អង្គការសុខភាពពិភពលោកកាលពីថ្ងៃអាទិត្យ បា​នជំ​​រុញ​ឱ្យ​ប​​ណ្តា​ប្រទេ​ស​ជុំ​វិ​ញ​ពិ​ភពលោកមិនឱ្យ​ដាក់​បម្រាម​​ជើ​ងហោះហើរលើបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ​​ទាក់​ទិន​នឹង​ការ​ភ័យ​ខ្លាច​ពី​វ៉ារ្យ៉ង់អូមីក្រុង​ថ្មី។​

នាយកប្រចាំតំបន់របស់អង្គការ​​សុ​ខភាពពិភពលោក WHO ប្រចាំទ្វីបអាហ្រ្វិក លោកស្រី​ Matshidiso Moeti បានអំពាវនាវឱ្យប្រទេសនា​នា​​អនុ​វត្តតាមវិទ្យាសាស្ត្រ និងបទប្បញ្ញត្តិសុខភាពអន្តរជាតិ ដើម្បី​ចៀសវាង​ការ​ប្រើប្រា​ស់​វិធាន​​​រឹតបន្តឹងការធ្វើដំណើរ។

លោកស្រី​ Moeti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​៖ «ការ​រឹ​ត​ប​ន្តឹ​ង​កា​រ​ធ្វើ​ដំ​ណើរអាច​ដើរ​តួ​នាទី​​ក្នុ​ង​ការកាត់បន្ថយការរីករាលដាលនៃកូវីដ​បន្តិច ប៉ុន្តែវា​អាច​ដាក់បន្ទុកយ៉ាង​​ធ្ង​ន់​ធ្ង​រដល់ជីវិត និ​ងជី​វ​ភាព​រស់​នៅ​។ ​ប្រសិ​ន​​បើ​កា​រ​រឹ​ត​បន្តឹងត្រូវបានអនុវត្ត មិន​ត្រូវ​ហួស​ហេតុ​ពេក​នោះទេ ហើយ​គួ​រ​តែ​ផ្អែ​កលើវិ​ទ្យា​សាស្ត្រ នៃ​បទប្បញ្ញត្តិសុខភាពអន្តរជាតិ ដែ​ល​ទ​ទួលស្គាល់ដោយប្រទេសជាង១៩០​ផងដែរ​»។

លោកស្រី Moeti បានសរសើរអាហ្រ្វិកខាងត្បូ​​ងសម្រាប់ការអនុវត្តតាមបទប្បញ្ញត្តិសុខភាពអន្តរជាតិ និងជូន​ដំ​ណឹង​ដល់អង្គការសុខភាពពិភពលោ​ក​ភ្លា​មៗ​ នៅពេលដែលមន្ទីរពិសោធន៍​ជា​តិ​រ​បស់​ខ្លួនបាន​កំណត់​អត្តសញ្ញាណវ៉ា​រ្យ៉ង់​នេះ​។

គួរបញ្ជាក់ផងដែរថា ករណីនៃវ៉ារ្យ៉ង់អូមីក្រុង​ បានផ្ទុះឡើងនៅក្នុង​ប្រ​​ទេស​​នា​នា​នៅ​ពិភព​លោ​ក​កា​ល​ពី​ថ្ងៃអា​ទិត្យ ហើយរដ្ឋាភិបាលជាច្រើនបានប្រញាប់ប្រ​​ញា​ល់​បិ​ទ​ព្រំ​ដែ​នរបស់ពួកគេ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​ បានព្រមា​ន​ថា ​វា​មិន​ច្បា​ស់​ថា​តើ​វ៉ា​រ្យ៉​ង់​ថ្មី​នេះ​គួរឱ្យព្រួយបារម្ភជាងវ៉ារ៉្យង់​ផ្សេងៗ​ទៀត​ក៏​ដោយ​៕