នាយក​រដ្ឋ​មន្រ្តី​នៃ​កោះ​សាឡូម៉ុន​ ​(Solomon)​ ដែល​ជាទឹកដី​​រងគ្រោះ​ដោយ​កុបកម្ម​និយាយ​​ប្រឆាំង​នឹង​សម្ពាធ​ឱ្យ​លោក​លាលែង​ចេញ​ពី​តំណែង​​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​​ថា​ អំពើ​ហិង្សា​ដែល​​វាយ​លុក​រដ្ឋ​ធានី​ត្រូវ​បាន​រៀប​ចំ​ដោយ​មនុស្ស​ ២-៣ នាក់​ ជាមួយ​នឹង ​«​ចេតនា​អាក្រក់​»​ដើម្បី​ផ្តួល​រំលំ​លោក​។​​

លោក​នាយក​រដ្ឋ​មន្ត្រី ​Manasseh Sogavare ​​និយាយ​​ក្នុង​សុន្ទរកថា​​​ថា​៖​ «​វា​ច្បាស់​ណាស់​ថា​ព្រឹត្តិការណ៍​ថ្មី​ៗ ​ត្រូវ​បាន​គ្រោង​ទុក​យ៉ាង​ល្អ​ និង​រៀបចំ​ដើម្បី​ដក​ខ្ញុំ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ហេតុ​ផល​ដែល​មិន​អាច​បញ្ជាក់​បាន​»​។​ លោក​បន្ត​ថា​៖​ «​ខ្ញុំ​​ចង់​​បង្ហាញ​​ប្រជាជាតិ​​ថា​ រដ្ឋាភិបាល​​មាន​​ចេតនា​​ពេញ​លេញ​ ហើយ​​មិន​​មាន​​អ្វី​​អាច​​ជំរុញ​​យើង​​បាន​​ឡើយ​។​ យើង​ត្រូវ​តែ​ និង​នឹង​មិន​ចុះ​ចាញ់​ចំពោះ​ចេតនា​អាក្រក់​របស់​មនុស្ស​២-៣​នាក់​ឡើយ​»​។​

លោក​Sogavare​​ធ្លាប់​ស្តី​បន្ទោស​អំពើ​ហិង្សា​ដែល​មាន​រយៈ​ពេល​៣ថ្ងៃ​ក្នុង​អំឡុង​ពេល​ដែល​ក្រុម​កុបកម្ម​​ដុត​បំផ្លាញ​រដ្ឋធានី​Honiara ​មុន​ពេល​ភាព​ចលាចល​បាត់​ទៅ​វិញ​នៅ​ចុង​សប្តាហ៍​លើ​មនុស្ស​មួយ​ចំនួន​ដែល​មិន​សម​ហេតុ​ផល​ដែល​នាំ​ឱ្យ​អ្នក​ដទៃ​វង្វេង​ជាមួយ​នឹង​ព័ត៌មាន​មិន​ពិត​។

នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​និយាយ​ថា​ អំពើ​ហិង្សា​ដែល​ផ្តោត​លើ​​ឆៃណាថោន ​(Chinatown) ​ក្នុង​រដ្ឋ​ធានី​​បណ្តាល​ឱ្យ​ខូច​ខាត​ប្រាក់ ​២៥​ លាន​ដុល្លារ​និង​​បំផ្លាញ​ការងារ​ចំនួន ​១ ០០០​ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ដុន​ដាប​ស្រេច​ទៅ​ហើយ​ដោយ​សារ​តែ​វីរុស​កូរ៉ូណា​។​

​ប្រតិបត្តិ​ការ​បោស​សម្អាត​​ចាប់​ផ្តើម​នៅក្នុ​ង​រដ្ឋ​ធានី​ ខណៈ​ដែល​ទាហាន​ និង​ប៉ូលិស​មក​ពី​ប្រទេស​អូស្ត្រាលី ​និង​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​​ជួយ​ធ្វើ​ឱ្យ​ស្ថានភាព​មាន​សភាព​ស្ងប់​ស្ងាត់​ឡើង​វិញ​ បន្ទាប់​ពី​កុបកម្ម​ដ៏​ខ្លាំង​ក្លា​ផ្ទុះ​ឡើង​ជា​ច្រើន​ថ្ងៃ​។​

​មន្ត្រី​កាកបាទ​ក្រហម​លោក ​Kennedy Waitara ​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ ​អាអេហ្វ​ ប៉េ​​ថា​៖​ «​ស្ថានភាព​បាន​ស្ងប់​ស្ងាត់​ហើយ​ មនុស្ស​ក៏​ធ្វើ​ដំណើរ​ជា​ធម្មតា​ ប៉ុន្តែប​រិស្ថាន​នៅ​តែ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​»​។​លោក​​​ថា​​ ហាង​​លក់​​អាហារ​​ជា​​ច្រើន​​ត្រូវ​​បាន​​ដុត​​បំផ្លាញ​​នៅ​​​ក្នុង​​កុបកម្ម​។​

​លោក ​Waitara​ និយាយ​ថា​៖​ «​​​វា​​នឹង​​មិន​​មាន​​អ្វី​​គួរ​​ឱ្យ​​​ភ្ញាក់​​ផ្អើល​​​ទេ ​ប្រសិន​​​បើ​​យើង​​ជួប​​នឹង​​ការ​​ខ្វះ​ខាត​​ស្បៀង​​អាហារ​ និង​​ការ​​ឡើង​​​ថ្លៃ​​ទំនិញ​។​ភាព​អត់​ការងារ​ធ្វើ​ពិត​ជា​នឹងកើន​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​»​។​

​​កុបកម្មបាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​​ព្យាយាម​សម្រុក​ចូល​សភា​របស់​ប្រទេស​ក្នុង​កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ​ ដោយ​ជំរុញ​ឱ្យ​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។​ បន្ទាប់​​ម​ក ក្រុម​​បាតុករ​​​ដុត​​អគារ​​នានា​ រួម​​ទាំង​​ប៉ុស្តិ៍​​ប៉ូលិស​ និង​​ហាង​​លក់​​ទំនិញ​។​ គិត​ត្រឹម​ថ្ងៃ​សុក្រ ​ប៉ូលិស​ ចាប់​ខ្លួន​មនុស្ស​ជាង​ ១០០ ​នាក់​ ខណៈ​អគារ​ចំនួន​ ៥៦ ​ខ្នង ​ក្នុង​រដ្ឋ​ធានី​ត្រូវបា​ន​ដុត​បំផ្លាញ​ និង​លួច​៕

ហួន​ ឌីណា​