កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ គណៈកម្មការ​អឺរ៉ុបបានបង្ហាញ​ផែនការ​វិនិយោគ​ប្រាក់ ៣០០ ពាន់​លាន​អឺរ៉ូ (​ប្រមាណ ៣៤០ ពាន់​លាន​ដុល្លារ​) ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និង​អាកាសធាតុ​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​។​

​គម្រោង​ច្រកទ្វារ​សកល ​(Global Gateway) គឺធ្វើឡើង​ដើម្បី​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​អឺរ៉ុប ជំរុញ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​ដោយ​ផ្ដោតលើ​ផ្នែក​ឌីជីថល សុខភាព អាកាសធាតុ​ ថា​ម​​ពល និង​វិស័យ​ដឹកជញ្ជូន ព្រមទាំង​វិស័យ​អប់រំ និង​ស្រាវជ្រាវ​។​

​ប្រទេស​ចិន​ បានចាប់ផ្ដើម​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់ខ្លួន​កាលពី​ឆ្នាំ ​២០១៣ ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ពិភពលោក ហើយ​កំពុង​ចំណាយ​យ៉ាងច្រើន​លើ​កិច្ច​អភិ​​វឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​រាប់សិប​ជុំវិញ​ពិភព​លោក​។​

​សហភាព​អឺរ៉ុប​ចាត់ទុក​ការផ្ដល់​ហិរញ្ញប្បទាន​របស់​ប្រទេស​ចិន​ថា ​មិនមាន​អំណោយផល មិនមាន​តម្លាភាព និង​ធ្វើឱ្យ​ប្រទេស​ក្រីក្រ ជាពិសេស​នៅ​ទ្វីបអាហ្វ្រិ​កកាន់​​តែ​ពឹង​ផ្អែកលើ​ប្រទេស​ចិន​​ តាមរយៈ​ការ​ជំពាក់​បំណុល​។​

​សហភាព​អឺរ៉ុប​និយាយថា ពួក​គេ​នឹង​ធានាថា សហគមន៍​មូលដ្ឋាន​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ហើយនឹង​នាំយកមក​ជាមួយ​ផងដែរ​នូវ​វិស័យ​ឯកជន​ដែល​ការចូលរួម​របស់​សហ​ភាព​អឺរ៉ុប​មានន័យថា​ ការ​វិ​និ​​យោគ​មិនសូវមាន​ហានិភ័យ​។​

​ថវិកា​របស់​សហភាព​អឺរ៉ុប​ក្នុង​ទម្រង់​ជា​ជំនួយ កម្ចី និង​ការធានា នឹង​មកពី​ស្ថាប័ន​នានា​របស់​សហ​ភាព​អឺរ៉ុប រដ្ឋាភិបាល​សមាជិក​ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប និង​ធនាគារ​អភិវឌ្ឍន៍​របស់​សមាជិក​។

​គណៈកម្មការ​នេះ​បាន​និយាយថា ប្រាក់​ទាំងនោះ​ត្រូវបាន​ផ្តល់ជូន «​ក្រោម​លក្ខខណ្ឌ​ត្រឹមត្រូវ និង​អំណោយផល​» ដើម្បី​កុំឱ្យ​រដ្ឋាភិបាល​ប្រទេស​ទី​៣​ មាន​បញ្ហា​បំណុល​៕