លោក បុ​ង ហ្គោ (Bong​ Go) ដែលជា​សមាជិក​ព្រឹទ្ធសភា និង​ជំនិត​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូ​តឺ​តេ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ បានសម្រេច​ដកខ្លួន​ចេញពី​បេក្ខភាព​ប្រធានាធិបតី​នៃ​ការបោះឆ្នោតជាតិ​ខែឧសភា ឆ្នាំ​ ២០២២​។​

​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្រួសារ​របស់លោក​មិន​យល់ស្រប​នឹង​ការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នេះ​ទេ​។

«​ក្រុមគ្រួសារ​ខ្ញុំ​ក៏​មិន​ចង់​ដូចគ្នា​ដែរ ដូច្នេះហើយ​ខ្ញុំ​គិតថា ពេលនេះ​ប្រហែល​មិនមែនជា​ពេលវេលា​ស័ក្ដិសម​សម្រាប់​ខ្ញុំ​នោះទេ​។ មានតែ​ព្រះ​ទេ​ដែល​ដឹងថា ពេលណា​ជា​ពេល​ដ៏​ល្អ​សម្រាប់​ខ្ញុំ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សមាជិក​ព្រឹទ្ធសភា​រូបនេះ​។​

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​ក៏​មិន​ចង់ឱ្យ​លោក​ប្រធានាធិបតី ឌូ​តឺ​តេ ជាប់អន្ទាក់​នៅ​កណ្ដាលនោះទេ ព្រោះតែ​ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ចាត់ទុក​គាត់​ជា​ឪពុក​ ១​ រូប​។ គាត់​ចាស់​ហើយ ហើយ​គាត់​បានធ្វើ​ច្រើនណាស់​សម្រាប់​ប្រទេសជាតិ​។ ខ្ញុំ​មិន​ចង់​បន្ថែម​បញ្ហា​ទៅឱ្យ​គាត់​ទេ​។ ខ្ញុំ​នឹង​នៅតែ​ស្មោះ​នឹង​គាត់ ហើយនឹង​សច្ចា​បន្ត​នៅ​ជាមួយ​គាត់​ជា​រៀងរហូត​»​។

​បុរស​វ័យ ៤៧ ​ឆ្នាំ​រូបនេះ ជា​ជំនិត​របស់លោក ឌូ​តឺ​តេ យូរ​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ​ ១៩៩៨ ​មកម្ល៉េះ ដោយ​លោក ឌូ​តឺ​តេ កាលពី​នៅ​ធ្វើជា​ចៅហ្វាយក្រុង​ដា​វ៉ា​វ​នៅឡើយ បាន​ចាត់តាំង​លោក បុ​ង ហ្គោ ធ្វើជា​ជំនួយការ​ពិសេស​។ នៅពេលដែល​លោក ឌូ​តឺ​តេ ឡើងជា​ប្រធានាធិបតី​នៅ​ឆ្នាំ ​២០១៦ លោក បុ​ង ហ្គោ នៅ​បន្ត​តំ​​ណែ​ង​នេះ​ដដែល​រហូតដល់​ឆ្នាំ​ ២០១៨​។ ឆ្នាំ ២០១៨ លោក​ក៏​ឈរឈ្មោះ​ធ្វើជា​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែ​ទំនាក់ទំនង​ជិត​​ស្និទ្ធ​ជាមួយ​លោក ឌូ​តឺ​តេ នៅតែ​រក្សា​ដដែល​។

​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១​ នេះ នៅពេលដែល​លោក ឌូ​តឺ​តេ ប្រកាសថា​ លោក​នឹង​ឈរឈ្មោះ​ជា​អនុ​ប្រ​ធានា​​ធិបតី លោក បុ​ង ហ្គោ ខ្លួន​លោក​ផ្ទាល់​ក៏​សម្រេច​ទទួលយក​ការចាត់​តាំងរបស់​គណ​បក្ស​កាន់អំណាច PDP-Laban ​ក្នុងការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ផងដែរ​។​

​នៅពេលដែល លោក ឌូ​តឺ​តេ មិន​ចង់​ធ្វើជា​អនុ​ប្រធានាធិបតី​វិញ លោក បុ​ង ហ្គោ ក៏​សម្រេចចិត្ត​ដាក់ពាក្យ​ធ្វើជា​អនុ​​ប្រធានាធិបតី​សម្រាប់​គណបក្ស PDP-Laban ដោយមាន​អតីត​មេ​ប៉ូលិស និង​ជា​សម្ព័ន្ធមិត្ត​របស់លោក ឌូ​តឺ​តេ ឈរឈ្មោះ​ជា​ប្រធានាធិបតី​។

​ក្រោយមក នៅ​ខែវិច្ឆិកា​នេះ​លោក បុ​ង ហ្គោ ប្ដូរ​ចិត្ត​មួយ​សា​ទៀត​ដោយ​ចេញទៅ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៅ​គណ​​បក្ស​តូច​មួយ ដែល​ទើបតែ​បង្កើត​នៅ​ឆ្នាំ ​២០១៨​។ លោក​បាន​និយាយ​នៅពេលនោះ​ថា លោក​ធ្វើបែបនេះ​ដោយសារតែ​លោក​មិន​ចង់​ប្រជែង​នឹង​បេក្ខភាព​អនុ​ប្រធានាធិបតី​អ្នកស្រី សា​រ៉ា ឌូ​តឺ​តេ ដែលជា​កូនស្រី​ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន​នេះឯង​។

​លុះ​នៅ​សប្ដាហ៍​នេះ អតីត​ជំនួយការ​របស់លោក ឌូ​តឺ​តេ រូបនេះ​ក៏​ដកខ្លួន​ចេញពី​ការបោះឆ្នោត​ជ្រើសរើស​ប្រ​ធានា​​ធិបតី​តែម្ដង​។

​ការដកខ្លួន​របស់លោក បុ​ង ហ្គោ ធ្វើឱ្យ​អ្នកតាមដាន និង​អ្នកជំនាញ​នយោបាយ​ហ្វីលីពីន​យល់​ដូចៗ​គ្នា​ថា​ជា ការបើកផ្លូវ​ឱ្យ​បេក្ខភាព​ប្រធានាធិបតី លោក ហ្វើ​ឌី​ណង់ បុ​ង បុ​ង ម៉ា​កូ​ស ជូ​នៀ ដែលជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ​ហ្វីលីពីន ហ្វើ​ឌី​ណង់ ម៉ា​កូ​ស​។

​លោក Antonio La Vina សាស្ត្រាចារ្យ​ច្បាប់ និង​នយោបាយ​នៃ​សាកលវិទ្យាល័យ​អា​តេ​នី​អូ​ឌឺ​ម៉ា​នី​ឡា បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​នី​កេ​ថា ការចាកចេញ​របស់លោក បុ​ង ហ្គោ នឹងធ្វើ​ឱ្យ «​កម្លាំង​របស់​ ម៉ា​កូ​ស និង​ ឌូ​តឺ​តេ​ រួបរួមគ្នា​»​។

​កូនស្រី​របស់លោក ឌូ​តឺ​តេ សម្រេច​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​ កន្ល​ង​ទៅ​។ លោកស្រីបាន​ចាប់​ដៃគូ​ជាមួយ​បេក្ខភាព​ប្រធានាធិបតី លោក ម៉ា​កូ​ស​។​

​អតីត​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​លោក Antonio Trillanes បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា លោក ឌូ​តឺ​តេ ទំនងជា​ត្រូវរ៉ូវ​គ្នា​ជាមួយ លោក ម៉ា​កូ​ស ហើយ​ទើប​លោក បុ​ង ហ្គោ លែង​ឈរ​ជា​ប្រធានាធិបតី​បន្តទៀត​។

«​ខ្ញុំ​ជឿជាក់ថា ការដកខ្លួន​របស់លោក ហ្គោ នេះ អាច​បង្ហាញ​ពី​ការផ្ដល់​សម្បទាន​គ្នា​ទៅវិញទៅមក​រវាង​បក្ខ​ពួកលោក បុ​ង​បុ​ង ម៉ា​កូ​ស និង​លោក ឌូ​តឺ​តេ​។ សម្បទាន​នេះ គឺ​ការការពារ [​លោក ឌូ​តឺ​តេ​] ពី​ការកាត់ទោស​នានា ដោយ​រាប់បញ្ចូល​ទាំង​តុលាការ​ព្រហ្មទណ្ឌ ICC ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Trillanes​។

​ក្នុង​ជំនាន់​លោក​ ឌូ​តឺ​តេ មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ ដែល​បណ្ដាលឱ្យ​មនុស្ស​រាប់ពាន់​បាន​បាត់បង់​ជីវិត ដោយ​មិន​ឆ្លងកាត់​តាមផ្លូវ​​តុលាការ​។ ជាមួយនឹង​ករណី​នេះដែ​រ​កន្លងមក តុលាការ ICC បានប្រកាស​ធ្វើការ​ស៊ើបអង្កេត​លើ​រឿងនេះ តែ​ក្រោយមក​ក៏បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​៕

​ហ៊ីម រដ្ឋា​