រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ​បាន​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​ប្រឆាំង​នឹង​លោកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សា​រដ្ឋ​និង​លោក​ វីន ម្យីន អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ពី​បទល្មើស​ពុក​រលួយ​។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ MRTV ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ក្នុង​បទ​ល្មើស​ថ្មី​នេះ ខាង​អាជ្ញាធរ​យោធា​ចោទ​អ្នក​នយោបាយ​ស៊ីវិល​ទាំង ​២ រូប​​​នេះថា រំលោភ​អំណាច​របស់​ខ្លួន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​​ជួល​និង​ទិញ​ឧទ្ធម្ភាគចក្រ ដោយ​មិន​សមស្រប​តាម​បទ​ប្ប​ញ្ញត្តិ​ហិរញ្ញវត្ថុ​របស់​រដ្ឋ។

លោក​ស្រី អ៊ុងសាន ស៊ូជី រងការ​ប្តឹង​ជា​ច្រើន​មក​ហើយ​ក្រោយ​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ខែ​កុម្ភៈ​ កន្លង​ទៅ ដោយ​បទ​ល្មើស​ទាំង​នោះ​រាប់​ចាប់​តាំង​ពី​បទ​ល្មើស​នឹង​វិន័យ​ជំងឺ​កូវីដ ១៩ និង​ការ​ញុះញង់​បង្ក​ចលាចល​សាធារណៈ។ ទោះ​ជាយ៉ាងណាក៏ដោយ លោក​ស្រីបាន​បដិសេធ​មិន​យល់​ព្រម​ទទួល​ទោស​ទាំង​អស់​។

ទាំង​ខាង​យោធា និង​ខាង​មេធាវី​របស់​លោក​ស្រី ស៊ូជី មិន​ទាន់​បកស្រាយ​អំពី​ករណី​នេះ​លម្អិត​នោះ​ទេ៕

ហ៊ីម រដ្ឋា