លោក​ មូឡា មហាម៉ាត់ ហាសាន់ អាឃុន ត្រូវបាន​ក្រុម​តាលីបង់​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ «​កុំ​បដិសេធ​មិន​ផ្ដល់ជំនួយ​របស់​ពួកគេ​» ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ស្រេកឃ្លាន​ធ្ងន់ធ្ងរ​នៅ​រដូវរងា​នេះ​។

ក្នុង​សារ​សំឡេង​មួយ​ជាង​កន្លះ​ម៉ោង​ដែលជា​សេចក្ដី​ថ្លែងការណ៍​លើកដំបូង​របស់លោក​ អាឃុន ចាប់តាំងពី​តាលីបង់​ចូលកាន់​អំណាច​កាលពី​ខែសីហា លោក​បាន​លើកឡើងថា​៖ «​យើង​កំពុង​ព្យាយាម​តាម​ដែល​អាចធ្វើ​ទៅបាន​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។ យើង​កំពុងធ្វើការ​ថែម​ម៉ោង​នៅ​គ្រប់​នាយកដ្ឋាន​»​។

លោក​ អាឃុន បាន​ចោទប្រកាន់​រដ្ឋាភិបាល​គាំទ្រ​ដោយ​អាមេរិក​ដែល​លោក​ទម្លាក់​ពី​អំណាច ថា​បាន​បង្ក​វិបត្តិ​អត់ឃ្លាន ភាព​អត់​ការងារ​ធ្វើ និង​ការជាប់គាំង​សេដ្ឋកិច្ច​។ លោក​បាន​និយាយថា​៖ «​ប្រជាជាតិ ចូរ​ប្រុង​ប្រយ័ត្ន​។ អ្នក​នៅ​សេសសល់​ពី​រដ្ឋាភិបាល​មុន​ដែល​កំពុង​លាក់ខ្លួន គឺ​កំពុង​បង្ក​ការភិតភ័យ និង​បំភាន់​ប្រជាពលរដ្ឋ​មិនឱ្យ​ទុកចិត្ត​រដ្ឋាភិបាល​»​។

នាយករដ្ឋមន្ត្រី​រូបនេះ​បាន​អះអាងថា រដ្ឋាភិបាល​របស់លោក​បាន​បង្ក្រាប​អំពើពុករលួយ​ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្វីដែល​លោក​ហៅថា «​ប្រព័ន្ធ​ខ្សោយ​បំផុត​ក្នុង​ពិភពលោក​»​។ លោក​បាន​បន្តថា រដ្ឋាភិបាល​ក៏​កំពុងធ្វើការ​រក​វិធី​បើកប្រាក់​ខែ​ដល់​បុគ្គលិក​រដ្ឋាភិបាល​រាប់ពាន់នាក់ ដែល​នៅ​មិនបាន​ប្រាក់ខែ​នៅឡើយ​។

លោក​និយាយថា​៖ «​យើង​ស្នើឱ្យ​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ទាំងអស់​កុំ​បដិសេធ​មិន​ផ្ដល់ជំនួយ​របស់​ពួកគេ ហើយ​ជួយ​ប្រទេសជាតិ​ដែល​ហត់នឿយ​របស់​យើង ដូច្នេះ​បញ្ហា​របស់​ប្រជាជន​អាច​ត្រូវបាន​ដោះស្រាយ​»​។

លោក​ក៏បាន​អំពាវនាវ​ឱ្យ​អាមេរិក​ដោះលែង​ប្រាក់​បម្រុង​ជាង​ ១០ ​ពាន់​ដុល្លារ​របស់​ធនាគារកណ្ដាល​អាហ្វហ្គានីស្ថាន ដែល​ត្រូវ​បង្ក​បន្ទាប់​ការដួលរលំ​នៃ​របប​កាន់អំណាច​មុន​។

ទីភ្នាក់ងារ​ផ្ដល់ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយថា ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​អាហ្វហ្គានីស្ថាន​គឺ​ប្រឈមមុខ​នឹង​ភាពអត់ឃ្លាន​ដែល​អាចជា​គ្រោះ​ទុរ្ភិក្ស​ដ៏អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ហើយ​ការដួលរលំ​សេដ្ឋកិច្ច​នឹងធ្វើ​ឱ្យ​បញ្ហា​នេះ កាន់តែ​លំបាក​។ ប្រជាជន​ជាច្រើន​បាន​លក់​ទ្រព្យសម្បតិ្ត ហើយ​សូម្បីតែ​កូនៗ​របស់​ពួកគេ​ដើម្បី​ទិញ​ស្បៀង​។

លោក​ អាឃុន បាន​និយាយថា គ្រោះទុរ្ភិក្ស​នេះ​គឺជា «​ការសាកល្បង​ពី​ព្រះជាម្ចាស់ បន្ទាប់ពី​មនុស្ស​បាន​បះបោរ​ប្រឆាំងនឹង​ព្រះអង្គ​»​។

សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេងទៀត​បាន​បដិសេធ​មិន​ទទួលស្គាល់​ក្រុម​តាលីបង់​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បញ្ចប់​ជំនួយ ដែល​ប្រហែល​ស្មើនឹង​ ៧៥ ​ភាគរយ​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​។ ធនាគារ​ពិភពលោក (WB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏បាន​បញ្ចប់​ប្រាក់កម្ចី​អន្តរជាតិ​ឱ្យ​ប្រទេស​នេះ​ផងដែរ​។

បណ្ដា​ប្រទេស​លោកខាងលិច​បាន​សន្យា​ថា នឹង​រក្សា​ការបិទផ្លូវ​សេដ្ឋកិច្ច​ចំពោះ​មេដឹកនាំ​ថ្មី​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​រហូតដល់​ពេលដែល​ក្រុម​តាលីបង់​បង្កើត​រដ្ឋាភិបាល​ដែល​រួមបញ្ចូល​គ្រប់ភាគី និង​ទទួលស្គាល់​សិទ្ធិ​ស្ត្រី​។

លោក​ អាឃុន បាន​និយាយថា រដ្ឋាភិបាល​ថ្មី​របស់លោក បានរួម​បញ្ចូល​គ្រប់ភាគី​ពី​ទូទាំងប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ការដក​ស្ត្រី​ចេញពី​កន្លែងធ្វើការ និង​សាលារៀន គឺ​ដើម្បី «​រក្សា​ភាពថ្លៃថ្នូរ​របស់​ស្ត្រី​»​។

លោក​ អាឃុន បាន​សន្យាថា រដ្ឋាភិបាល​របស់លោក​នឹង​ «​មិន​ជ្រៀតជ្រែក​» ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ទេ​។

«​យើង​ធានា​ដល់​ប្រទេស​ទាំងអស់​ថា យើង​នឹងមិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ ហើយ​យើង​ចង់​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​ជាមួយ​ពួកគេ​» លោក​ អាឃុន និយាយ​បែបនេះហើយ​បន្តទៀតថា​៖ «​យើង​លង់​នឹង​បញ្ហា​របស់​យើង ហើយ​យើង​កំពុង​ព្យាយាម​យក​កម្លាំង​ដើម្បី​នាំ​ប្រជាជន​យើង​ចេញពី​ទុក្ខលំបាក ដោយមាន​ជំនួយ​ពី​ព្រះ​»​។

យ៉ាងណាមិញ​លោក​ អាឃុន សមាជិក​ជើង​ចាស់​នៃ​ក្រុម​តាលីបង់ និង​ជា​សហការី ហើយក៏​ទីប្រឹក្សានយោបាយ​ដ៏ជិតស្និទ្ធ​របស់លោក​ មូឡា អូម៉ា ជា​ស្ថាបនិក ព្រមទាំង​ជា​មេដឹកនាំ​កំពូល​ទី​ ១ របស់​តាលីបង់​។ លោក​ អាឃុន ដែល​គេ​ប៉ាន់​ស្មានថា​មាន​អាយុ​ជាង​ ៦០ ឆ្នាំ បាន​ដើរតួ​ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​រដ្ឋាភិបាល​តាលីបង់​ទី ​១ កាលពី​ឆ្នាំ​ ១៩៩៦ ដល់ ២០០១​។ លោក​ត្រូវបាន​គេ​ដាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយសារ​លោក​មាន​ទំនាក់ទំនង​នឹង "​អំពើ និង​សកម្មភាព​" របស់​ក្រុម​តាលីបង់​៕

វីដេអូ៖