កាល​ពី​ថ្ងៃ​អាទិត្យ​ ​ប្រជាជន​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ បាន​ចាប់​ផ្ដើម​បោះឆ្នោត​ជ្រើសរើស​សភា​ថ្មី​ បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​បាន​បង្ក​ឱ្យ​មាន​កុបកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល​មុន​។

អ្នក​វិភាគ​នយោបាយ​ បាន​និយាយ​ថា ​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី​សាឌីរ ចាប៉ារូវ​នឹង​ទទួល​សំឡេង​ឆ្នោត​ភាគ​ច្រើន​ ដែល​នឹង​ពង្រឹង​អំណាច​របស់​ក្នុង​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​ចិន​។

លោក​ចាប៉ារូវ​ បាន​ចូល​កាន់​អំណាច​ក្នុង​អំ​ឡុង​ពេល​ចលាចល​ បន្ទាប់​ពី​ការ​បោះឆ្នោត​សភា​ខែ​តុលា​ឆ្នាំ ​២០២០ ដែល​លទ្ធផល​ត្រូវ​បាន​ជំទាស់​ដោយ​គណបក្ស​ជា​ច្រើន​។ កាល​នោះ​លោក​ចាប៉ារូវ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ​ដែល​លោក​ត្រូវ​បាន​ឃុំឃាំង​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ចាប់​ជំរិត​អភិបាល​ខេត្ត​ ១ រូប​។ អ្នក​ដោះលែង​លោក​ចាប៉ារូវ ​បាន​តែងតាំង​លោក​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​ ហើយ​ក្រោយ​មក​លោក​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​។

ក្រៅ​ពី​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រឹង​អំណាច​របស់​តំណែង​ប្រធានាធិបតី​ លោក​ចាប៉ារូវ​បាន​ជាតូបនីយកម្ម​អណ្ដូង​រ៉ែ​មាស​ Kumtor ដែល​ដើម​ឡើយ​ត្រូវ​បាន​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​កាណាដាឈ្មោះ ​​Centerra Gold ធ្វើ​ឱ្យ​មាន​ជម្លោះ​ផ្លូវ​ច្បាប់​។

យ៉ាង​ណា​មិញ​ កាល​ពី​សប្ដាហ៍​មុន​ភ្នាក់​ងា​រសន្តិសុខ​រដ្ឋ​ ដឹកនាំ​ដោយ​សម្ព័ន្ធមិត្ត​របស់​លោក​ចាប៉ារូវ​ បាន​ប្រកាស​ថា​ពួកគេ​បាន​រារាំង​ឧបាយកល​ធ្វើ​រដ្ឋប្រហារ​ គ្រោង​ដោយ​អតីត​មន្ត្រី​ជាន់​ខ្ពស់​ និង​សមាជិក​សភា ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​៕