ចំនួន​ករណី​កូវីដ ១៩ ​ប្រចាំ​ថ្ងៃ​ នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង​ កើន​ឡើង​ជិត​ ៤ ​ដង​ក្នុង​រយៈ​ពេល ​៤ ​ថ្ងៃ​ ដោយ​មាន​ការ​ព្រួយបារម្ភ​ថា​ ការ​កើន​ឡើង​យ៉ាង​ខ្លាំង​មួយនេះ​​​ ​ ដោយ​សារវីរុស​កូរ៉ូណា​បំប្លែង​​ថ្មី​អូមីក្រុង​ ដែល​គេ​សង្ស័យ​ថា ​ងាយ​ចម្លង​ជាង​វីរុសកូវីដ​​បំប្លែង​​ផ្សេងៗ​​ទៀត​។

កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​ វិទ្យាស្ថាន​ជាតិ​សម្រាប់​ជំងឺឆ្លង (NICD) របស់​ប្រទេស​អាហ្វ្រិកខាងត្បូង​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ ចំនួន ​១៦ ០៥៥ ករណី​ កើន​ពី​​ ៤ ៣៧៣ ករណី​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នោះ​។ ទិន្នន័យ​កាល​ពី​ថ្ងៃ​សុក្រ ​បាន​ធ្វើ​ឱ្យ​ចំនួន​ករណី​សរុប​នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង ​កើន​ដល់​ចំណុច​ ៣លាន​ករណី​។

NICD ក៏​បាន​បង្ហាញ​ថា​ករណី​ថ្មី​មួយ​ចំនួន​ គឺ​ជា​ករណី​អ្នក​ជំងឺ​ធ្លាប់​ឆ្លង​ជំងឺ​កូវីដ ១៩​ ដែល​មាន​ភាព​ស៊ាំ​នឹង​វីរុស​បំប្លែង​​ផ្សេង​ទៀត​ដូចជា​ ដែលតា និង​បេតា​ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ឆ្លង​វីរុស​បំប្លែង​​អូមីក្រុង​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា​ករណី​ទាំង​នេះ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ​។

ខណៈ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​កើន​ឡើង​ ចំនួន​ករណី​ស្លាប់​ហាក់​បី​ដូចជា​មាន​ស្ថិរភាព​ ដោយ​កាល​ពី​ថ្ងៃ​សុក្រ​ NICD បាន​រាយការណ៍​ករណី​ស្លាប់​ចំនួន​ ២៥​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ដាក់​ពង្រាយ​ក្រុម​អន្តរាគមន៍​ទៅ​កាន់​ខេត្ត​ Gauteng​ របស់​ប្រទេស​នេះ ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​បំ​ប្លែងអូមីក្រុង​ ដើម្បី​ធ្វើ​ការ​សិក្សា ឃ្លាំមើល និង​តាម​ដាន​ទំនាក់ទំនង​៕