កាល​ពី​ថ្ងៃ​សៅរ៍សប្ដាហ៍​មុន​ ប៉ូលិស​អេស្ប៉ាញ​រាប់​ពាន់​នាក់ ​បាន​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រាជធានី​ម៉ាឌ្រីដ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សំណើ​កំណែ​ទម្រង់​ច្បាប់​សន្តិសុខ ដោយ​អះអាង​​ថា​វា​នឹង​រារាំង​ដល់​សមត្ថភាព​ធ្វើ​ការ​របស់​ពួកគេ​។

អ្នក​នយោបាយ​មក​ពី​គណបក្ស​អភិរក្ស​និយម​ធំ​ៗ​៣របស់​ប្រទេស​អេស្ប៉ាញ​ បាន​ចូល​រួម​ជាមួយ​មន្ត្រី​ប៉ូលិស​ក្នុង​ការ​តវ៉ា​ប្រឆាំង នឹង​សំណើ​កំណែ​ទម្រង់​ចំពោះ​ច្បាប់​ស្ដី​ពី​សន្តិសុខ​ប្រជាពលរដ្ឋ​ឆ្នាំ ២០១៥ ដែល​អ្នក​រិះគន់​និយាយ​ថា​ បំពាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម និង​ដាក់​កម្រិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។

ការ​ដាក់​ឈ្មោះ​ថា​ «ច្បាប់​រិតត្បិត​ការបញ្ចេញ​មតិ​» ដោយ​ក្រុម​អ្នក​ប្រឆាំង​ ច្បាប់​នេះ​ អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ផាក​ពិន័យ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំពោះ​ការ​ចេញ​ផ្សាយ​រូបភាព​ប៉ូលិស​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម និង​ផាក​ពិន័យ​យ៉ាង​ធ្ងន់​ទៅ​លើ​អ្នក​ល្មើស​។

រដ្ឋាភិបាល​ឆ្វេង​និយម​របស់​អេស្ប៉ាញ​ បាន​ស្នើ​កំណែ​ទម្រង់​មួយ​ចំនួន​ ដែល​រួមមាន​ការ​បញ្ឈប់​ការ​ចាត់​ទុក​ការ​ថត​រូប​ ឬ​ថត​សំឡេង​ប៉ូលិស​ក្នុង​អំ​ឡុង​ពេល​បាតុកម្ម​ជា​បទ​ល្មើស​ធ្ងន់ធ្ងរ​។ កំណែ​ទម្រង់​នេះ​ក៏​តម្រូវ​ឱ្យ​ប៉ូលិស​ប្រើប្រាស់​ឧបករណ៍​បង្ក្រាប​បាតុកម្ម​ ​បង្ក​ផល​ប៉ះពាល់​តិចតួច​ បន្ទាប់​ពី​បាតុករ​មួយ​ចំនួន​រង​របួស​ធ្ងន់ធ្ងរ​ពី​គ្រាប់​ជ័រ​។

ក្រុម​គណបក្ស​ស្ដាំ​និយម និង​ប៉ូលិស​បាន​និយាយ​ថា ​កំណែ​ទម្រង់​បែប​នេះ​ គឺ​ប្រឆាំង​នឹង​ប៉ូលិស​ ហើយ​រដ្ឋាភិបាល​គួរ​តែ​មិន​ធ្វើ​កំណែ​ទម្រង់​ ឬ​«ធ្វើ​ឱ្យ​ច្បាប់​នេះ​កាន់​តែ​ល្អ​សម្រាប់​ប៉ូលិស​ និង​ប្រជាពលរដ្ឋ​»​៕