រដ្ឋាភិបាល​បារាំង​កំពុង​ពិចារណា​ផ្តល់​ស្វ័យភាព​មួយចំនួន​ដល់​តំបន់​ប្រជុំ​កោះ Guadeloupe បន្ទាប់ពី​កុបកម្ម និង​ការតវ៉ា​ធំៗ​ប្រឆាំង​នឹង​ការរឹតបន្តឹង​ ដើម្បី​ទប់ស្កាត់​ការរាលដាល​នៃ​វីរុស​កូរ៉ូណា ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​រអាក់រអួល កើត​ឡើងលើ​កោះ​លើ​សមុទ្រ​ការ៉ាអ៊ីប​មួយ​នេះ​។

រដ្ឋមន្ត្រី​បារាំង​ទទួលបន្ទុក​កិច្ចការបរទេស​លោក​ Sebastien Lecornu និយាយ​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​និយាយ​អំពី​ស្វ័យភាព​សម្រាប់​កោះ​នេះ​។​

លោក​ថា​៖ «​មន្ត្រី​ជាប់ឆ្នោត​មួយចំនួន​សួរ​សំណួរ​អំពី​ស្វ័យភាព​។ យោងទៅតាម​ពួកគេ​បណ្ដុំ​កោះ​ Guadeloupe អាច​គ្រប់គ្រង​ខ្លួនឯង​ប្រសើរ​ជាង​។ ពួកគេ​ចង់បាន​សមភាព​តិច​ជាមួយ​បារាំង​ និង​សេរីភាព​ក្នុង​ការសម្រេចចិត្ត​ដោយ​មន្ត្រី​ជាប់ឆ្នោត​ក្នុង​តំបន់​ច្រើន​»​។

កុបកម្ម​នៅ Guadeloupe ដែលជា​ប្រជុំ​កោះ​ចំនួន​ ៧ ​ក្រោម​ការគ្រប់គ្រង​របស់​បារាំង តាំងពី​ឆ្នាំ​ ១៦៧៤ ​និង​កោះ Martinique ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បារាំង​ដូចគ្នា ផ្ទុះឡើង​ជាច្រើន​ថ្ងៃ​មកហើយ ដើម្បី​ប្រឆាំង​នឹង​វិធានការ​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​បារាំង​ដាក់ចេញ​។ ពលរដ្ឋ​ក៏មាន​ការខឹងសម្បា​ផងដែរ​ចំពោះ​ភាពអត់​ការងារ​ធ្វើ​ខ្ពស់ និង​បណ្ណ​សុខភាព​ដែល​តម្រូវឱ្យ​ខ្លួន​បង្ហាញ​ពី​តេស្ត​អវិជ្ជមាន​នៃ​វីរុស​កូរ៉ូណា ឬ​ភ័ស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង​មុននឹង​ចូលទៅក្នុង​ទីសាធារណៈ​។

ការប្រកាស​របស់លោក​ Lecornu ​កាលពី​ថ្ងៃ​សុក្រ​ត្រូវបាន​អ្នកនយោបាយ​នាំមុខគេ​មួយចំនួន​នៅ​បារាំង​ធ្វើការ​រិះគន់​។ លោក​ Xavier Bertrand ដែលជា​អ្នកនយោបាយ​អភិរក្សនិយម​ត្រៀមខ្លួន​ប្រកួតប្រជែង​នឹង​តំណែង​ប្រធានាធិបតី​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីធើរ​របស់លោក​ថា ប្រជាជន​រស់នៅ​ប្រជុំ​កោះ Guadeloupe ​និង​កោះ​ Martinique មិន​ចង់ឱ្យ​បារាំង​គ្រប់គ្រង​តិចជាង​នេះ​ទេ ផ្ទុយទៅវិញ​ពួកគេ​ចង់ឱ្យ​បារាំង​ឈរ​នៅ​ខាង​ពួកគេ និង​ធ្វើការ​ទទួល​ខុសត្រូវ​។

លោក​ Lecornu ​និយាយថា ការបើក​កិច្ចសន្ទនា​ជាមួយ​ប្រជាពលរដ្ឋ​នឹង​ជា​ផលប្រយោជន៍​ដ៏ល្អ​បំផុត​របស់​ភាគី​ទាំងអស់​។ ​លោក​បន្ដថា​៖ «​កញែក​អាក្រក់​ទេ​។ ដរាបណា​ការជជែក​ដេញដោល​ទាំងនេះ​បម្រើ​ ដើម្បី​ដោះស្រាយ​បញ្ហា​ពិតប្រាកដ​របស់​ប្រជាជន​រស់នៅ​ប្រជុំ​កោះ​ Guadeloupe»៕

ហួន ឌីណា