កិច្ចចរចា​រវាងអ៊ី​រ៉ង់ និង​មហាអំណាច​ពិភព​​លោក ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ បានចាប់ផ្ដើម​ឡើងវិញ​កាល​ថ្ងៃ​ចន្ទ ទី ២៩ វិច្ឆិកា បន្ទាប់ពី​ការផ្អាក​ជិត ៦​ ខែ ប៉ុន្តែ​ការរំពឹងទុក​សម្រាប់​ការទទួល​លទ្ធផល​ធំដុំ​ណាមួយ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

​បន្ទាប់ពី​ការពិភាក្សា​ទ្វេភាគី​កាលពី​ថ្ងៃអាទិត្យ អ៊ី​រ៉ង់ រុស្ស៊ី ចិន ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប បាន​យល់ព្រម​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​។ ជាថ្មី​ម្ដងទៀត អ៊ី​រ៉ង់ បាន​បដិសេធ​មិន​ធ្វើ​ការចរចា​ដោយផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក​។​

​លទ្ធផល​នៃ​ការចរចា​នេះ អាចជួយ​ឱ្យ​អ៊ី​រ៉ង់​រួចខ្លួន​ពី​ការដាក់ទណ្ឌកម្ម​លោកខាងលិច ឬ​ឈានដល់​ការ​រឹតបន្តឹង​បន្ថែមទៀត​លើ​សេដ្ឋកិច្ច និង​ការកើនឡើង​ការវាយប្រហារ​របស់អ៊ី​ស្រា​អែល​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់​។​

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​​ ២០១៥ បាន​ដក​ទណ្ឌកម្ម​អន្តរជាតិ​លើ​ប្រទេស​អ៊ី​រ៉ង់ ជា​ថ្នូរ​នឹង​ការដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់​។ ប៉ុន្តែ​កាលពី​ឆ្នាំ ២០១៨ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ត្រាំ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ហើយ​ដាក់​ទណ្ឌ​កម្ម​ឡើងវិញ​ទៅលើ​អ៊ីរ៉ង់​វិញ​។ អ៊ីរ៉ង់​បាន​ឆ្លើយតប​ដោយ​រំលោភ​លក្ខខណ្ឌ ដោយ​ធ្វើការ​បន្សុទ្ធ​អ៊ុយ​រ៉ានី​ញ៉ូ​ម កាន់តែច្រើន​ទៅៗ​និង​សុទ្ធ​ទៅៗ ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា អ៊ីរ៉ង់​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ ​ចូ បៃ​ដិ​ន ចូលកាន់​អំណាច​នៅ​ដើមឆ្នាំ​នេះ​មក ភាគី​ទាំងសងខាង​បានបង្ហាញ​ឆន្ទៈ​ចង់​ស្ដារ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ប៉ុន្តែ​អ៊ី​រ៉ង់ បាន​បដិសេធ​មិន​ធ្វើ​ការចរចា​ដោយផ្ទាល់​ជាមួយ​អាមេរិក​។ បន្ទាប់ពី​ការចរចា ៦ ជុំ ភាគី​ទាំង ​​២​ មិនបាន​យល់ព្រម​លើ​អ្វីមួយ​នៅឡើយ​ទេ ហើយ​បាន​ផ្អាក​ការចរចា​ដោយ​មិន​កំណត់​ថ្ងៃ​បើក​វិញ​។​

​ចាប់តាំងពី​ពេលនោះ​មក​ប្រទេស​អ៊ី​រ៉ង់ ​បានតែងតាំង​ប្រធានាធិបតី​ថ្មី​មាន​និន្នាការ​នយោបាយ​បែប​អភិរក្សនិយម ប្រឆាំងនឹង​លោកខាងលិច ដែល​បាន​សន្យាថា​នឹង​បង្កើន​ការទាមទារ​ក្នុង​ការចរចា​។ ស្របពេល​ជា​-​មួយ​គ្នា​នេះ​មានការ​សង្ស័យថា​ អ៊ីស្រា​អែល​បានធ្វើការ​វាយប្រហារ​ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ និង​ការធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​។​

​ការជាប់គាំង ទំហំ​នៃ​ការទាមទារ​របស់​អ៊ី​រ៉ង់ និន្នាការ​របស់​រដ្ឋបាល​ថ្មី​របស់​អ៊ី​រ៉ង់ ការវាយប្រហារ​ទៅលើអ៊ី​រ៉ង់ និង​ការភ័យខ្លាច​របស់លោក​ខាងលិច​ថា​ អ៊ីរ៉ង់កំពុង​ជំរុញ​កម្មវិធី​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់ខ្លួន​ដោយ​សម្ងាត់​បាន​បង្កើត​ឱ្យ​អា​រ​ម្មណ៍​ទុទ្ទិដ្ឋិនិយម​ក្នុងចំណោម​អ្នកចរចា​។​

​ប្រសិនបើ​ការចរចា​បរាជ័យ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​អាចមាន​ការប្រឈមមុខ​ដាក់គ្នា​ជាមួយីអ៊ី​រ៉ង់​នៅ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) នៅ​ខែក្រោយ​ដោយ​កោះហៅ​កិច្ចប្រជុំ​អាសន្ន​។ នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អែល គឺ​កំពុង​កសាង​ណា​ហ្វ​តា​លី បេន​និ​ត គឺ​កំពុង​កសាង​រណសិរ្ស​ប្រសិន​ការចរចា​បរាជ័យ​។​

​យ៉ាងណាមិញ​អ្នកវិភាគ​មួយចំនួន​គិតថា​សម្ពាធ​សេដ្ឋកិច្ច និង​នយោបាយ​នៅពេល​ប​ច្ចុ​ប្បន្ន​នៅ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ឱ្យ​អ៊ី​រ៉ង់​ត្រឡប់​ទៅ​អនុលោម​តាម​កិច្ចព្រមព្រៀង​វិញ​ទេ​ ប៉ុន្តែ​បាតុកម្ម​តវ៉ា​កង្វះ​ទឹក​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​អាច​បង្ហាញ​ភាពទន់ខ្សោយ​ផ្ទៃក្នុង​របស់​អ៊ី​រ៉ង់​។ ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​គឺ​នៅតែ​ជា​គោលដៅ​ដ៏​ពេញនិយម​មួយ​នៅក្នុង​ប្រទេសអ៊ី​រ៉ង់ ប៉ុន្តែ​របប​បច្ចុប្បន្ន បានធ្វើ​តិចតួច​ដើម្បី​រៀបចំ​ប្រទេសជាតិ​ខាង​នយោបាយ​សម្រាប់​ការលះបង់​ដែល​អាចជា​ចាំបាច់​៕