ចិនបញ្ជូនយន្តហោះចម្បាំងចំនួន ២៧ គ្រឿងទៅកាន់តំបន់ដែនអាកាសការពារជាតិ (ADIZ) របស់តៃវ៉ាន់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់។
ចំណោមយន្តហោះទាំង ២៧ គ្រឿងនេះ រួមមានយន្តហោះឈ្មោះ H-6 ជាយន្តហោះមានអានុភាពក្នុងការបំពាក់អាវុធនុយក្លេអ៊ែរចំនួន ៥ គ្រឿ ព្រមទាំងយន្តហោះចាក់ប្រេងឥន្ធនៈលើអាកាស Y-20 ចំនួន ១ គ្រឿងផងដែរ។
បើតាមប្រភពខាងលើបានឱ្យដឹងថា យន្តហោះទាំងប៉ុន្មាននេះហោះនៅដែនអាកាសរបស់តៃវ៉ាន់ត្រង់ចំណុចភាគខាងត្បូងនៃកោះតៃវ៉ាន់។
ខាងតៃវ៉ាន់អះអាងថាខ្លួនបានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីទុកជាការទប់ទល់នឹងយន្តហោះរបស់ចិនដីគោកឱ្យចេញពីដែនអាកាសរបស់ខ្លួន។បន្ថែមពីលើនេះ តៃវ៉ាន់ក៏បានត្រៀមមីស៊ីលបាញ់ប្រឆាំងនឹងយន្តហោះផងដែរ។
ចិនដីគោកកន្លងមកបានលើកឡើងថាតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួនហើយថា ខ្លួននឹងធ្វើសកម្មភាពចាំបាច់ណាមួយដើម្បីការពារទឹកដីរបស់ខ្លួនពីការផ្ដាច់ខ្លួនក្រោមរូបភាពណាមួយក៏ដោយ៕
ហ៊ីម រដ្ឋា