វ៉ាស៊ីនតោន: ប្រភព ២ ដែលដឹងពីបញ្ហានិយាយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាភិបាលធនាគារពិភពលោកគាំទ្រការផ្ទេរប្រាក់ចំនួន ២៨០ លានដុល្លារ ពីមូលនិធិមូលធនអាណត្តិព្យាបាលអាហ្វហ្គានីស្ថាន (ARTF) ដែលត្រូវបានបង្កកទៅឱ្យទីភ្នាក់ងារជំនួយចំនួន ២ ដើម្បីជួយប្រទេសនេះ ទប់ទល់នឹងវិបត្តិមនុស្សធម៌បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រភពនិយាយថា ម្ចាស់ជំនួយចំនួន ៣១ នៃ ARTF ដែលគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ត្រូវតែយល់ព្រមលើការផ្ទេរនេះមុនពេលដែលថវិកាអាចយកទៅប្រើប្រាស់សម្រាប់កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការយូនីសេហ្វ។ ប្រភពដដែលថា ម្ចាស់ជំនួយត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាភិបាលធនាគារពិភពលោកជួបប្រជុំគ្នាក្រៅផ្លូវការដើម្បីពិភាក្សាអំពីការផ្ទេរប្រាក់រហូតដល់ ៥០០ លានដុល្លារ នៃប្រាក់ ១,៥ ប៊ីលានដុល្លារ នៅក្នុងមូលនិធិ ARTF ទៅកាន់ទីភ្នាក់ងារជំនួយមនុស្សធម៌។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រដោយស្រង់សម្ដីប្រភពជាអនាមិកដូចគ្នា។
ប្រទេសអាហ្វហ្គានីស្ថាន មានអត្រាប្រជាពលរដ្ឋជិត ៣៩ លាននាក់ ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច កង្វះខាតស្បៀងអាហារនៅរដូវរងា និងកំណើននៃភាពក្រីក្រ ៣ ខែបន្ទាប់ពីពួកតាលីបង់ចូលកាន់អំណាច ក្រោយពេលកងទ័ពអាមេរិកដកខ្លួនចេញបន្ទាប់ពីធ្វើសង្គ្រាម អស់រយៈពេល ២០ ឆ្នាំក្នុងប្រទេសនេះ។
អ្នកជំនាញអាហ្វហ្គានីស្ថាននិយាយថា ជំនួយនេះនឹងជួយ ប៉ុន្តែសំណួរធំៗនៅតែមានរួមទាំងរបៀបយកមូលនិធិទៅប្រទេសអាហ្វហ្គានីស្ថានដោយ មិនបង្ហាញពីស្ថាប័នហិរញ្ញវត្ថុណាមួយដែលពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ខណៈពេលដែលរតនាគារសហរដ្ឋអាមេរិកផ្តល់លិខិតខ្ចីប្រាក់ដែលធានាដល់ធនាគារថា ពួកគេអាចដំណើរការប្រតិបត្តិការមនុស្សធម៌ ការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅតែបន្តរារាំងការឆ្លងកាត់ការផ្គត់ផ្គង់មូលដ្ឋាន រួមទាំងអាហារ និងថ្នាំពេទ្យ។
ការសម្រេចចិត្តណាមួយដើម្បីប្តូរទិសដៅនៃប្រាក់របស់មូលនិធិ ARTF តម្រូវឱ្យមានការយល់ព្រមពីម្ចាស់ជំនួយទាំងអស់របស់ខ្លួន ដែលសហរដ្ឋអាមេរិកក្លាយជាប្រទេសធំបំផុត។
សេតវិមាន និងរតនាគារមិនមានការអត្ថាធិប្បាយភ្លាមៗលើការយល់ព្រមរបស់ក្រុមប្រឹក្សាភិបាលធនាគារពិភពលោកក្នុងការផ្ទេរមូលនិធិទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការយូនី-សេហ្វនោះទេ។
យ៉ាងណាមិញ អ្នកនាំពាក្យធនាគារពិភពលោកបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ធនាគារបានពិភាក្សាអំពីបញ្ហានេះហើយថា ម្ចាស់ជំនួយនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ទី ៣ ខែធ្នូនេះ។
អ្នកនាំពាក្យដដែលនិយាយជាអនាមិកថា ក្រុមប្រឹក្សាភិបាលបានពិភាក្សាអំពីវិធី សាស្ត្រក្នុងការផ្ទេរមូលនិធិពី ARTF ដល់ទីភ្នាក់ងារជំនួយមនុស្សធម៌ ដែលមានវត្តមាន និងការដឹកជញ្ជូនដើម្បីផ្តល់លទ្ធភាពឱ្យជំនួយមនុស្សធម៌ជាមូលដ្ឋានដោយផ្ទាល់ដល់ប្រជាជនក្នុងប្រទេស។
កាលពីពុធ ក្រុមតាលីបង់បន្តការអំពាវនាវរបស់ខ្លួនឱ្យសហរដ្ឋអាមេរិកបញ្ចេញមូលនិធិដែលជាប់គាំងរាប់ពាន់លានដុល្លារបន្ទាប់ពីកិច្ចចរចារយៈពេល ២ ថ្ងៃ នៅទីក្រុងដូហា ប្រទេសកាតា។ អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោកAbdul QaharBalkhi សរសេរនៅលើបណ្ដាញ សង្គមធ្វីធើរថា៖ «គណៈប្រតិភូអាហ្វហ្គានីស្ថានធានាសន្តិសុខដល់ភាគីអាមេរិក ហើយជំរុញឱ្យលុយដែលជាប់គាំងរបស់អាហ្វហ្គានីស្ថានគួរតែត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ និងបញ្ជីខ្មៅ និងទណ្ឌកម្មត្រូវតែបញ្ចប់ ហើយបញ្ហាមនុស្សត្រូវកាត់ចេញពីផ្នែកនយោបាយ»។
ក្រុងវ៉ាស៊ីនតោនរឹបអូសទ្រព្យសម្បត្តិជិត ៩,៥ ប៊ីលានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន។ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកក៏ផ្អាកសកម្មភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ផងដែរ ដោយកាត់ទុកជំនួយក៏ដូចជាទុនបម្រុងថ្មីចំនួន ៣៤០ លានដុល្លារ។
របាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃពុធនិយាយថា អាហ្វហ្គានីស្ថាន និងប្រជាជនរបស់ខ្លួនបានទទួលរងនូវការភ្ញាក់ផ្អើលសារពើពន្ធ ដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីពួកតាលីបង់ចូលកាន់កាប់ និងការសម្រេចចិត្តរបស់សហគមន៍អន្តរជាតិក្នុងការដកជំនួយមនុស្សធម៌រាប់ពាន់លាន។
របាយការណ៍ព្យាករពីការធ្លាក់ចុះសេដ្ឋកិច្ចប្រហែល ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុង ១ ឆ្នាំ ដែលអាចឈានដល់ធ្លាក់ចុះ ៣០ ភាគរយនៅឆ្នាំបន្ទាប់។
អស់ជាច្រើនទស្សវត្សរ៍មកនេះ សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបំផ្លាញដោយសង្គ្រាម និងគ្រោះរាំងស្ងួត។ ជំនួយអន្តរ-ជាតិតំណាងឱ្យ ៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនិងហិរញ្ញប្បទាន ៨០ ភាគរយនៃថវិកាជាតិរបស់ខ្លួន។
សេដ្ឋកិច្ចអាហ្វហ្គានីស្ថានកំពុងធ្លាក់ចុះ ហើយភាពអត់ការងារធ្វើក៏កើនឡើង។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជនអាហ្វហ្គានីស្ថានចំនួន ២៣ លាននាក់ ច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនរងការគំរាមកំហែងដោយទុរ្ភិក្សក្នុងរដូវរងានេះ។
របាយការណ៍របស់អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប៉ាន់ប្រមាណថា ជំនួយសង្គ្រោះបន្ទាន់ចំនួន ២ ប៊ីលានដុល្លារ គឺត្រូវការជាចាំបាច់ដើម្បីនាំប្រជាជនទាំងមូលចេញពីបន្ទាត់នៃភាពក្រីក្រវិញ និយាយថា៖ «អាហ្វហ្គានីស្ថានស្ថិតក្នុងវិបត្តិមនុស្សធម៌ និងការអភិវឌ្ឍ ដែលកាន់តែធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ដើម្បីជួយសង្គ្រោះជីវិត»៕
ហួន ឌីណា