
អ្នកដំណើរស្លៀកពាក់ឈុតការពារ ពិនិត្យមើលព៌ត៌មានលម្អិតជើងហោះហើរនៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur កាលពីថ្ងៃទី ២៩ វិច្ឆិកា។ AFP
សិង្ហបុរីនៅតែមានបំណងក្នុងការបន្តពង្រីកច្រកធ្វើដំណើរវ៉ាក់សាំង (VTL) ជាមួយម៉ាឡេស៊ីបន្ថែមទៀតទោះបីជាអង្គការសុខភាពពិភពលោក (WHO) កំពុងតែបង្ហាញពីក្ដីបារម្ភចំពោះវីរុសកូវីដ ១៩ វ៉ារ្យ៉ង់អូមីក្រុង។នេះបើតាមការលើកឡើងរបស់លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី។
លោក លី បានថ្លែងក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក អ៊ីស្មែល សាប្រ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកាន់ប្រទេសសិង្ហបុរី។ នាយករដ្ឋមន្ត្រីទាំង ២ បានធ្វើការសម្ពោធច្រកVTL តាមផ្លូវគោកដោយពលរដ្ឋនៃប្រទេសទាំង២អាចចេញ-ចូលទៅរកគ្នាបានដោយមិនឆ្លងកាត់ការធ្វើចត្តាឡីស័ក។យ៉ាងណាមិញក្នុងជំហានដំបូងអ្នកដំណើរត្រូវអវិជ្ជមានជំងឺកូវីដ ១៩ ២ ថ្ងៃមុនចេញដំណើរហើយត្រូវតែធ្វើដំណើរតាមឡានក្រុងដែលចាត់ចែងដោយប្រទេសទាំង ២។
«ប្រាកដណាស់រឿងទាំងនេះអាចធ្វើឡើងបានដោយសារតែស្ថានភាពកូវីដ១៩អំណោយផលតែយើងនៅតាមដានប្រកបដោយក្ដីព្រួយបារម្ភអំពីការវិវឌ្ឍនានារបស់វ៉ារ្យ៉ង់អូមីក្រុង»។ នេះជាការលើកឡើងរបស់លោក លី។
លោកបានបន្ថែមថា៖ «ទោះបីជាវ៉ារ្យង់អូមីក្រុងបង្អាក់ផែនការរបស់យើងគោលដៅរបស់យើងនៅតែដដែល គឺយើងត្រូវតែបើកព្រំដែនរវាងម៉ាឡេស៊ីនិងសិង្ហបុរីបន្ថែមទៀត»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ បានពិភាក្សាក្នុងការបង្កើនការធ្វើដំណើរតាមជើងហោះហើរឱ្យបានកាន់តែច្រើន និងទូលាយថែមទៀត ជាមួយគ្នានេះដែរ ក្រៅពីបើកព្រំដែនតាមផ្លូវឡានក្រុង ភាគីទាំង ២ ក៏សិក្សាអំពីវិធានការនានាក្នុងការបើកឱ្យឆ្លងកាត់ដោយយានយន្តឯកជន ហើយឆ្លងតាមរថភ្លើង ក៏ដូចជាស្រឡាងផងដែរ៕
ហ៊ីម រដ្ឋា