សិង្ហបុរី និង​ម៉ាឡេស៊ី​ចាប់​ផ្ដើម​បើក​ព្រំដែន​ដី​គោកក្រោម​កម្មវិធី​ច្រក​​ធ្វើដំណើរ​វ៉ាក់សាំង (VTL) ​ចាប់​ពី​ថ្ងៃចន្ទត​ទៅ ដោយ​អ្នក​ធ្វើ​ដំណើរ​​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់គ្រាន់​ហើយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​ទៀត​ឡើយ។

បើ​យោង​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​សិង្ហបុរីនៅ​ក្នុង​ជំហាន​ទី​១​ នេះ ដើម្បី​ចេញ-​ចូល​ម៉ាឡេស៊ីឬ សិង្ហបុរី ដោយ​មិន​ឆ្លង​កាត់​ចត្តាឡីស័ក​ អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុងដែល​កំណត់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២។ ក្នុង​ ១​ ថ្ងៃៗ នឹង​មាន​រថយន្ត​សរុបចំនួន​៣២ជើង ដើម្បី​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឆ្លង​កាត់​ស្ពាន​ចម្ងាយ ១ គីឡូម៉ែត្រ​ ដែល​ផ្សារ​​ភ្ជាប់​ប្រទេស​ទាំង ​២។

ចំណែក​ឯ​អ្នក​ដែល​ប្រើប្រាស់​យានយន្ត​ផ្ទាល់​ខ្លួនអាច​នឹង​ប្រឈម​នឹង​វិធានការ​ចាំ​បាច់​ណា​មួយដោយ​ក្នុង​នោះ​ដែរក៏​រួម​មាន​ទាំង​ការ​ធ្វើ​ចត្តាឡីស័ក​ក្នុង​កន្លែងស្នាក់នៅ​រយៈពេល៧ថ្ងៃ​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ​ទៀត ការ​ឆ្លងកាត់​ក្រោម​ច្រក VTL នេះ​ធ្វើ​ឡើង​តែ​សម្រាប់​ពលរដ្ឋ​និង​អ្នក​ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ​សិង្ហបុរីនិង​ម៉ាឡេស៊ី​ប៉ុណ្ណោះ ហើយ​អ្នក​ដំណើរ​ចាប់​ពី​អាយុ ១២ ឆ្នាំ​ឡើង​ទៅត្រូវ​តែ​ធ្វើ​តេស្ត​កូវីដ ១៩ រយៈពេល ២ ថ្ងៃ​មុន​ចេញ​ដំណើរ។

ជាមួយ​គ្នា​នេះ​ដែរអ្នក​ដំណើរ​ទាំងអស់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ពេញលេញ​រយៈពេល ១៤ ថ្ងៃ​ មុន​នឹងចេញ​ដំណើរ៕

ហ៊ីម រដ្ឋា