ប្រទេស​អេ​ត្យូ​ពី ​បាន​បដិសេធថា ខ្លួន​មិនបាន​វាយប្រហារ​កាលពី​ចុង​សប្តាហ៍​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជា​​មួយ​ប្រទេស​ស៊ូដង់ ដោយបាន​ស្តីបន្ទោស​ភាពចលាចល​នៅក្នុង​តំបន់​មាន​ជម្លោះ​ទៅលើ​ក្រុម​ឧទ្ទាម​មកពី​តំបន់​ទីហ្គ្រេ​យ៍ ដែល​ញាំញី​ដោយ​សង្គ្រាម​របស់ខ្លួន​នោះ​។

​កងកម្លាំងប្រដាប់អាវុធ​ស៊ូដង់ បាន​និ​យាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​​ពីថ្ងៃ​អាទិត្យ​ថា ទាហាន​​ ៦ នាក់ ​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​ក្រុម​ប្រដាប់​​អាវុធ និង​ក្រុម​ជន​សកម្មប្រយុទ្ធ​មាន​ទំនាក់ទំនង​ជាមួយ​យោធា​អេ​ត្យូ​ពី​នៅក្នុង​តំបន់​ដី​មាន​ជីជាតិ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Al-Fashaqa​។

​តំបន់​នោះ គឺជា​ប្រភព​មួយ​នៃ​ភាព​តានតឹង​រវាង​ទីក្រុង​អា​ឌី​ស អា​បេ​បា និង​ទីក្រុង​ខារ​ទុម ដោយ​បង្កឱ្យមាន​ការប៉ះទង្គិច​កាលពី​ឆ្នាំ​ ២០២០ ដែល​បាន​បណ្តាលឱ្យ​ទាហាន​ស៊ូដង់ ៩០ ​នាក់​ស្លាប់​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃអាទិត្យ​។​

​ប៉ុន្តែ​នៅក្នុង​ការអធិប្បាយ​ដែល​ត្រូវបាន​គេ​ចាក់ផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​កាល​ពីថ្ងៃ​អាទិត្យ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Legesse Tulu បាន​បដិសេធ​ការអះអាង​ដែលថា យោធា​បាន​វាយប្រហារ​ទៅលើ​ប្រទេស​ស៊ូដង់​នោះ គ្មាន​ហេតុផល​។

​ជំនួស​មកវិញ​លោក​បាន​ស្តីបន្ទោស អំពើហិង្សា​នោះ​ទៅលើ​រណសិរ្ស​រំដោះប្រជាជន​ទីហ្គ្រេ​យ៍ (TPLF) ជា​ក្រុម​បះបោរ​ដែល​បាន​ជាប់​ទាក់ទិន​ក្នុង​សង្គ្រាម​មួយ​គួរឱ្យ​ភ័យខ្លាច​ប្រឆាំង​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ Abiy Ahmed ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ និង​អះអាងថា កំពុង​រំកិល​ទៅ​រដ្ឋធានី​អា​ឌី​ស អា​បេ​បា​។​

​លោក Legesse បាន​និយាយ​នៅក្នុង​ការអធិប្បាយ​ត្រូវបាន​ចាក់ផ្សាយ​ដោយ​សាជីវកម្ម​ផ្សព្វផ្សាយ​អេ​ត្យូ​ពី​ថា​៖ «​ក្រុម​​អ្នកបះបោរ​ចោរព្រៃ និង​ភេរវ​ករ​បាន​ចូល​មកពី​ប្រទេស​ស៊ូដង់​» ដោយ​មិនបាន​ផ្តល់​ភ័ស្តុតាង​អ្វី​ឡើយ​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​កងកម្លាំង​ការពារជាតិ​អេ​ត្យូ​ពី និង​ជន​សកម្មប្រយុទ្ធ​ក្នុង​តំបន់​បាន​កម្ទេច​ពួកគេ​»​។

​លោក Legesse បាន​និយាយទៀតថា TPLF កំពុង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​ស៊ូដង់ និង​ទទួល​ជំនួយ​ពី​អ្នកគាំទ្រ​បរ​ទេស​មិន​បង្ហាញ​អត្តសញ្ញាណ​។

​ដី​នៅក្នុង​តំបន់ Al-Fashaqa ត្រូវបាន​ដាំ​ដុះ​ដោយ​កសិករ​អេ​ត្យូ​ពី​ជាច្រើន​ឆ្នាំ​មកហើយ ទោះបីជា​ស៊ូដង់​អះអាងថា ដី​នេះ ស្ថិតក្នុង​ដែនដី​របស់ខ្លួន​ក្តី​។

​នៅក្នុង​ខែវិច្ឆិកា ២០២០ លោក Abiy បាន​បញ្ជូន​កងទ័ព​ចូល​នៅក្នុង​តំបន់​ទី​ហ្គ្រេ​យ៍​ ដើម្បី​បណ្តេញ TPLF និង​កងទ័ព​ឈរជើង​នៅ​ទីក្រុង​ខា​ទុំ​ក្នុង​តំបន់ Al-Fashaqa ជា​វិធានការ​មួយ​ដែល​ទីក្រុង​អា​ឌី​ស អា​បេ​បា បាន​ពិពណ៌នា​ថា ជាការ​ឈ្លានពាន​។

​ប៉ុន្តែ​លោក Legesse បាន​និយាយថា អេ​ត្យូ​ពី​ចង់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​។

​លោក​បាន​និយាយថា កងការពារ​ជាតិ​អេ​ត្យូ​ពី មិនមាន​របៀបវារៈ​បើ​ក​ការ​-​វាយប្រហារ​ទៅលើ​ប្រទេស​អធិបតេយ្យ​ណាមួយ​ឡើយ​។

​មាន​ដី​ដែល​កងកម្លាំង​ស៊ូដង់​បាន​ឈ្លានពាន​យក​។ រដ្ឋាភិបាលកំពុង​ដោះស្រាយ​ជម្លោះ​នេះ​ក្នុង​ដំណើរការ​ដោយ​សន្តិវិធី តាមរយៈ​ការពិភាក្សា និង​ចរចា​។

​សង្គ្រាម​នៅ​ប្រទេស​អេ​ត្យូ​ពី​ភាគ​ខាងជើង​ បាន​បណ្តាលឱ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់ និង​ជំរុញ​ឱ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ធ្លាក់​ក្នុងស្ថានភាព​ស្រេកឃ្លាន​។ នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​ UN៕

វីដេអូ៖