អាជ្ញាធរ​អ៊ីរ៉ង់​​ បាន​ចាប់​ខ្លួន​បាតុករ​ចំនួន​៦៧​នាក់​ បន្ទាប់​ពី​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ទីក្រុង ​Isfahan ​​ភាគ​កណ្ដាល​នៃ​ប្រទេស​កាល​ពី​ថ្ងៃ​សុក្រ​ ជុំ​វិញ​ការ​តវ៉ា​ប្រឆាំង​នឹង​បញ្ហា​កង្វះ​ទឹក​​។

​កសិករ​ដែល​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​ការ​រីង​ស្ងួត​នៃ​ទន្លេ ZayandehRud​ ដែល​ហូរ​កាត់​​កណ្ដាល​ក្រុង​ ទាមទា​រ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ស្តារ​លំហូរ​ទឹក​​ទន្លេ​ ដើម្បី​ជួយ​ស្រោច​ស្រព​ដី​ស្រែ​ចម្ការ​​ដែល​បាត់​បង់​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ខុស​អស់​រយៈ​ពេល​រាប់​ឆ្នាំ​​។​ ប៉ូលិ​ស​អ៊ីរ៉ង់ ​​​ប្រើ​គ្រាប់​ផ្លោង​ទៅ​លើ​អាកាស​ និង​ដំបង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​មនុស្ស​ក្នុង​ការ​តវ៉ា​ដែល​មាន​មនុស្ស​ប្រមាណ​ជាង​ ៣ ០០០ នាក់​ចូល​រួម​។​

បាតុករ​ម្នាក់​ឈ្មោះ ​Hassan Tavakoli​ អាយុ​ ៤៧ ឆ្នាំ​​មក​ពី​ក្រុង ​Isfahan ​និយាយ​ប្រាប់​កាសែត​ញូវយ៉កថែ​មស៍​ថា​៖ ​«​ខ្ញុំ​​មិន​​ដែល​​រំពឹង​​​ថា​​គេ​​ធ្វើ​​បែប​​នេះ​​ដាក់​​យើង​ វាយ​​យើង​ បាញ់​​មក​​លើ​​យើង​ និង​​ធ្វើ​​ឱ្យ​​កសិករ​​រង​​របួស​ទេ​»​។​ កសិករ​ដែល​មាន​ដី​ធ្វើ​កសិកម្ម​៣​ហិក​តា​​គ្មាន​ទឹក​ស្រោច​ស្រព​ដំណាំ​ជាង​ ១ ឆ្នាំ​រូប​នេះ​បន្ត​ថា​៖​ «​យើង​​​គ្មាន​​​សល់​អ្វី​នៅ​លើ​​​​​​ដី​​ទេ​​ យើង​​​គ្រាន់​​​​តែ​​សុំ​​សិទ្ធិ​​ប្រើ​ប្រាស់​ទឹក​​របស់​​យើង​ប៉ុណ្ណោះ​»។

​អ៊ីរ៉ង់​​បន្ទោស​គ្រោះ​រាំងស្ងួត​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​ជុំ​វិញ​កង្វះ​ខាត​ទឹក​ ខណៈ​ដែល​អ្នក​រិះគន់​​ចង្អុល​បង្ហាញ​ពី​ការ​គ្រប់​គ្រង​ទឹក​មិន​ត្រឹម​ត្រូវ​​ថា​ជា​កត្តា​រួម​ចំណែក​។​ សម្រាប់​ក្រុង ​Isfahan ​ទឹក​ត្រូវ​បាន​បង្វែរ​តាម​បំពង់​ក្រោម​ដី​ឆ្ងាយ​ពី​ដី​ស្រែ​ចម្ការ​ឆ្ពោះ​​ទៅ​​តំបន់​ឧស្សាហកម្ម​ក្នុង​ខេត្ត​វាល​ខ្សាច់ ​Yazd ​ជាដើម​។​

អ្នក​ជំនាញ​លើ​បញ្ហា​កង្វះ​ទឹក​​អ៊ីរ៉ង់​និយាយថា​ ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​ការ​ថយ​ចុះ​នៃ​ទឹក​ភ្លៀង​ធ្វើ​ឱ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​ភាព​រាំង​ស្ងួត​ដែល​បណ្តាល​មក​ពី​ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​។​

លោក​ Kaveh Madani ​អ្នក​ជំនាញ​ទឹក​ដ៏​ល្បី​ល្បាញ​លើ​ពិភព​លោក​ និង​ជា​អតីត​អនុប្រធាន​ទីភ្នាក់ងារ​បរិស្ថាន​​អ៊ីរ៉ង់​​និយាយ​ថា៖​ «​នេះ​គឺ​ជា​ការ​ក្ស័យ​ធន​ទឹក​ មាន​អ្នក​កាន់​កាប់​ទឹក​ជា​ច្រើន​ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​។​ ប្រជាជន​នៅ​ផ្នែក​ខាង​លើ​ និង​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ ​ZayandehRud កំ​ពុង​សុំ​ទឹក​ឱ្យ​បាន​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​។​ ប៉ុន្តែ​​នេះ​​ជា​​បេសកកម្ម​​មិន​​អាច​​​ទៅ​​រួច​»។​

​ឧតុនិយម​អ៊ីរ៉ង់​ប៉ាន់​ប្រមាណ​ថា​ ប្រហែល ​៩៧ ​ភាគ​រយ​នៃ​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​គ្រោះរាំ​ង​ស្ងួត​ក្នុង​កម្រិត​ខុស​គ្នា​។​ អតីត​រដ្ឋ​មន្ត្រី​ថាមពល​របស់​ប្រទេស​នេះ​ព្រមាន​កាល​ពី​ខែ​ឧសភា​ថា​ ​អ៊ីរ៉ង់​នឹង​ជួប​​រដូវ​ក្តៅ​ដ៏​ស្ងួត​បំផុត​ក្នុង​រយៈ​ពេល ​៥០ ​ឆ្នាំ​ ហើយ​សីតុណ្ហភាព​នឹង​ឡើង​ដល់​ ៥០​ អង្សាសេ​ ដែល​នឹង​នាំ​ឱ្យ​មាន​ការ​កាត់​ផ្តាច់​ថាមពល​អគ្គិសនី​ និង​កង្វះ​ខាត​ទឹក។​

កាល​ពី​ខែ​កក្កដា​ ការ​តវ៉ា​​​ផ្ទុះ​ឡើង​ជុំ​វិញ​ការ​ខ្វះ​ខាត​ទឹក​នៅ​ភាគ​និរតី​នៃប្រ​ទេស​ដែល​ជា​កន្លែង​ផលិត​ប្រេង​ ដោយ​ប្រធាន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ​រិះគន់​ជុំ​វិញ​ការ​បាញ់​សម្លាប់​អ្នក​តវ៉ា​។ ​ទោះជាយ៉ា​ងណា​​ រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​​ច្រាន​ចោល​ការ​រិះគន់​នេះ​៕

ហួន ឌីណា