កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ូ​ហ្គ​ង់​ដា​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បើក​ការវាយប្រហារ​ផ្លូវអាកាស​រួមគ្នា​ជាមួយ​សា​ធារ​​ណ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ​(DRC) ​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លាម​កងកម្លាំង​ប្រជា​ធិបតេយ្យ​សម្ព័ន្ធមិត្ត​ (ADF)​ ដែល​បន្ត​ប្រតិប​ត្តិ​ការ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។​

​អាជ្ញាធរ​អ៊ូ​ហ្គ​ង់​ដា​កន្លងមក បានធ្វើការ​ស្តី​បន្ទោស​ក្រុម​សកម្មប្រយុទ្ធ​នេះ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​សម្លាប់​មនុស្ស​យ៉ាងតិច​៣​នាក់​កាលពី​ខែវិច្ឆិកា ក្នុង​រដ្ឋធានី​កំ​ប៉ា​ឡា​របស់ខ្លួន​។ ADF​ ក៏​រង​ការចោទប្រកាន់ថា បានធ្វើការ​វាយប្រហារ​ជាច្រើន​នៅ​ភាគ​ខាងកើត​នៃ​ DRC ​ផងដែរ​។​

​ក្រុម​ប្រដាប់អាវុធ ​ADF ដែល​សហរដ្ឋ​អា​​មេ​រិ​ក​ចាត់ទុកថា​ ជា​អង្គការ​ភេរវកម្ម ត្រូវបាន​គេ​ហៅថា​ជា​ក្រុម​ជីវពល​ប្រដាប់អាវុធ​ដ៏​សាហាវ​បំផុត ដែល​ធ្វើ​ប្រតិបត្តិការ​តាម​តំបន់​ភាគ​ខាងកើត​នៃ​ DRC​។ កាលពី​ខែសីហា រដ្ឋាភិបាល​កុង​ហ្គោ​យល់ព្រម​អនុញ្ញាតឱ្យ​កងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ក្រុម​នេះ​។​

​យោងតាម​ទិន្នន័យ​របស់​ព្រះវិហារ​កាតូលិក​កុង​ហ្គោ ក្រុម ADF បានសម្លាប់​ជន​ស៊ីវិល​ប្រហែល ​៦ ០០០ ​នាក់​ចាប់តាំងពី​ឆ្នាំ​ ២០១៣ មក​។ ក្រុម​អ្នកឃ្លាំមើល​សុវត្ថិភាព (KST) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​និយាយថា ក្រុម​នេះ​ទទួលខុសត្រូវ​លើ​ការ​​ស្លាប់​របស់​មនុស្ស​ជាង ១ ២០០ នាក់ ​រាប់​តែ​នៅក្នុង​តំបន់ ​Beni​ មួយ ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក​។​

​ក្រុម​ប្រដាប់អាវុធ ​ADF ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៥ ដោយ​ក្រុមចម្រុះ​នៃ​កងកម្លាំង​ឧទ្ទាម រួមទាំង​កងទ័ព​រំដោះ​​មូស្លីម​អ៊ូ​ហ្គ​ង់​ដា និង​កងទ័ព​ជាតិ​សម្រាប់​ការរំដោះ​អ៊ូ​ហ្គ​ង់​ដា (NALU) ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋបាលរ​បស់​លោក​ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា ​Yoweri Museveni​។ ក្រុម​នេះ​បោះជំរំ​ដំបូង​នៅ ភាគ​ខាងលិច​ប្រទេស​អ៊ូ​ហ្គ​ង់​ដា មុនពេល​ផ្លាស់​​ទី​ទៅ ​DRC និង​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ស៊ូដង់​។​

​អតីត​មេដឹកនាំ​ក្រុម​លោក​ Jamil Mukulu ​ដែល​ពីមុន​កាន់សាសនា​គ្រិស្ត និង​ក្រោយមក​ប្តូរ​ទៅកាន់​សាសនា​អ៊ិ​ស្លាម បានទទួល​យក​គោល​លទ្ធិ ​Salafism ដែលជា​និកាយ​មួយ​នៃ​អ៊ិ​ស្លាម​ស៊ុន​នី​ពេល​កំពុង​សិក្សា​នៅ​ប្រទេស​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត​។ ពេលដែល​លោក​ត្រឡប់​ទៅ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា ​លោក​ក៏​ចូលរួម​ជាមួយ​កងទ័ព​ NALU។​

​ពេល​មេដឹកនាំ​របស់​កងទ័ព​ NALU ស្លាប់​នៅ​ឆ្នាំ ​១៩៩៥ ​លោក Mukulu​ ចាត់ចែង​ក្រុម​ស្រដៀង​គ្នា​នេះ​រួម​ជាមួយនឹង​គោលដៅ​រួម​នៃ​ការបង្កើត​រដ្ឋ​អ៊ិ​ស្លាម និង​បង្កើត ADF​។ ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្លួន​ក្រុម​នេះ ជ្រើសរើស​កុមារ​រាប់រយ​នាក់​ដែល​ត្រូវបាន​ចាប់ពង្រត់​ឱ្យធ្វើជា​ទាហាន​កុមារ និង​បណ្តុះ​​បណ្តាលឱ្យ​ក្មេង​មួយចំនួន​ក្លាយជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​

​ជាច្រើន​ឆ្នាំ​ ADF ត្រូវបាន​រដ្ឋាភិបាល​សា​ធា​​រណ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​គាំទ្រ​ដោយមាន​បំណង​ចង់​បង្វែរ​ឥទ្ធិពល​របស់​អ៊ូ​ហ្គ​ង់​ដា និង​រ្វាន់​ដា ​នៅក្នុង​ប្រទេស​របស់ខ្លួន​។ ​ប៉ុន្តែ​នៅ​ឆ្នាំ ​២០១៣ ក្រុម​ប្រដាប់អាវុធ ​ADF ចាប់ផ្តើម​វាយប្រហារ​លើ​គោលដៅ​យោធា​កុង​ហ្គោ ដែលនាំឱ្យ​កងទ័ព​ប្រយុទ្ធ​តបត​វិញ​។ ក្រោយមក​លោក ​Mululu ​ក៏​ភៀសខ្លួន​ទៅ​ប្រទេស​តង់​សានី​ក្នុង​ឆ្នាំ ​២០១៥ ​ជា​កន្លែង​ដែល​លោក​ត្រូវបាន​ចាប់ខ្លួន​ហើយ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​កំណើត​របស់លោក​វិញ​ដើម្បី​កាត់ទោស​លើ​ការចោទប្រកាន់​ពីបទ​ភេរវកម្ម​។​

​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក្រុម ADF​ ត្រូវបាន​ភ្ជាប់​ទៅនឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម ​IS។ ប៉ុន្តែ​ក្រោយ​ការកាត់ទោស​លោក​ Mululu ​ចំនួន​អ្នក​ប្រយុទ្ធ​របស់ ​ADF ​បាន​ថយ​ចុះមក​ត្រឹម ​២០០-៣០០​​ នាក់​។ ​យ៉ាងណាមិញ​ចាប់តាំងពី​ឆ្នាំ​២០១៩ ADF ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ថ្មី​លោក Musa Baluku បានបង្ហាញ​តួអង្គ​អ៊ិ​ស្លាម​កាន់តែច្រើន​។​

​លោក ​Dino Mahtani អ្នកវិភាគ​នៅ​អង្គការ​វិបត្តិ​អន្តរជាតិ​និយាយថា​៖ «​ជាមួយនឹង​ទំនាក់ទំនង​ថ្មីៗ​បន្ថែមទៀត​នៃ​បក្ខពួក​សំខាន់​របស់ខ្លួន​ទៅនឹង​​ IS [​រដ្ឋ​អ៊ិ​ស្លាម​] ជនបរទេស​មួយចំនួន​មកពី​ទូទាំង​ទ្វីបអាហ្វ្រិ​ក​ខាងកើត​ដែលមាន​របៀបវារៈ​នៃ​ក្រុម​ជី​ហាដ​និយម​សកល​កាន់តែច្រើន​បាន​ចូលរួម​ជាមួយ​ក្រុម​នេះ​»​។​

​ក្នុង​ខែមេសា ឆ្នាំ​ ២០១៩ រដ្ឋ​អ៊ិ​ស្លាម​ចាប់ផ្តើម​អះអាង​ការវាយប្រហារ ​ADF មួយចំនួន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ហៅ​ក្រុម​នេះ​ថា ជា​សាខា​ក្នុង​តំបន់​របស់ខ្លួន គឺ​ខេត្ត​រដ្ឋ​អ៊ិ​ស្លាម​អ្រា​ហ្វិ​កណ្តាល (ISCAP) ដែល​លាតសន្ធឹង​ពី​សូ​ម៉ាលី​ទៅ​ប្រទេស ម៉ូ​ហ្សំ​ប៊ិក និង​កុង​ហ្គោ​៕

​​ហួន ឌី​ណា