​ប្រធាន​ទីភ្នាក់ងារ​អង្គការ​សហ​​ប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស​ខ្លួន​ប៉ា​ឡេ​ស្ទី​ន (UNRWA) បាន​និយាយថា ខ្លួន​មិនអាច​បើក​ប្រាក់ខែ​ខែវិច្ឆិកា​ជូន​បុគ្គលិក​ចំនួន ​២៨ ០០០ ​នាក់ ឱ្យបាន​ទាន់ពេល​ទេ​ដោយសារ​វិបត្តិ​មូលនិធិ​ដ៏​ធំ ដោយបាន​ព្រមាន​អំពី​ការ​កាត់បន្ថយ​សេវា​សំខាន់ៗ​ចំពោះ​ប្រជា​​ជន​រាប់លាន​នាក់ ស្របពេល​មាន​ជំងឺ​រាតត្បាត​ជាស​កល​។

UNRWA បាន​គ្រប់គ្រង​កម្មវិធី​សាលារៀន គ្លីនិក និង​កម្ម​វិធីចែក​ស្បៀង​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​រាប់លាន​នាក់​ដែលមាន​ចុះឈ្មោះ​នៅ​ទូទាំង​មជ្ឈិម​បូព៌ា ពោលគឺ​កូនចៅ​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​រត់​ភៀសខ្លួន​ពី​ទីក្រុង និង​ភូមិ​របស់​ពួកគេ​។

​ជនភៀសខ្លួន ​៥,៧ ​លាន​នាក់​ភាគច្រើន​រស់នៅក្នុង​ជំរំ​នានា​ដែល​ត្រូវបាន​គេ​ផ្ទេរ​ចូល​កន្លែង​ទើប​សាងសង់​ថ្មីៗ ប៉ុន្តែ​ជារឿយៗ​តំបន់​លំនៅឋាន​ក្រីក្រ​នៅក្នុង​តំបន់​វេស​បែ​៊​ង​គ្រប់គ្រង​ដោយ​អ៊ី​ស្រា​អែល ទីក្រុង​ហ្សេ​៊​រុយ​សា​ឡិ​ម​ខាងកើត និង​តំបន់​ហ្គា​ហ្សា រួមទាំង​ប្រទេស​ហ្ស៊​កដា​នី ស៊ី​រី និង​លី​បង់​។

​ប្រធាន UNRW លោក Philippe Lazzarini បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ហ្ស៊​កដា​នី​កាលពី​ថ្ងៃ​អង្គា​រថា ការបន្ត​គាំទ្រ​របស់​អាមេរិក​ដល់​ទីភ្នាក់ងារ​នេះ ដែល​ត្រូវ​ផ្អាក​ដោយ​រដ្ឋការ​របស់លោក​ត្រាំ​នោះ ត្រូវបាន​ទូទាត់​ដោយ​ការកាត់បន្ថយ​ជំនួយ​ដោយ​ក្រុម​អ្នកផ្តល់ជំនួយ​ដទៃទៀត​។

​ទីភ្នាក់ងារ​នេះ ក៏បាន​ជួបប្រទះ​វិបត្តិ​គ្រប់គ្រង​នៅក្នុង​ឆ្នាំ​ ២០១៩ នៅពេល​ប្រធាន​មុន​របស់ខ្លួន​បាន​លាលែង​ពី​តំណែង​ស្របពេល​មានការ​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ បក្ខពួកនិយម និង​ការរំលោភ​អំណាច​ដទៃទៀត នៅក្នុង​ទីភ្នាក់ងារ​នេះ​។

​លោក Lazzarini បាន​និយាយថា បុគ្គលិក បានធ្វើ​កូដកម្ម​កាល​​ពីថ្ងៃ​ចន្ទ ក្រោយពី​ត្រូវបាន​ផ្តល់ព័ត៌មាន​កាល​ពី​សប្តាហ៍​មុន​ថា ប្រាក់ខែ​នឹងត្រូវ​ពន្យារពេល ប៉ុន្តែ​បាន​បញ្ឈប់​សកម្មភាព​នេះ បន្ទាប់ពី​មានការ​សម្របសម្រួល​។​

​លោក​បាន​និយាយថា​៖ «​ប្រសិនបើ​សេវា​សុខភាព​របស់ ​UNRWA មិន​ត្រូវបាន​ដោះស្រាយ​នៅ​ចំពេល​មាន​ជំងឺ​រាតត្បាត​សកល​នោះ ការ​ផ្តល់​វ៉ាក់សាំង​កូ​វីដ ​១៩ នឹង​ចប់​។ ការថែទាំ​មាតា និង​ទារក នឹង​លែងមាន​តទៅទៀត ក្មេងស្រី និង​ក្មេង​ប្រុស កន្លះ​លាន​នាក់ មិនដឹងថា​តើ​ពួកគេ​អាច​បន្ត​រៀនសូត្រ បាន​តទៅទៀត​ឬ​យ៉ាងណាទេ​? ហើយ​ជន​​ភៀសខ្លួន​ក្រីក្រ​បំផុត​ជាង ​២ ​លាន​នាក់​នឹងមិន​ទទួលបាន​ជំនួយ​ជា​សាច់​ប្រាក់ ឬ​ស្បៀងអាហារ​អ្វី​ឡើយ​»​។​

«​តម្រូវការ​ផ្នែក​មនុស្សធម៌​របស់​ជន​ភៀសខ្លួន​ប៉ា​ឡេ​ស្ទី​នបន្ត​កើនឡើង​ ខណៈដែល​ជំនួយ​ដល់ទី​ភ្នាក់ងារ​នេះ បាន​ធ្លាក់ចុះ ចាប់​តាំងពី​ឆ្នាំ ​២០១៣»​។

​លោក Lazzarini បាន​និយាយថា ទីភ្នាក់ងារ​នេះ បាន​រៃអង្គាស​ជំនួយ​បាន​គ្រប់គ្រាន់​នៅ​សន្និសីទ​មួយ​កាលពីពេល​ថ្មីៗ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ដោយបាន​ឡើងដល់​ ៤៨​ ភាគរយ​នៃ​ថវិកា​របស់ខ្លួន​នៅក្នុង​ឆ្នាំ ​២០២២ និង​ ២០២៣​។ ទីភ្នាក់ងារ​នេះ​ក៏​បង្កើន​ថវិកា​ចំនួន ​៦០ ​លាន​ដុល្លារ​ទៅ ​១០០ ​លាន​ដុល្លារ ​រហូតដល់​ចុង​ឆ្នាំនេះ​ ដើម្បី​ធ្វើឱ្យ​សេវា​ផ្សេងៗ​ដំណើរការ​។

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​មិនទាន់​អាច​និយាយបានថា ប្រាក់​​ខែ​ខែវិច្ឆិកា​នឹងត្រូវ​បាន​បើក​នៅពេលណា​នោះទេ​»​។

​ក្រុម​អ្នក​រិះគន់​ UNRWA ក្នុងនោះ​មាន​អ៊ី​ស្រា​អែល​ដែរ បាន​ចោទ​ទីភ្នាក់ងារ​នេះ​ថា​បានធ្វើឱ្យ​វិបត្តិ​ជនភៀសខ្លួន​ ៧៣​ ឆ្នាំនេះ​អូសបន្លាយ​តទៅទៀត ហើយ​និ​​យាយ​ថា បណ្តា​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ គួរ​ទទួលបន្ទុក​ទទួល​យក​ជនភៀសខ្លួន​ទាំងនោះ​៕