អតីត​សមាជិក​កងកម្លាំង​សន្តិ​​សុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ច្រើនជាង ១០០ ​នាក់​នៅ​ខេត្ត​ចំនួន ៤ គឺ​ត្រូវបាន​សម្លាប់ ឬ​បំបាត់​ខ្លួន​ដោយ​ក្រុម​តា​លី​បង់​ក្នុង​រយៈពេល​ ២ ​ខែ​កន្លះ​ដំបូង​នៃ​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​នេះ​។ នេះ​បើតាម​ការលើកឡើង​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch​។​

​ករណី​សម្លាប់​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការធ្វើឃាត ឬ​ការ​ប្រហារជីវិត​ដោយ​គ្មាន​ការកាត់ក្ដី ដែល​ភាគច្រើន​ជាការ​សម្លាប់ សងសឹក​កំពុង​កើតឡើង​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បន្ទាប់ពី​ដួលរលំ​របស់​រដ្ឋាភិបាល​លោក​ អា​ស្ត្រា​ហ្វ ហ្គា​នី កាលពី​ខែសីហា​។​

​ក្រៅពី​កងកម្លាំង​សន្តិសុខ​នៃ​របប​មុន​សកម្មជន និង​អ្នក​រិះគន់​ប្រឆាំង​តា​លី​បង់​ក៏​ប្រឈមមុខ​នឹង​ការវាយប្រហារ​ផងដែរ ​បើទោះបីជា​ក្រុម​តា​​លី​បង់​បានធ្វើ​ការសន្យា​ផ្ដល់​ការលើកលែងទោស​ទៅឱ្យ​មន្ត្រី និង​ទាហាន​របស់​រដ្ឋាភិបាល​មុន​ក៏ដោយ​។​

​ក្នុង​របាយការណ៍​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី ​៣០ វិច្ឆិកា Human Right Watch បានលើកឡើង​អំពី​ការសម្លាប់ ឬ​ការ​បំបាត់​ខ្លួន​របស់​ទាហាន ៤៧ នាក់​ ដែល​បាន​ចុះចាញ់ ឬ​ត្រូវបាន​ឃុំខ្លួន​ដោយ​តា​លី​បង់​រវាង​ថ្ងៃទី​១៥ ខែសីហា និង​ថ្ងៃទី​ ៣១ ខែតុលា នៅ​ខេត្ត​ ហ្គាស​នី ហេ​ល​មែន កា​ណ្ដា​ហារ ឃុន​ដូ​ស​។ ការ​ស្រាវជ្រាវ​របស់​ពួកគេ ក៏បាន​រកឃើញថា​ តា​លី​បង់​គឺ​នៅ​ពីក្រោយ​សម្លាប់​ទាហាន ៥៣ នាក់​ផ្សេង​​ទៀត​នៅ​ខេត្ត​ទាំង ​៤​ដដែល​។​

«​ការសន្យា​លើកលែងទោស​របស់​មេដឹកនាំ​តា​លី​បង់ មិនបាន​បញ្ឈប់​មេបញ្ជាការ​មូលដ្ឋាន​រប​ស់​ពួកគេ​ធ្វើការ​ប្រហារជីវិត​ដោយ​មិន​កាត់ក្ដី ឬ​បំបាត់​ខ្លួន​អតីត​សមាជិក កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះទេ​» នាយក Human Right Watch ​ប្រចាំ​អាស៊ី​លោកស្រី​ ប៉ា​ទ្រី​សៀ ហ្គោ​ស្មាន ​បាន​និយាយ​បែបនេះហើយ​បន្តទៀតថា​៖ «​បន្ទុក​គឺ​ស្ថិតនៅលើ​ក្រុម​តា​លី​បង់ ដើម្បី​បញ្ឈប់​ការសម្លាប់​បន្ថែមទៀត ចាប់ខ្លួន​អ្នកទទួលខុសត្រូវ ហើយ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​»​។​

​តា​លី​បង់​មាន​ប្រវត្តិ​យូរយារ​ណាស់​មកហើយ​ក្នុងការ​ធ្វើឃាត​កងកម្លាំង​សន្តិសុខ និង​មន្ត្រី​នៃ​អតីត​រដ្ឋាភិបាល ព្រមទាំង​សកម្ម​​ជន អ្នកកាសែត មេដឹកនាំ និង​ចាស់​ព្រឹទ្ធាចារ្យ​នៃ​កុលសម្ព័ន្ធ​ជនជាតិភាគតិច​។ ជាពិសេស​ក្នុង​រយៈពេល ១៨ ខែ​ ឈានទៅដល់​ការឡើង​កាន់អំណាច ក្រុម​តា​លី​បង់​បានធ្វើ​យុទ្ធនាការ​ធ្វើឃាត​ទៅលើ​អ្នកកា​​សែត បុគ្គលិក​រដ្ឋាភិបាល និង​យោធា និង​មេដឹកនាំ​សង្គម​ស៊ីវិល ប៉ុន្តែ​ពួកគេ​កម្រ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​ទាំងនេះ​។​

​ប៉ុន្តែ​ការធ្វើឃាត និង​ប្រហារជីវិត​នៅពេល​ថ្មីៗ​នេះ គឺ​គួរឱ្យ​ព្រួយបារម្ភ ព្រោះ​វា​បាន​កើតឡើង​នៅពេលដែល​ការធានា​ពី​មេដឹកនាំ​តា​លី​បង់​ជាន់ខ្ពស់​ថា រដ្ឋាភិបាល​ថ្មី​នឹងមិន​ស្វែងរក​ការ​សងសឹក​ប្រឆាំងនឹង​សមាជិក​នៃ​អតីត​រដ្ឋាភិបាល និង​យោធា​។​

​គំនុំសងសឹក និង​គំនុំ​លោហិត​បានដាក់​ស្លាក​សញ្ញា​នៃ​ជម្លោះ​ជាង ​៤ ​សតវត្សរ៍​ចុងក្រោយ​នេះ​ នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែលជា​​រឿយៗ​បាន​កើតឡើង​នៅត្រឹម​ថ្នាក់មូលដ្ឋាន និង​ក្នុង​គ្រួសារ​។​

​អ្នកនាំពាក្យ​តា​លី​បង់ ​១ ​រូប​ ឈ្មោះ អ៊ី​ណា​មូ​ឡា សា​ម៉ាន់ ហ្គា​នី​ បាន​និយាយថា សមាជិក​មួយចំនួន​អាចធ្វើ​ការសង​សឹក​ដោយ​ខ្លួនឯង ប៉ុន្តែ​ការសម្លាប់ និង​ការ​​បំបាត់​ខ្លួន​គឺ​មិនមាន​ជា​គោល​​នយោបាយ​របស់​តា​លី​បង់​ទេ ហើយ​រដ្ឋាភិបាល​គឺ​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ជនល្មើស និង​ផ្ដន្ទាទោស​។​

​ការសម្លាប់​ទាំងនេះ​បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ថា​មេដឹកនាំ​កំពូល​តា​លី​បង់​មានការ​គ្រប់គ្រង​តិចតួច​ទៅលើ​មេបញ្ជាការ​ថ្នាក់ទាប និង​ទាហាន​ថ្មើរជើង ដែល​ភាគ ច្រើន​ត្រូវបាន​គេ​ជឿថា​នៅ​ពីក្រោយ​ការបំបាត់​ខ្លួន និង​ការប្រហារជីវិត​ទាំងនេះ​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន នៅពេលដែល​កងកម្លាំង​ពិសេស​របស់​តា​លី​បង់​ដែល​គេ​ស្គាល់​ថា ​អង្គភាព​ក្រហម​បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​ពួកគេ​នៅ​ពាក់​កណ្ដាលយប់​ក្រោមលេស​ធ្វើការ​រឹបអូស​អាវុធ​។ អង្គភាព​ទាំងនេះ​បាន​ដឹកនាំ​ប្រតិបត្តិ​ការជោគជ័យ​បំផុត​របស់​តា​លី​បង់​ប្រឆាំងនឹង​កងកម្លាំង​អន្តរជាតិ និង​អតីត​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន ឆ្នាំ​ថ្មីៗ​នេះ​។​

​កាលពី​ខែកញ្ញា​អត្រា​នៃ​ការសម្លាប់​បាន​កើន​ឡើងដល់​កម្រិត​ដ៏​ខ្ពស់​មួយ​ដែល​ជំ​រុញឱ្យ​រដ្ឋមន្ត្រី​ការពារជាតិ​ស្ដីទី​របស់​តា​លី​បង់​លោក​ម៉ាឡាវី មហាម៉ាត់ យ៉ា​កុប ធ្វើការ​​ស្ដីបន្ទោស​បណ្ដា​មេបញ្ជាការ​ក្រោម​ឱវាទ​របស់លោក​៕