បន្ទាប់ពី​ការផ្អាក​អស់​រយៈពេល​ជិត ​៦ ​​ខែ​មកនេះ ការចរចា​ដើម្បី​ស្ដារ​កិច្ច​ព្រម​​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ បាន​ចាប់​ផ្ដើម​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​ នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស នៅក្នុង​បរិយាកាស​ទុទ្ទិដ្ឋិនិយម​ជាង​មុន​។​

​ដោយមាន​រដ្ឋាភិបាល​កាន់​តែមាន​ទំនោរ​ទៅ​និន្នាការ​បែប​អភិរក្សនិយម​នៅ​អ៊ី​រ៉ង់ និង​ក្រុម​អ្នកចរចា​អ៊ី​រ៉ង់​ថ្មី​ហើយ​មាន​អ្នកវិភាគ​ចាត់ទុកថា ជាការ​ចរចា នេះ​ត្រូវតែ​ចាប់ផ្ដើម​តាមរយៈ​ជាការ​ដក​ទណ្ឌកម្ម​ទាំងស្រុង ហើយ​វា​បែរ​ជាមាន​លក្ខណៈ​ស្ងប់ស្ងាត់​ក្នុងចំណោម​អ្នក​​ចរចា​លោកខាងលិច​។​

​មន្ត្រី​ការបរទេស​សហភាព អឺរ៉ុ​បលោក​ អង់​រី​ខេ ម៉ូ​រ៉ា ដើរតួ​ជា​ប្រធាន​កិច្ចប្រជុំ បាន​និយាយថា អ៊ី​រ៉ង់ ​«​បានទទួល​ស្គាល់​ការងារ​ដែល​បានធ្វើ​ក្នុង​រយៈពេល ​៦ ​ជុំ​កន្លងមក ហើយ​ថា ​យើង​នឹង​កសាង​បន្ថែមទៀត​ពីលើ​នោះ​»​។ ប៉ុន្តែ​លោក​ក៏បាន​និយាយថា អ៊ីរ៉ង់​កំពុងតែ «​ទទូច​លើ​ការដក​ទណ្ឌកម្ម​ជាបន្ទាន់​» ហើយ​វា​ទំនងជា​មិនអាច​ទទួលយកបាន​ស​ម្រា​ប់​ភាគី​ទីក្រុង​វ៉ាស៊ីនតោន​។​

​បន្ថែម​ពីលើ​នេះ​អនុរដ្ឋមន្ត្រី​ការបរទេស និង​អ្នកដឹកនាំ​ក្រុម​អ្នកចរចាអ៊ី​រ៉ង់​លោក ​អា​លី បា​ហ្គា​រី កា​នី បាន​និយាយថា អ៊ីរ៉ង់​ក៏​កំពុង​ទាមទារ​ឱ្យ​អាមេរិក និង​សម្ព័ន្ធមិត្ត​ធ្វើការ​សន្យាថា ពួកគេ​នឹងមិន​ដាក់ទណ្ឌកម្ម​លើ​ប្រទេសអ៊ី​រ៉ង់​។​

​មន្ត្រី​អឺរ៉ុប ​១ ​រូប ដែល​បាន​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ក៏បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ភាគី​អ៊ី​រ៉ង់​បាន​គំរាមថា ខ្លួន​នឹង​ព​ន្លឿ​ន កម្មវិធី​នុយក្លេអ៊ែរ ប្រសិន​ការទាមទារ​ទាំងនេះ​មិនត្រូវ​បាន​បំពេញ​។​

​ប៉ុន្តែ​នៅក្នុង​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​រក្សា​ការចរចា​ឱ្យនៅ​រស់ អ៊ីរ៉ង់​បាន​យល់​​ព្រម​បន្ត​ការចរចា​នៅ​ថ្ងៃ​អង្គារ​នៅក្នុង​ក្រុមការងារ​មួយ​ក្នុងចំណោម​ក្រុមការងារ​ចំនួន​៣​ដែល​បាន​បង្កើតឡើង​នៅក្នុង​ការ​​ចរចា​ជុំ​មុនៗ​។ អ៊ី​រ៉ង់បាន​យល់ព្រម​ចូលរួម​ក្នុង​ក្រុមការងារ​ពិភាក្សា​ការដក​ទណ្ឌ​​កម្ម​អាមេរិក ខណៈពេលដែល​ក្រុមការងារ​លើ​បញ្ហា​នុយក្លេអ៊ែរ និង​ក្រុមការងារ​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ថ្មី​ប្រសិនបើ​ការចរចា​បាន​ជោគជ័យ នឹងមិន​ធ្វើការ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ទេ​។​

​លោក ម៉ូ​រ៉ា បាន​និយាយថា ក្រុមការងារ​នុយក្លេអ៊ែរ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ពុធ​។ លោក​បាន​និយាយថា «​មាន​ភាព​បន្ទាន់​» ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប៉ុន្តែ​ «​មិនមាន​ការកំណត់​ពេល​វេលា​ជាក់ស្ដែង​នៅក្នុង​គំនិត​របស់ខ្ញុំ​ទេ​»​។​

​អឺរ៉ុប​សម្ដែង​ការចាប់អារម្មណ៍​ដោយ​កត់សម្គាល់ថា មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នៅក្នុង​ក្រុមការងារ​ទាំង ​៣ ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចចរចា​មុនៗ ​បើទោះបីជាអ៊ី​រ៉ង់​បដិសេធ​ក្នុង​ការចរចា​ដោយផ្ទាល់​ជាមួយ​អាមេរិក​ក៏ដោយ​។​

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥ បាន​សម្រួល​ដល់​ការដក​ទណ្ឌកម្ម​អន្តរ​ជាតិ ជា​ថ្នូរ​នឹង​ការដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់អ៊ី​រ៉ង់​។ កាលពី​ឆ្នាំ ​២០១៨ អតីត​ប្រធានាធិបតី​អាមេរិក​លោក ​ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ហើយ​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ទៅលើ​អ៊ី​រ៉ង់​។ អ៊ីរ៉ង់​បាន​ព្យា​យាម​បន្ត​អនុលោម​តាម​កិច្ចព្រមព្រៀង​បាន​មួយឆ្នាំ​ បន្ទាប់ពី​ការដកខ្លួន​របស់​អាមេរិក ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គ​ការ​សហប្រជាជាតិ​បាន​និយាយថា កម្មវិធី​របស់អ៊ី​រ៉ង់​បាន​ដើរ​ទៅមុខ​យ៉ាង​លឿន​។ អ៊ីរ៉ង់​ប្រើ​មធ្យោបាយ​ទប់ទល់​នឹង​ផលប៉ះពាល់​នៃ​ការដាក់ទណ្ឌកម្ម​ថ្មី ដោយមាន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​រុស្ស៊ី និង​ចិន ដែល​ប្រ​ទេស​ទាំង ​២ ​នេះ​ បាន​ប្រឆាំង​ការដកខ្លួន​កាលពី​ឆ្នាំ ​២០១៨ ​របស់​អាមេរិក​។​

​ក្រុង​វ៉ាស៊ីនតោន​បាន​បង្ហាញថា ពួកគេ​នឹងមិន​ដក​ទណ្ឌកម្ម​ដោយ​ឯកតោភាគី​​នោះទេ ប្រសិនបើ​អ៊ី​រ៉ង់​មិន​ត្រឡប់​ទៅ​អនុលោម​តាម​កិច្ចព្រមព្រៀង​មុនៗ ហើយ​ខ្លួន​បាន​ច្រានចោល​ការទាមទារ​រប​ស់អ៊ី​រ៉ង់​សម្រាប់​ការធានា​ថា ​អាមេរិក​នឹងមិន​បោះបង់ចោល​កិច្ចព្រមព្រៀង​នេះ​ទៀត​ទេ​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​គេ​រំពឹងថា ការចរចា​នេះ​នឹងមិន​រលត់​សាបសូន្យ ទេ​ហើយ​វា​អាច​នឹង​បង្កឱ្យមាន​ការ​​ប្រឈមមុខ​ដ៏​តានតឹង​មិន​ធ្លាប់មាន​ពីមុនមក​៕

វីដេអូ៖