
លោកស្រីប្រធានាធិបតី Dame Sandra Mason ឈរក្រោយស្បថចូលកាន់តំណែងនៅទីលាន Heroes Square កាលពីថ្ងៃទី២៩ វិច្ឆិកា។ AFP
នៅថ្ងៃអង្គារ ទី ៣០ វិច្ឆិកានេះ ប្រទេសបារបាដូស នឹងក្លាយជាសាធារណរដ្ឋមួយ បន្ទាប់ពីពួកគេដកព្រះមហាក្សត្រីអង់គ្លេសចេញពីតំណែងជាប្រមុខរដ្ឋ ដោយអង្គអភិបាល និងតំណាងរបស់ព្រះមហាក្សត្រីអង់គ្លេសលោកស្រី សាន់ដ្រា មេសូន ត្រូវបានសភាបារបាដូសតែងតាំងជាប្រធានាធិបតី។
ប្រទេសបារបាដូស បានទទួលឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៦៦ ប៉ុន្តែរហូតមកដល់ពេលនេះ បានរក្សាព្រះមហាក្សត្រី អេលីហ្សាប៊េដ ជាប្រមុខរដ្ឋ ដូចក្នុងករណីអតីតអាណានិគមអង់គ្លេសមួយចំនួន ដែលរួមមានកាណាដា និងអូស្ត្រាលី។
រដ្ឋាភិបាលបារបាដូស បានគ្រោងរៀបចំការប្រារព្ធពិធីបង្កើតសាធារណរដ្ឋដើម្បីស្របនឹងថ្ងៃបុណ្យឯករាជ្យបារបាដូសថ្ងៃទី ៣០ វិច្ឆិកា។ រជ្ជទាយាទរាជបល្ល័ង្កអង់គ្លេសព្រះអង្គម្ចាស់សាល នឹងចូលរួមក្នុងការប្រារព្ធពិធីនេះ។
ការស្ទង់មតិប្រជាជនមួយចំនួននៅរដ្ឋធានីកោះនេះ បានរកឃើញថា ពួកគេនៅតែមិនទាន់យល់អំពីអត្ថន័យនៃការផ្លាស់ប្ដូរពីរបបរាជនិយមទៅជាសាធារណរដ្ឋ និងថាតើអាចនឹងប៉ះពាល់អ្វីខ្លះដល់ពួកគេ។
គេរំពឹងថាការផ្លាស់ប្ដូរនេះនឹងមិនប៉ះពាល់អ្វីធ្ងន់ធ្ងរលើពាណិជ្ជកម្ម ឬស្ថានភាពសេដ្ឋកិច្ចទាំងមូលរបស់កោះនេះទេ។ វិស័យទេសចរណ៍ ដែលជាផ្នែកដ៏សំខាន់របស់សេដ្ឋកិច្ចបារបាដូស បានធ្លាក់ចុះយ៉ាងខ្លាំងទៅហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅជុំវិញពិភពលោក៕