​ បើ​ទោះ​បី​ជា​រុស្ស៊ី​ បាន​បដិសេធ​ថា​ ពួកគេ​មិន​មាន​បំណង​ធ្វើ​ការ​ឈ្លានពាន​ទេ ហើយ​ប្រភព​ចារកម្ម​លោក​ខាង​លិច​បាន​និយាយ​ថា​ការ​ឈ្លាន​ពាន​មិន​ទំនង​នឹង​កើត​ឡើង​ទេ​។

អ៊ុយក្រែន ​គឺ​មិនមែន​ជា​សមាជិក​អង្គការ​ណាតូ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​ភាព​យោធា​នេះ​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​អ៊ុយក្រែន​ក្នុង​របៀប​ដែល​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ខឹង​សម្បាដូចជា​ការ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ និង​ការ​ផ្គត់ផ្គង់​នាវា​ល្បាត​អាមេរិក​ទៅ​ឱ្យ​កង​ឆ្មាំ​សមុទ្រ​អ៊ុយក្រែន​៕