កាលពីថ្ងៃពុធកន្លងទៅ អ៊ីរ៉ង់ព្យាយាមបង្កើនសម្ពាធលើលោកខាងលិចក្នុងការចរចាថ្ងៃទី ៣ នៅទីក្រុងវីយ៉ែន ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំទី ៥ ដោយបង្កើនដំណើរការម៉ាស៊ីនបន្សុទ្ធ អ៊ុយរ៉ានីញ៉ូមជំនាន់ថ្មី។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) រាយការណ៍កាលពីថ្ងៃពុធថា អ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការបន្សុទ្ធសារធាតុអ៊ុយរ៉ានីញ៉ូមភាពបរិសុទ្ធរហូតដល់ ២០ ភាគរយ ដោយប្រើប្រាស់ចង្កោមម៉ាស៊ីន IR-6 ចំនួន ១៦៦ គ្រឿងនៅរោងចក្របន្សុទ្ធមួយនៅខេត្តកុមភាគខាងត្បូងរដ្ឋធានីតេអេរ៉ង់។ ម៉ាស៊ីន IR-6 គឺមានទិន្នផលខ្ពស់ជាងម៉ាស៊ីនជំនាន់ទី១ IR-1 ជាច្រើនដង។
បេសកកម្មការទូតអ៊ីរ៉ង់ទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិនៅក្រុងវីយ៉ែន បានសរសេរលើបណ្ដាញ Twitter ថា៖ «របាយការណ៍ថ្មីៗរបស់ IAEA ស្តីពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាការរាយការណ៍ធម្មតា ស្របតាមការផ្ទៀងផ្ទាត់ជាប្រចាំនៅក្នុងប្រទេសអ៊ីរ៉ង់។
ប៉ុន្តែអគ្គនាយក IAEA លោក រ៉ាហ្វាអែល ហ្គ្រោស៊ី បាននិយាយថា លោកបានមើលការអភិវឌ្ឍដោយក្ដីបារម្ភ។ លោកនិយាយថា៖ «នេះបង្កើនការដាស់តឿន។ នេះគឺមិនមែនជារឿងដដែលទេ។ អ៊ីរ៉ង់អាចធ្វើបាន ប៉ុន្តែប្រសិនបើអ្នកមានមហិច្ឆតាបែបនេះ អ្នកត្រូវតែទទួលយកការត្រួតពិនិត្យ។ វាចាំបាច់»។
ជាចម្លើយមួយទៅនឹងសំណួរថា តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរប៉ុនណា កិច្ចព្រមព្រៀងបានហាមឃាត់មិនឱ្យអ៊ីរ៉ង់ធ្វើការបន្សុទ្ធនៅរោងចក្រខាងលើនេះទេ។ បន្ថែមពីលើនេះទៅទៀត ការបន្សុទ្ធដល់កម្រិត ២០ ភាគរយគឺជាជំហានដ៏ធំមួយក្នុងការឈានទៅរកការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធថាខ្លួនគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរទេ។
មានការរាយការណ៍កាលពីចុងសប្ដាហ៍មុនថា នៅរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះប្រទេសអ៊ីស្រាអែលបានចែករំលែកព័ត៌មានចារកម្មជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច ដែលលើកឡើងថា អ៊ីរ៉ង់កំពុងត្រៀមធ្វើការបន្សុទ្ធរហូតទៅដល់កម្រិត ៩០ ភាគរយ ដែលជាគុណភាពគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរទិន្នផលខ្ពស់។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក យ៉ារ ឡាពីដ បានចេញសេចក្ដីថ្លែងការណ៍រួមមួយចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា កំពុងពន្យារពេលការចរចាដើម្បីអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយបានជំរុញឱ្យមេដឹកនាំលោកខាងលិចរកវិធីសាស្ត្រផ្សេង។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកសាអ៊ីដ កាទីបហ្សាដេស បានចោទប្រកាន់អ៊ីស្រាអែលថាកំពុងបំពុលការចរចានៅក្រុងវីយ៉ែន។
លោកនិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ «របបអ៊ីស្រាអែលដែលអត្ថិភាពរបស់ខ្លួនពឹងផ្អែកលើភាពតានតឹង គឺកំពុងចែកចាយការកុហកដើម្បីបំពុលការចរចាក្រុងវីយ៉ែន។ គ្រប់ភាគីនៅក្នុងបន្ទប់ឥឡូវនេះ ប្រឈមមុខនឹងការសាកល្បងនៃឯករាជភាព និងឆន្ទៈនយោបាយរបស់ពួកគេដើម្បីអនុវត្តការងារដោយមិនគិតពីព័ត៌មានក្លែងក្លាយ បានរចនាឡើងដើម្បីបំផ្លាញការរំពឹងទុកសម្រាប់ភាពជោគជ័យ»៕