កាល​ពី​ថ្ងៃ​អង្គារ ទី​ ៣០ វិច្ឆិកា​ តម្លៃ​ភាគហ៊ុន​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សូចនាករ​ទីផ្សារ​ភាគ​ហ៊ុន​ Dow Jones Industrial Average បាន​ធ្លាក់​ចុះ​ជាង​ ៦៥០ ពិន្ទុ ខណៈ​ពេល​ដែល​វិនិយោគិន​ កំពុង​ថ្លឹងថ្លែង​អំពី​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ដែល​អាច​បង្ក​ដោយ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​បំប្លែង​​ថ្មី​ «អូមីក្រុង»​។

នៅ​ក្នុង​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ធនាគារ​របស់​ព្រឹទ្ធសភា​អាមេរិក ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្ដាល​អាមេរិក​លោក ​ជេរ៉ូម ប៉ូវែល ​បាន​និយាយ​ថា​៖ «ការ​កើន​ឡើង​តម្លៃ​បាន​រីក​រាលដាល​កាន់​តែ​ទូលំ​ទូលាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​នៅ​ទូទាំង​សេដ្ឋកិច្ច ហើយ​ខ្ញុំ​គិត​ថា ​ហានិភ័យ​នៃ​អតិផរណា​ខ្ពស់​បាន​កើន​ឡើង​»​។

លោក ​ប៉ូវែល​ បាន​ព្រមាន​ថា ​ការ​ព្រួយ​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា រួម​ទាំងបំប្លែង​ ​អូមីក្រុង​ អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ត្រឡប់​ទៅ​រក​ការងារ​ដោយ​ផ្ទាល់​វិញ​។ នោះ​អាច​ពន្យឺត​ការ​ងើប​ឡើង​វិញ​នៃ​ទីផ្សារ​ការងារ និង​អូស​បន្លាយ​ការ​រាំង​ស្ទះ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ដែល​បាន​រួម​ចំណែក​ដល់​ការ​កើន​អតិផរណា​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង ៣ ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ លោក​និយាយ​ថា ​អត្រា​អតិផរណា​ខ្ពស់​ទំនង​នឹង​បន្ត​ចូល​ទៅ​ឆ្នាំ​ក្រោយ​ទៀត​។

ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្ដាល​អាមេរិក​នឹង​ជួប​ប្រជុំ​នៅ​រយៈ​ពេល​ ២ សប្ដាហ៍​ខាង​មុខ​ ដើម្បី​ពិភាក្សា​វិធានការ​បន្ទាប់​ដើម្បី​ជួយ​កាត់​បន្ថយ​អតិផរណា​។ លោក ​ប៉ូវែល​ នៅ​ពេល​នោះ​គេ​អាច​មាន​ព័ត៌មាន​បន្ថែម​អំពី​ផល​ប៉ះពាល់​សុខភាព​នៃ​វីរុសបំប្លែង​​អូមីក្រុង​ ហើយ​ថា​តើ​វ៉ាក់សាំង​នឹង​បន្ត​ប្រសិទ្ធភាព​ដែរ​ឬ​ទេ​៕